ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ស្នើឲ្យវៀតណាម បញ្ជូនសាស្រ្តាចារ្យយោធា មកបង្ហាត់យោធាកម្ពុជា
21, Mar 2022 , 5:29 pm        
រូបភាព
ជំនួបរវាងសម្តេច ទៀ បាញ់ (ស្តាំដៃ) និង លោក ង្វៀន តាន គឿង នៅទីស្តីការក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
ជំនួបរវាងសម្តេច ទៀ បាញ់ (ស្តាំដៃ) និង លោក ង្វៀន តាន គឿង នៅទីស្តីការក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានដាក់សំណើ២ចំណុចក្នុងវិស័យយោធា ទៅកាន់ភាគីវៀតណាម គឺទី១ បន្តទទួលយកយោធាកម្ពុជា ទៅបណ្តុះបណ្តាលនៅវៀតណាម និងទី២ បញ្ជូនសាស្រ្តាចារ្យយោធាវៀតណាម មកជួយបង្ហាត់យោធាកម្ពុជា ដល់ប្រទេសកម្ពុជា។ សំណើរបស់សម្តេច ធ្វើឡើងក្នុងជំនួបផ្ទាល់មុខ ជាមួយលោក ​ង្វៀង​ តាន់ ​គឿង ​(Nguyen ​Tan ​Cuong) ​អនុរដ្ឋ​មន្តី​ក្រសួង​ការ​ពារជាតិវៀត​ណាម នៅទីស្តីការក្រសួងការពារជាតិកម្ពុជា ​កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

 
 
ក្រៅពីស្នើវៀតណាមឲ្យជួយលើការបណ្តុះបណ្តាលយោធា សម្តេច ទៀ បាញ់ បានស្នើឲ្យភាគីកម្ពុជា-វៀតណាម ពង្រឹង​កិច្ច​សហប្រតិបត្តិការរវា​ងយោធាប្រទេសទាំង២​។ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ថែមទាំងស្នើឲ្យពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​លំហាត់​សម​យុទ្ធ​រួម​គ្នារវាងកម្ពុជា-វៀតណាម​ ស្ដី​ពី​ការ​ប្រឆាំងអំ​ពើ​ភេរ​វកម្ម​ ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ការ​ជួញ​ដូរ​គ្រឿង​ញៀន ​និង​ ការ​សង្គ្រោះ​ប្រជាជនពេលមានគ្រោះ​មហន្តរាយ ជាដើម។ 
 
លោក ង្វៀង ​តាន់ គឿង លើកឡើងថា ​កម្ពុជា​ និង​វៀត​ណាម ​នៅ​តែ​មាន​ប្រពៃណី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រហូត​។ លោក បន្ថែមថា ក្រសួង​ការ​ពារ​ជាតិ​នៃ​ប្រទេស​ទាំង​២​ នឹង​បន្ត​អនុវត្ត​អនុស្សា​រណៈ​ ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ។ 
 
សូមបញ្ជាក់ថា មុនចូលជួបសម្តេច ទៀ បាញ់ លោក ង្វៀង ​តាន់ គឿង បានចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៕ 
 

Tag:
 កម្ពុជា-វៀតណាម
  វិស័យយោធា
  ទៀ បាញ់
  Nguyen ​Tan ​Cuong
© រក្សាសិទ្ធិដោយ thmeythmey.com