កីឡាជាតិ
ជាតិ
CPL 2022៖ ព្រះខ័នរាជស្វាយរៀងបន្តឈ្នះ រីឯអង្គរថាយហ្គឺរសាងភាពភ្ញាក់ផ្អើល
21, Mar 2022 , 2:37 pm        
រូបភាព
៣ប្រកួតឈ្នះទាំង៣ប្រកួត។ នេះជាការ​ចាប់ផ្តើម​ដ៏ល្អ​របស់​ព្រះខ័នរាជ​ស្វាយរៀង​នា​រដូវកាលថ្មីនៃក្របខណ្ឌខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២។ កាលពី​ថ្ងៃសៅរ៍ ក្រុមជើងឯករងឆ្នាំចាស់មួយនេះ បានយកឈ្នះបឹងកេត ៤-០ ដើម្បី​បន្តឈរ​លើ​កំពូលតារាង។

 
នាការប្រកួតសប្តាហ៍ទីបីនៅកីឡដ្ឋាន​ខេត្តស្វាយរៀង ខ្សែបម្រើ​កាមេរូន Emmanuel Mbarga រកបានគ្រាប់បាល់បញ្ចូលទីនៅតង់ទីមួយ ហើយ​ឈាន​ដល់​តង់ទីពីរ ខ្សែប្រយុទ្ធកាណាដា Marcus Haber រកបាន​២គ្រាប់ និង​ខ្សែបម្រើ​ជប៉ុន Takashi Odawara បន្ថែម១គ្រាប់ ដែលនាំឲ្យម្ចាស់ផ្ទះស្វាយរៀង ឈ្នះ​បឹងកេត ៤-០។


 
នៅកីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ គ្រាប់បាល់ចូលទីខ្លួនឯង​នៅនាទី​១៧​របស់ ណារ៉ុង កក្កដា ជាគ្រាប់បាល់​តែមួយគត់ដែលនាំឲ្យភ្ញៀវណាហ្គាវើលស៍ ឈ្នះ​កងយោធពលខេមរភូមិន្ទ ១-០ ស្របពេល​ដែល វិសាខា ឈ្នះ គិរីវង់​សុខសែនជ័យ ៥-០ នៅកីឡដ្ឋានព្រីនស៍។ គ្រាប់បាល់បញ្ចូលទីដំបូង ជាគ្រាប់ Own Goal របស់ ទូច ម៉ាណាន់ រីឯ៤គ្រាប់ទៀតសម្រេចបានដោយ ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Lee Jae-Gun, ខ្សែការពារ កែន ច័ន្ទសុភ័ក្ត្រ, ខ្សែការពារអាហ្វ្រិកខាងត្បូង Khan Mohammed Faeez និងខ្សែបម្រើប្រេស៊ីល Marcos Vinícius។
 
នៅកីឡដ្ឋានហនុមាន ក្នុង​ខេត្តសៀមរាបឯណោះវិញ ម្ចាស់ការពារជើងឯកភ្នំពេញក្រោន​រងនូវការ​ខកចិត្ត ដោយចាញ់អង្គរថាយហ្គឺរ​ ៤-២។ ត្រឹម​៣នាទីដំបូង ខ្សែប្រយុទ្ធអាហ្វហ្គានីស្ថាន Fareed Sadat បានស៊ុតបាល់បញ្ចូលទីនាំមុខសម្រាប់ភ្នំពេញក្រោន ប៉ុន្តែ​២០នាទីក្រោយមក ខ្សែការពារ នូ ចេនមករា វាយបក​តាមស្មើសម្រាប់អង្គរថាយហ្គឺរ។
 
៣នាទីដំបូងនៅតង់ទីពីរ ខ្សែបម្រើកូឡុំប៊ី Andres Nieto បានស៊ុត​បាល់បញ្ចូលទីនាំមុខ​សារជាថ្មី​សម្រាប់ភ្នំពេញក្រោន ប៉ុន្តែ​អង្គរថាយហ្គឺ​រ​រក​បាន​៣គ្រាប់​វាយ​បក​វិញ ដែលជាការសម្រេចជាបន្តបន្ទាប់ដោយ ខ្សែប្រយុទ្ធប្រេស៊ីល Gabriel Silva, ខ្សែប្រយុទ្ធអៀរឡង់ Jozsef Keaveny និងខ្សែប្រយុទ្ធសុវណ្ណ ដូណា នៅម៉ោង​បន្ថែម។
 
ឈានដល់សប្តាហ៍ទី៣នេះ ព្រះខ័នរាជស្វាយរៀង បន្តឈរលើកំពូលតារាងដោយមាន​៩ពិន្ទុ តាមពីក្រោយដោយណាហ្គាវើលស៍ និង​វិសាខា ដែលមាន​៦ពិន្ទុដូចគ្នា។ អង្គរថាយហ្គឺរ និងកងយោធពល​ខេមរភូមិន្ទ មាន​៤ពិន្ទុរៀងៗខ្លួន បឹងកេត មាន៣ពិន្ទុ ខណៈភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ មានត្រឹម​១ពិន្ទុប៉ុណ្ណោះ។
 
លីគ២៖ សូលទីអង្គរ និងសៀមរាបអែហ្វស៊ី បន្តចាញ់
ឈាន​ដល់សប្តាហ៍ទី​៣ នៃក្របខណ្ឌ​ខេមបូឌានលីគ២ កាលពីថ្ងៃអាទិត្យ​ ក្រុមដែលមានមូលដ្ឋាននៅ​ខេត្ត​សៀមរាបទាំងពីរ បន្ត​រងបរាជ័យ​៣ប្រកួតជាប់គ្នា។ សូលទីឡូអង្គរ ចាញ់ម្ចាស់ផ្ទះ ព្រៃវែងអេហ្វស៊ី ៣-១ ខណៈសៀមរាប ចាញ់ម្ចាស់ផ្ទះកោះកុង ២-១។
 
អគ្គិសនី​កម្ពុជា និងនគរបាលជាតិ បាន​បញ្ចប់ការប្រកួតដោយគ្មាន​ការស៊ុតបាល់បញ្ចូលទីកាលពីថ្ងៃពុធ រីឯអាស៊ីអឺរ៉ុបយូណាយធីត ស៊ី អាយ អេស អាយ ដង្កោសែនជ័យ ៣-១, បន្ទាយមានជ័យ​អែហ្វស៊ី ឈ្នះ ភ្ញៀវ ណិចស្តិបអេហ្វស៊ី ២-១ ស្របពេល​ដែលសាលាបាល់ទាត់ជាតិ ឈ្នះ ខេត្តត្បូងឃ្មុំ រហូតដល់ទៅ ៤-០។
 
សម្រាប់លីគ២នេះ អគ្គិសនីកម្ពុជា, នគរបាលជាតិ និងកោះកុង មាន​៧ពិន្ទុ​ដូចគ្នា, អាស៊ីអឺរ៉ុប, ដង្កោសែនជ័យ  និងព្រៃវែងមាន៣ពិន្ទុរៀងៗខ្លួន, សាលាបាល់ទាត់ជាតិ, ណិចស្តិប, និងត្បូងឃ្មុំ មាន​៣ពិន្ទុ ខណៈ សូលទីឡូអង្គរ និងសៀមរាប មិនទាន់មានពិន្ទុរាប់ឡើយ៕
 

Tag:
 CPL2022
© រក្សាសិទ្ធិដោយ thmeythmey.com