អន្តរជាតិ
ប្រធានាធិបតីស្រីលង្កា ប្រកាសដាក់ប្រទេសក្នុងភាពអាសន្នលើកទី២ ដើម្បីទប់ទល់ក្រុមអ្នកតវ៉ាប្រឆាំង
07, May 2022 , 2:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
ប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា នៅថ្ងៃទី៦ ខែឧសភា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នជាលើកទី២ ក្នុងរយៈពេល៥សប្តាហ៍នេះ។ ពេលនេះ រដ្ឋាភិបាលផ្តល់អំណាចដល់កងកម្លាំងសន្តិសុខត្រួតមើល និងចាប់ខ្លួនជនណាដែលបំពាននឹងគោលការណ៍ ខណៈកូដកម្មប្រឆាំងរដ្ឋាភិបាលបានធ្វើឡើងនៅទូទាំងប្រទេស។

 
រយៈពេលស្ទើពេញមួយខែមកនេះ ប្រជាជនស្រីលង្កាបន្តធ្វើកូតកម្មឱ្យប្រធានាធិបតីស្រីលង្កា និងនាយករដ្ឋមន្រ្តីដែលជាបងប្អូនគ្នាចុះចេញពីតំណែង ដោយសារការគ្រប់គ្រងប្រទេសមិនបានល្អ ដែលបណ្តាលឱ្យប្រទេសធ្លាក់វិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានពីមុនមក។ កូដកម្មដែលឈានដល់មានការចូលរួមពីប្រជាជនទូទាំងប្រទេសនេះ បានបង្កឱ្យមានភាពចលាចលយ៉ាងខ្លាំង។ 
 
បើទោះមានកូដកម្មយ៉ាងណាក្តី ប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា និងនាយករដ្ឋមន្រ្តី ម៉ាហ៊ិនដា រ៉ាចាប៉ាក់សានៅតែមិនចុះចេញពីតំណែងឡើយ។ តាមអ្នកនាំពាក្យប្រធានាធិបតីស្រីលង្កា លោករ៉ាចាប៉ាក់សា បានអំពាវនាវឱ្យប្រើច្បាប់ដាក់ប្រទេសស្ថិតក្នុងភាពអាសន្នជាលើកទីពីរ ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ បន្ទាប់ពីហាងនានា ត្រូវបានបិទ និងមធ្យោបាយធ្វើដំណើរសាធារណៈ ត្រូវបានផ្អាកដោយសារកូដកម្ម។ 
 
«ប្រធានាធិបតី​បាន​ប្រើ​អំណាច​ប្រតិបត្តិ​របស់​គាត់​ ដោយ​ដាក់ឱ្យប្រើ​ច្បាប់អាសន្ន​ដើម្បី​ធានា​ដល់​ការ​រក្សា​សេវា​សំខាន់ៗ និង​សណ្តាប់ធ្នាប់​សាធារណៈ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ស្រង់ការបញ្ជាក់របស់អ្នកនាំពាក្យប្រធានាធិបតីស្រីលង្កា។ អ្នកនាំពាក្យរូបនេះ  បានបន្តថា ច្បាប់នេះ ត្រូវចូលជាធរមានកាលពីពាក់កណ្តាលយប់ថ្ងៃទី៦ ខែឧសភា។ 
 
ច្បាប់ដាក់ប្រទេសស្ថិតក្នុងភាពអាសន្ននេះ ផ្តល់អំណាចដល់កងកម្លាំងសន្តិសុខដើម្បីចាប់ខ្លួន និងឃុំខ្លួនជនសង្ស័យក្នុងរយៈពេលយូរដោយមិនចាំបាច់មានការត្រួតពិនិត្យតាមផ្លូវច្បាប់ឡើយ។ លើសពីនេះ ការពង្រាយកងទ័ពក៏ត្រូវបានអនុញ្ញាតបន្ថែមពីលើកងកម្លាំងប៉ូលិសដែរ ដើម្បី​រក្សា​ច្បាប់ និង​សណ្តាប់ធ្នាប់។
 
រដ្ឋាភិបាលស្រីលង្កាបានដាក់ប្រទេសស្ថិតក្នុងភាពអាសន្នកាលពីលើកមុនគឺនៅថ្ងៃទី១​ ខែមេសា មួយថ្ងៃបន្ទាប់ពីបាតុកររាប់ពាន់នាក់បានព្យាយាមសម្រុកចូលផ្ទះរបស់ប្រធានាធិបតីស្រីលង្កានៅរដ្ឋធានីកូឡុំបូ។ ប៉ុន្តែ ច្បាប់នេះត្រូវបានលុបចោល វិញ​នៅ​ថ្ងៃ​ទី ១៤ ខែ​មេសា។ 
 
យ៉ាងណាមិញ ​តាំង​ពី​ពេល​នោះ​មក ការ​តវ៉ាប្រឆាំងរដ្ឋាភិបាលនៅតែ​បន្ត​កើន​ឡើង ដោយបាតុកររាប់ពាន់នាក់តវ៉ានៅក្រៅការិយាល័យរបស់លោក រ៉ាចាប៉ាក់សា ចាប់តាំងពីថ្ងៃទី ៩ ខែមេសា ហើយក្រុមអ្នកតវ៉ាតូចៗផ្សេងទៀតបានព្យាយាមសម្រុកចូលផ្ទះរបស់អ្នកនយោបាយរដ្ឋាភិបាលសំខាន់ដទៃទៀត៕

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com