អន្តរជាតិ
ការសិក្សា៖ បម្រែបម្រួលអាកាសធាតុនឹងធ្វើឱ្យសេដ្ឋកិច្ចសកលធ្លាក់ចុះ ៤ភាគរយនៅឆ្នាំ២០៥០
07, May 2022 , 1:59 pm        
រូបភាព
រូបភាព៖​ Unsplash
រូបភាព៖​ Unsplash
ការសិក្សាថ្មីមួយដែលមានប្រទេសចូលរួមចំនួន ១៣៥ បានបង្ហាញថា សេដ្ឋកិច្ចសកលអាចធ្លាក់ចុះ ៤ភាគរយនៅឆ្នាំ ២០៥០ ដោយសារបម្រែបម្រួលអាកាសធាតុ។ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើសេដ្ឋកិច្ច នឹងធ្វើឱ្យចំនួនផលិតផលក្នងស្រុកសរុប (GDP) ធ្លាក់ចុះ គិតទាំងសេវាកម្ម និងទំនិញ។ ប្រទេសដែលប្រឈមហានិភ័យនេះធ្ងន់ធ្ងរគឺបណ្ដាប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម ដូចជាប្រទេសអាស៊ីខាងត្បូង។

 
ការសិក្សាថ្មីចុះផ្សាយលើទំព័រព័ត៌មាន Reuters បានបង្ហាញថា បម្រែបម្រួលអាកាសធាតុអាចធ្វើឱ្យសេដ្ឋកិច្ចសកលធ្លាក់ចុះ ៤ភាគរយនៅឆ្នាំ ២០៥០។ ការសិក្សាបានវិនិច្ឆ័យកម្រិតនៃការប៉ះពាល់សេដ្ឋកិច្ចរបស់បណ្ដាប្រទេស តាមរយៈការពិនិត្យមើលស្ថានភាពបរិស្ថានក្នុងប្រទេសនីមួយៗ។ អ្នកជំនាញក្នុងការសិក្សាបានសង្កេតថាតើ ប្រទេសនោះអាចរងគ្រោះ ដោយសារការកើនឡើងកម្ពស់ទឹកសមុទ្រ និងមានបញ្ហារលកកម្ដៅកើតឡើងជាប្រចាំឬយ៉ាងណា។ លើសពីនេះ គេក៏ពិនិត្យមើលលើបញ្ហាគ្រោះមហន្តរាយដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ និងព្យុះជាដើម។ 
 
ទាក់ទិននឹងបញ្ហាបម្រែបម្រួលអាកាសធាតុប្រទេសដែលនឹងប្រឈមធ្ងន់ធ្ងរបំផុតនោះគឺបណ្ដាប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម។ ការសិក្សាបានធ្វើឡើងលើប្រទេសចំនួន ១៣៥ ហើយក្នុងនោះ ប្រទេសនៅតំបន់អាស៊ីខាងត្បូងត្រូវបានកត់សម្គាល់ថាអាចប៉ះពាល់សេដ្ឋកិច្ចខ្លាំងជាងគេ។ 
 
ជាក់ស្ដែង បង់ក្លាដែស ឥណ្ឌា បាគីស្ថាន និងស្រីលង្កា សុទ្ធតែជួបបញ្ហាភ្លើងឆេះព្រៃ ទឹកជំនន់ ព្យុះ និងកង្វះទឹកស្អាតប្រើប្រាស់ជាដើម។ ប្រទេសអាស៊ីខាងត្បូងត្រូវបានប៉ាន់ប្រមាណថាប្រឈមបញ្ហាធ្លាក់ចុះសេដ្ឋកិច្ចធ្ងន់ធ្ងរពី១០ ទៅដល់១៨ភាគរយ។ តំបន់នេះនឹងមានអត្រាសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងជាងអាម៉េរិកខាងជើង ៣ដង ហើយខ្លាំងជាងអឺរ៉ុប ១០ដងឯណោះ។ 
 
តំបន់អាស៊ីកណ្ដាល មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង អនុតំបន់សាហារ៉ា អាស៊ីខាងកើត ប្រទេសតំបន់ប៉ាស៊ីហ្វិក នឹងមានបញ្ហាសេដ្ឋកិច្ចដែលបង្កឡើងដោយព្យុះនិងទឹកជំនន់។ ប្រទេសនៅជុំវិញតំបន់អេក្វាទ័រ និងកោះតូចៗក៏ប្រឈមហានិភ័យដែរ ដោយសារប្រទេសទាំងនោះមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម។ 
 
គួរបញ្ជាក់ថា រយៈពេល ១០ឆ្នាំកន្លងមក បញ្ហាទឹកជំនន់ ខ្យល់ព្យុះ និងភ្លើងឆេះព្រៃបានធ្វើឱ្យពិភពលោកបាត់បង់ផលិតផលក្នុងស្រុកសរុប ០,៣ភាគរយ ជារៀងរាល់ឆ្នាំ។ ក្រៅពីបញ្ហាសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុបង្កផលប៉ះពាល់មកលើពិភពលោកជារៀងរាល់ថ្ងៃ នៅរយៈពេល៥០ឆ្នាំចុងក្រោយនេះ។ វាបានធ្វើឱ្យបាត់បង់ជីវិតមនុស្សជាមធ្យម ១១៥ និងខាតលុយជាមធ្យម ២០២លានដុល្លារក្នុងមួយថ្ងៃ។ នេះបើតាមទិន្នន័យរបស់អង្គការឧតុនិយមពិភពលោក (WMO)៕ 
 

Tag:
 បម្រែបម្រួលអាកាសធាតុ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com