ជាតិ
នយោបាយជាតិ
រដ្ឋមន្ត្រីកិច្ចការនារី៖ ស្ត្រីមិនហ៊ានឈរឈ្មោះបោះឆ្នោត ព្រោះការរើសអើង និងខ្វះការគាំទ្រ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រី្តក្រសួងកិច្ចការនារី។ រូបពី ក្រសួងកិច្ចការនារី
× ភ្នំពេញ៖ វិសមភាពស្ត្រី និងបុរស ទាំងនៅក្នុងតួនាទីជាអ្នកសម្រេចចិត្ត និងឈរឈ្មោះបោះឆ្នោត នៅតែមានគម្លាតឆ្ងាយពីគ្នានៅឡើយ ក្នុងពេលបច្ចុប្បន្ន។ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រី្តក្រសួងកិច្ចការនារី ទទួលស្គាល់បញ្ហានេះ មុននឹងលើកឡើងពីបញ្ហាប្រឈមជាច្រើន ដែលរារាំងស្រី្ត រារែកក្នុងកិច្ចការនយោបាយ និងរអាក្នុងការកាន់តំណែងសម្រេចចិត្តក្នុងស្ថាប័ន។ បើតាមលោកស្រី អ៊ឹង កន្ថាផាវី ឥរិយាបថរើសអើង ទស្សនៈអវិជ្ជមានរបស់ស្រី្តខ្លួនឯងក្នុងកិច្ចការនយោបាយ និងពិសេសកង្វះការគាំទ្រពីមជ្ឈដ្ឋានជុំវិញ គឺជាកត្តាចម្បង ដែលរាំងស្ទះដល់ការបង្កើនចំនួនស្ត្រីក្នុងតួនាទីសម្រេចចិត្ត ឬស្ត្រីជាអ្នកដឹកនាំ។
ការលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចដល់ស្រី្ត គឺជាការជួយជ្រោមជ្រែងស្រី្ត ឲ្យក្លាយជាអ្នកមានតួនាទី ក្នុងការធ្វើសេចក្ដីសម្រេច និងអភិបាលកិច្ច ស្ដីពីគោលនយោបាយ ច្បាប់ និងកម្មវិធីនានា។ ស្រី្ត អាចចូលរួមពេញលេញ ក្នុងការធ្វើសេចក្តីសម្រេច លើគោលការណ៍នានា គឺជាការឆ្លើយនឹងតម្រូវការរបស់ពលរដ្ឋ។ នេះជាការលើកឡើងរបស់រដ្ឋមន្រី្តក្រសួងកិច្ចការនារី។
ក្នុងវេទិជាតិ ស្ដីពីស្រី្តក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច នាថ្ងៃទី១៧ឧសភា លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា បច្ចុប្បន្នឧបសគ្គនានា ក្នុងការចូលរួមផ្នែកនយោបាយ និងធ្វើសេចក្ដីសម្រេចរបស់ស្រី្ត គឺមានច្រើន ហើយកម្រិតនៃការយល់ដឹងរបស់ពួកគេ ក៏នៅមានទាប។ ឧបសគ្គទាំងនេះ រួមមានឥរិយាបថសង្គមនៅមានការរើសអើងលើស្រី្ត កង្វះខាតការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការគាំទ្រពីក្រុមគ្រួសារ។
រដ្ឋមន្រី្តក្រសួងកិច្ចការនារីសង្កត់ធ្ងន់បន្ថែមថា៖ «ទស្សនៈអវិជ្ជមាន ចំពោះកិច្ចការនយោបាយ ក្នុងចំណោមស្រី្តខ្លួនឯង ដែលធ្វើឲ្យស្រី្តមិនហ៊ានឈរឈ្មោះបោះឆ្នោត ឬទទួលតួនាទី តាមការចាត់តាំង»។ កត្តាខាងលើនេះហើយ ទើបលោកស្រីសន្មតថា ទោះបីស្ត្រីមានចំនួនច្រើនជាងបុរសក៏ដោយ ក៏ស្ត្រីជាអ្នកដឹកនាំផ្នែកនយោបាយ និងកិច្ចការសាធារណៈបច្ចុប្បន្ន មិនសមាមាត្រគ្នា។
សម្រាប់លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីបង្កើន ចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្ដីសម្រេចចិត្តទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវមានការគាំទ្រ និងផ្ដល់ឱកាសឲ្យស្ត្រីចូលរួម។ ក្រៅពីនេះ រដ្ឋាភិបាលក៏ត្រូវរួមចំណែកបង្កើតគោលនយោបាយ និងគោលការណ៍នានា រួមទាំងការ ការពង្រឹងសមត្ថភាពស្រ្តី ដើម្បីធានាថាស្ត្រីដែលមានតួនាទីជាអ្នកដឹកនាំ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញតួនាទីខ្លួន។
ជុំវិញគោលនយោបាយគាំទ្រស្ត្រីពីសំណាក់រាជរដ្ឋាភិបាល រដ្ឋមន្រី្តក្រសួងកិច្ចការនារី គូសបញ្ជាក់ថា រដ្ឋាភិបាល បានជំរុញការអនុគោលនយោបាយសមភាពយេនឌ័រ និងបង្កើតភាពអង់អាចដល់ស្រី្ត ដោយចាត់ទុកស្រី្តជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ។ ការបញ្ចូលស្រី្តនៅគ្រប់ក្រសួងស្ថាប័ន រហូតដល់ឃុំ សង្កាត់ និងភូមិ ក៏ត្រូវបានគិតគូរ និងបង្កើនបន្ថែមផងដែរ ។
តាមរបាយការណ៍របស់ក្រសួងកិច្ចការនារី នៅក្នុងឆ្នាំ២០១៧ មន្រី្តរាជការជាស្រី្តមានការកើនឡើង ៣២ភាគរយ ហើយដល់ឆ្នាំ២០២០ កើនដល់ឡើងដល់៤១ភាគរយ ខណៈស្រី្តជាសមាជិករដ្ឋសភា បានកើនពី៧រូប នៅអាណត្តិទី១ ដល់២០រូប នៅអាណត្តិទី៦។ របាយការណ៍ដដែលឱ្យដឹងទៀតថា បច្ចុប្បន្ន រដ្ឋមន្រី្តជាស្រី្ត មាន៣រូប ក្នុងចំណោមរដ្ឋមន្រី្ត២៩រូបស្របពេលដែលស្រ្តីជាអភិបាលខេត្តមាន២រូប ក្នុងចំណោមរាជធានី-ខេត្តទាំង២៥។ ភាពជាតំណាងនៅថ្នាក់មូលដ្ឋាន ស្រ្តីជាមេឃុំ-ចៅសង្កាត់ ក៏បានកើនឡើងឡើងដែរ ពោលគឺក្នុងឆ្នាំ២០០២ ស្ត្រីមានត្រឹមតែ ២,៦ភាគរយប៉ុណ្ណោះ ខណៈដែលក្នុងឆ្នាំ២០១៨ ស្ត្រីជាមេឃុំ-ចៅសង្កាត់ មាន៧,៧៩ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com