ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កែប ជុតិមា ត្រូវបានរៀបចំឲ្យធ្វើជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភា ជំនួសសម្តេច ហ៊ុន ណេង
10, May 2022 , 5:31 pm        
រូបភាព
លោក កែប ជុតិមា ស្ថិតក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក
លោក កែប ជុតិមា ស្ថិតក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក
ដោយ៖ ទេពញាណ
លោក កែប ជុតិមា តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការជំនាញទី៩នៃរដ្ឋសភា (គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់) ត្រូវបានរៀបចំឲ្យទៅកាន់តំណែងជាប្រធានគណៈកម្មការជំនាញទី៤នៃរដ្ឋសភា (គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ) ជំនួសសម្តេច ហ៊ុន ណេង ដែលទើបទទួលមរណភាព កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ នេះបើតាមព័ត៌មានពីលោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា។

 
លោក ឡេង ប៉េងឡុង ប្រាប់សារព័ត៌មានថ្មីៗថា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដើម្បីពិនិត្យ និងអនុម័តលើបេក្ខភាពរបស់លោក កែប ជុតិមា ដែលឈរជាប្រធានគណៈកម្មការជំនាញទី៤។ លោក បន្តថា បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលស្គាល់បេក្ខភាពរបស់លោក កែប ជុតិមា រួចហើយ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតអនុម័តបន្ត ហើយនីតិវិធីចុងក្រោយ សមាជិកក្នុងគណៈកម្មការជំនាញទី៤ នឹងបោះឆ្នោតជ្រើសរើសលោក ជាប្រធាននៃគណៈកម្មការជំនាញមួយនេះ។    
 
ដោយឡែក លោក ស្លេះ ពុនយ៉ាម៉ីន ជាខ្មែរ-អ៊ិស្លាម ហើយបច្ចុប្បន្ន ជាទីប្រឹក្សារាជរដ្ឋាភិបាល ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម ជំនួសសម្តេច ហ៊ុន ណេង។ នេះបើតាមសេចក្តីសម្រេច ដែលចេញដោយលោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។ 
 
លោក ឡេង ប៉េងឡុង អះអាងថា ក្រោយគ.ជ.ប ទទួលស្គាល់លោក ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងយកសេចក្តីសម្រេចនេះ ទៅពិនិត្យ ក្នុងកិច្ចប្រជុំ នៅថ្ងៃទី១១ ខែឧសភា។ លោក បញ្ជាក់ថា បើគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិនិត្យទៅឃើញថា សេចក្តីម្រេចរបស់គ.ជ.ប ត្រឹមត្រូវតាមនីតិវិធី លោក ស្លេះ ពុនយ៉ាម៉ីន នឹងក្លាយជាតំណាងរាស្រ្តជាផ្លូវការតែម្តង ដោយពុំបាច់ឆ្លងកាត់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីកិច្ចប្រជុំពេញអង្គនៃរដ្ឋសភាឡើយ៕ 
 

Tag:
 កែប ជុតិមា
© រក្សាសិទ្ធិដោយ thmeythmey.com