អន្តរជាតិ
ការសិក្សា៖ ការកាត់បន្ថយហានិភ័យជំងឺបាក់ទឹកចិត្ត មិនត្រូវការលំហាត់ប្រាណច្រើនឡើយ រូបភាព៖ AFP
× ការសិក្សាថ្មីមួយ បានរកឃើញថា ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្ត គ្រប់គ្នាត្រូវការធ្វើលំហាត់ប្រាណតិចតួចប៉ុណ្ណោះ។ ការធ្វើលំហាត់ប្រាណតិចតួចនោះ រួមមានដូចជាការដើរឱ្យញាប់រយៈពេល ២ម៉ោងកន្លះក្នុងមួយសប្ដាហ៍ ឬការរត់រយៈពេល ១ម៉ោងនិង១៥នាទីក្នុងមួយសប្ដាហ៍ រួមនិងការធ្វើចលនាសាច់ដុំបន្ថែម។ តាមការសិក្សា អ្នកដែលបានដើរហាត់ប្រាណរយៈពេល ២ម៉ោងកន្លះក្នុងមួយសប្ដាហ៍បានកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្តប្រមាណ ២៥ភាគរយ។
ការធ្វើលំហាត់ប្រាណមានអត្ថប្រយោជន៍ច្រើន និងមានប្រសិទ្ធភាពណាស់សម្រាប់ដោះស្រាយបញ្ហាសុខភាព។ ការធ្វើឱ្យរាងកាយមានចលនាមានសារៈសំខាន់ណាស់ចំពោះជំងឺផ្លូវកាយ និងផ្លូវចិត្ត។ ការសិក្សាថ្មីមួយ ដែលចុះផ្សាយលើទិនានុប្បវត្តិ JAMA Psychiatry បានបង្ហាញថា ការហាត់ប្រាណបន្តិចបន្តួចប៉ុណ្ណោះ គឺមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្តបានហើយ។ អ្នកជំនាញបានណែនាំឱ្យមនុស្សហាត់ប្រាណកម្រិតមធ្យមដោយការដើរក្នុងល្បឿនលឿន (ញាប់) ឱ្យបាន ២ម៉ោងកន្លះក្នុងមួយសប្ដាហ៍ រួមជាមួយការធ្វើចលនាសាច់ដុំផ្សេងៗឱ្យបាន២ដងក្នុងមួយសប្ដាហ៍។
ម៉្យាងវិញទៀត មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាម៉េរិកក៏បានណែនាំឱ្យជ្រើសយកចលនារាងកាយខ្លាំងៗដូចជាការរត់ផងដែរ។ ប្រសិនបើមនុស្សជ្រើសរើសការរត់ជាសកម្មភាពហាត់ប្រាណ នោះវាត្រូវការត្រឹមរយៈពេល ១ម៉ោងនិង ១៥នាទីក្នុងមួយសប្ដាហ៍ប៉ុណ្ណោះរួមជាមួយការធ្វើចលនាសាច់ដុំឱ្យបាន ២ដងក្នុងមួយសប្តាហ៍ដូចការដើរដែរ។
យ៉ាងណាមិញ លទ្ធផលនៃការសិក្សាបានបង្ហាញខុសគ្នាទៅតាមកម្រិតនៃការធ្វើសកម្មភាពរាងកាយ។ មនុស្សពេញវ័យដែលបានដើរហាត់ប្រាណ ១ម៉ោង ១៥នាទីក្នុងមួយសប្ដាហ៍អាចកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្តបាន ១៨ភាគរយបើធៀបនឹងអ្នកដែលមិនបានហាត់ប្រាណសោះ។ ចំណែក អ្នកដើរហាត់ប្រាណបាន ២ម៉ោងកន្លះក្នុងមួយសប្ដាហ៍បានកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្ត ២៥ភាគរយ។
ការធ្វើលំហាត់ប្រាណពីកម្រិតមធ្យមទៅកម្រិតខ្លាំង មានប្រយោជន៍ណាស់សម្រាប់សុខភាពមនុស្ស ព្រោះវាជួយពង្រឹងការគេង បន្ថយសម្ពាធឈាម ការពារជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីក។ ពិសេស ការធ្វើលំហាត់ប្រាណបានជួយកាត់បន្ថយបញ្ហាស្ត្រេស និងទប់ស្កាត់បញ្ហាថប់អារម្មណ៍ ដែលអាចឈានទៅរកជំងឺបាក់ទឹកចិត្ត។
កន្លងមកការសិក្សាជាច្រើនក៏បានធ្វើឡើងអំពីទំនាក់ទំនងរវាងការធ្វើលំហាត់ប្រាណនិងសុខភាពផ្លូវចិត្ត ហើយទទួលបានលទ្ធផលវិជ្ជមានស្រដៀងគ្នា។ ការសិក្សាក្នុងឆ្នាំ ២០១៨ បានរកឃើញថាអ្នកបានហាត់ប្រាណជួបប្រទះបញ្ហាផ្លូវចិត្តតិចជាងអ្នកមិនបានហាត់ប្រាណ ៤៣ភាគរយ។ ចំណែកការសិក្សាមួយទៀតនាឆ្នាំ ២០២០ បានរកឃើញថា ការហាត់ប្រាណកម្រិតស្រាល អាចជួយការពារកុមារពីការវិវដ្តទៅរកជំងឺបាក់ទឹកចិត្ត។ បើកុមារហាត់ប្រាណរយៈពេលមួយម៉ោងរាល់ថ្ងៃនៅអាយុ ១២ឆ្នាំ នោះអាចកាត់បន្ថយហានិភ័យជំងឺបាក់ទឹកចិត្ត ១០ភាគរយនៅពេលកុមារមានអាយុ ១៨ឆ្នាំ។
សកម្មភាពដែលអាចចាត់ទុកជាការហាត់ប្រាណកម្រិតស្រាលរួមមាន ការជិះកង់ ការដើរ ក៏ដូចជាសកម្មភាពធ្វើកិច្ចការក្នុងផ្ទះ និងផ្ទះបាយ ការគូររូប ឬលេងតន្ត្រីជាដើម៕
Tag:
សុខភាព
ជំងឺបាក់ទឹកចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com