ជាតិ
សម្តេច ហ៊ុន សែន៖ លោក បៃឌិន ជាមនុស្សពោរពេញដោយមនោសញ្ចេតនាគួរគោរព
13, May 2022 , 10:10 am        
រូបភាព
លោក ចូ បៃឌិន រៀបពិធី​ស្វាគមន៍​សម្តេច ហ៊ុន សែន និង​ថ្នាក់ដឹកនាំអាស៊ាននៅសេតវិមាន កាលពីថ្ងៃទី១២ ខែឧសភា។ រូបថត SPM
លោក ចូ បៃឌិន រៀបពិធី​ស្វាគមន៍​សម្តេច ហ៊ុន សែន និង​ថ្នាក់ដឹកនាំអាស៊ាននៅសេតវិមាន កាលពីថ្ងៃទី១២ ខែឧសភា។ រូបថត SPM
ដោយ: រួបរួម
«សូមចូលរួមមរណទុក្ខចំពោះបងប្រុស [សម្តេច ហ៊ុន ណេង] របស់ឯកឧត្តម»។ នេះជាសំដីរបស់លោកប្រធានាធិបតីអាម៉េរិក ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកស្រង់ នាជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយថ្នាក់ដឹកនាំអាម៉េរិក នាក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១២ ខែឧសភា។



តាមរយៈហ្វេសប៊ុករបស់ខ្លួន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា លោក ហ៊ុន ណេង ដែលក្រោយរមណភាព ទទួលបានគោរមងារជា «សម្តេច» បានចែកឋានទៅ ដោយមិនបានលា ឬផ្តាំផ្ញើអ្វីឡើយ។ បងប្រុសទីពីររបស់ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ បានទទួលមរណភាពក្នុងអាយុ៧២ឆ្នាំ កាលពីថ្ងៃទី៥ ខែឧសភា ដោយសារជំងឺគាំងបេះដូង។

ក្រោយមរណភាព ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិព្រមទាំងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់ជាន់ថ្នាក់បានផ្ញើសាររំលែកទុក្ខនិងចូលរួមគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាចូលរួមបុណ្យសពជាបន្តបន្ទាប់។


ពេលទៅកាន់សហរដ្ឋអាម៉េរិកដើម្បីចូលរួមប្រជុំអាស៊ាន-អាមេរិក ថ្នាក់ដឹកនាំអាស៊ាន បានចូលរួមមរណទុក្ខជាថ្មីម្តងទៀតបន្ទាប់ពីបញ្ជូនសារលិខិតរំលែកទុក្ខលើកមុន ហើយក្នុងពេលជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយថ្នាក់ដឹកនាំធុរកិច្ចអាមេរិក អ្នកសម្របសម្រួលកម្មវិធីឆ្លៀតសំដែងនូវមរណទុក្ខក្នុងអង្គប្រជុំផ្លូវការផងដែរ។

«ទៅលើសពីនេះអ្វីដែលខ្ញុំភ្ញាក់ផ្អើល និងរំភើបនោះ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ចូ បៃឌិន (Joe Biden) តែម្តងដែលនិយាយមកកាន់ខ្ញុំថា សូមចូលរួមមរណទុក្ខចំពោះបងប្រុសរបស់ឯកឧត្តម»។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ ដោយអះអាងនេះ ជាសំដីដែលគាត់និយាយមុនគេ បន្ទាប់ពីអានសុន្ទរកថា ក្នុងនាមជាប្រធានាធិបតីអាម៉េរិក។

សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក បៃឌិន ជាមនុស្សពោរពេញដោយមនោសញ្ចេតនាគួរគោរពដោយសារគាត់ធ្លាប់បាត់បង់កូនប្រពន្ធ និងបងប្អូនដែរ ដូចនេះគាត់យល់ពីអារម្មណ៍សោកសៅរបស់សម្តេច។

សារដែលសម្តេចសរសេរក្នុងន័យឧទ្ទិសដល់បងប្រុស បានរៀបរាប់ថា ភាគីសហរដ្ឋអាម៉េរិក
សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់សម្តេច ដើម្បីរួមចំណែកសម្រាប់ការសម្រេចបានលទ្ធផលនៃការប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក៕



Tag:
 អាស៊ានអាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com