ជាតិ
នយោបាយជាតិ
លោក ហ៊ុន ម៉ាណែត៖ វិស័យការពារជាតិ ចាំបាច់ត្រូវធ្វើទំនើបកម្មជាប់ជាប្រចាំ
× នាពិធីសម្ពោធអគារទីបញ្ជាការរបស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក និងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែកប្រចាំឆ្នាំ២០២២ ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា វិស័យការពារជាតិ គឺជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួមរបស់ជាតិខ្មែរទាំងមូល ដែលធានាដល់សន្តិភាព ស្ថិរភាពភាព និងការអភិវឌ្ឍ។
ទំព័រហ្វេសប៊ុកផ្លូវការរបស់កងទ័ពជើងគោក បានផ្សាយពីប្រសាសន៍របស់លោក ហ៊ុន ម៉ាណែត ដូច្នេះថា៖«ដើម្បីធានាបានប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការនៃការបំពេញភារកិច្ចឲ្យបានមុតស្រួច និងលឿនរហ័ស វិស័យការពារជាតិ ចាំបាច់ត្រូវបន្តធ្វើទំនើបកម្មជាប់ជាប្រចាំ ព្រមជាមួយនឹងទិសដៅច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពឯករាជ្យម្ចាស់ការខ្ពស់ ទាំងលើរចនាសម្ព័ន្ធដឹកនាំបញ្ជា ការហ្វឹកហ្វឺន និងគ្រឿងបំពាក់»។
ជាមួយគ្នានេះ លោកមេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលបានខិតខំរៀបចំបើកដំណើរការឡើងវិញនូវវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក នាពេលនេះ។ លោក បន្តថា វគ្គហ្វឹកហ្វឺននេះ ជាការពង្រឹងសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃសមត្ថភាពក្នុងការបំពេញភារកិច្ចក្នុងពេលចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទ។
គួររម្លឹកថា ក្នុងពិធីផ្សព្វផ្សាយ «សៀវភៅសការពារជាតិឆ្នាំ២០២២» កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រសួងការពារជាតិ ក៏បានប្រកាសពីការធ្វើទំនើបកម្មលើវិស័យយោធាដែរ។ តាមរយៈសេចក្តីសេចក្តីប្រកាសព័ត៌មាន ស្តីពីការខ្លឹមសារនៃរៀបចំពិធីនេះ ក្រសួងការពារជាតិ បានសរសេរថា៖«ចាប់ពីពេលនេះតទៅ ការធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ គឺជាអាទិភាពចម្បងមួយ នៅក្នុងដំណើរការកែទម្រង់យោធា។ សមត្ថភាពកងយោធាកម្ពុជា នឹងមិនត្រូវបានចាប់បង្ខំឲ្យស្ថិតនៅក្នុងសភាពចាស់គំរឹល តោកយ៉ាក ឬដើរថយក្រោយនោះឡើយ»។
ក្រសួងការពារជាតិ អះអាងទៀតថា កម្ពុជា មិនមែនធ្វើទំនើបកម្មយោធាត្រឹមតែមូលដ្ឋានកងទ័ពជើងទឹករាមប៉ុណ្ណោះទេ តែនឹងធ្វើទំនើបកម្មក្នុងផ្នែកផ្សេងៗទៀត ដូចជា ការពារដែនអាកាស អាវុធធុនធ្ងន់ ការជួយសង្គ្រោះ ការរក្សាសន្តិភាព និង ការប្រឆាំងអំពើភេរវកម្ម ជាដើម។ ក្រសួងការពារជាតិ បន្ថែមថា ការធ្វើទំនើបកម្មយោធានេះ មិនមែនដើម្បីបង្កការគំរាមកំហែងដល់ប្រទេសណាមួយនោះទេ តែដើម្បីការពារខ្លួន និងរួមចំណែកក្នុងការថែរក្សាសន្តិភាព-ស្ថិរភាពក្នុងតំបន់៕
Tag:
ហ៊ុន ម៉ាណែត
វិស័យការការពារជាតិ
ទំនើបកម្មយោធា
© រក្សាសិទ្ធិដោយ thmeythmey.com