ជាតិ
នយោបាយជាតិ
កម្ពុជា ដឹកនាំកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីការពារជាតិអាស៊ាន ដើម្បីពង្រឹងកិច្ចសហការ លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ គ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិកម្ពុជា (ស្ថិតក្នុងឯកសណ្ឋានយោធា) ធ្វើជាអធិបតីនៃកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីការពារជាតិអាស៊ាន។ រូបពីក្រសួងការពារជាតិកម្ពុជា
× កម្ពុជា ដឹកនាំកិច្ចប្រជុំ២ គឺកិច្ចប្រជុំឧត្តមមន្ដ្រីការពារជាតិអាស៊ាន (ADSOM) និង កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិ អាស៊ានបូក (ADSOM-Plus) ចាប់ពីថ្ងៃទី១៧ ដល់ទី១៨ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា។ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិកម្ពុជា ធ្វើជាប្រធានកិច្ចប្រជុំទាំង២នេះ។
ក្រសួងការពារជាតិកម្ពុជា ផ្សាយថា កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន នឹងពិនិត្យលើគំនិតផ្តួចផ្តើមថ្មីៗរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងអាស៊ាន។ កិច្ចប្រជុំនេះ ក៏នឹងពិនិត្យលើឯកសារសំខាន់ៗចំនួន៣ផងដែរ រួមមាន ទី១ សេចក្តីព្រាងចក្ខុវិស័យភ្នំពេញ ស្តីពីតួនាទីស្ថាប័នការពារជាតិ ក្នុងការគាំទ្រការស្ដារឡើងវិញ ក្រោយកូវីដ១៩ ទី២ សេចក្ដីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងទី៣ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។
ក្រសួងការពារជាតិកម្ពុជា បន្តទៀតថា ចំពោះកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិបូកវិញ នឹងស្ដាប់របាយការណ៍របស់ក្រុមការងារជំនាញទាំង៧វិស័យ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក រួមមាន ទី១ ជំនួយមនុស្សធម៌ និងការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ ទី២ សន្តិសុខលម្ហសមុទ្រ ទី៣ វេជ្ជសាស្ត្រយោធា ទី៤ ការប្រឆាំងអំពើភេរវកម្ម ទី៥ ប្រតិបត្តិការរក្សាសន្តិភាព ទី៦ សកម្មភាពកម្ចាត់មីនដើម្បីមនុស្សធម៌ និង៧ សន្តិសុខបច្ចេកវិទ្យាព័ត៌មាន។
ក្រសួងការពារជាតិកម្ពុជា សរសេរដូច្នេះថា៖«កិច្ចប្រជុំទាំង២ខាងលើនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ ក្នុងការជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្ដិសុខតំបន់ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ ស្របតាមមូលបទថា សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕
Tag:
កិច្ចប្រជុំមន្រ្តីការពារជាតិអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com