អត្ដពលិកហែលទឹកកម្ពុជា សម្រេចបានមេដាយសំរឹទ្ធ លើវិញ្ញាសាហែលទឹកពាក់ជើងទា នាការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ចាត់ទុកជោគជ័យអ្នកជំនាន់ថ្មីក្នុងវិស័យកីឡាហែលទឹក ជាបំណងប្រាថ្នាអ្នកជំនាន់មុន។
សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនអត្តពលិកប្រកួតលើពីរប្រភេទវិញ្ញាសា រួមមាន ហែលទឹក និងហែលទឹកពាក់ជើងទា។ សម្រាប់វិញ្ញសាហែលទឹក កម្ពុជា មិនទទួលបានមេដាយទេ តែបានបំបែកកំណត់ត្រាថ្មី ខណៈហែលទឹកពាក់ជើងទា កម្ពុជា ឈ្នះបានមេដាយសំរិទ្ធ។
សម្រាប់លោក ហែម គិរី ការសម្រេចលទ្ធផលល្អ នៃការប្រកួតលើវិញ្ញាសានេះ បង្ហាញពីសមត្ថភាពរីកចម្រើន របស់អត្ដពលិក សម្រាប់គោលដៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ «ការប្រកួតនេះ គឺជាការប្រកួតដកស្រង់បទពិសោធន៍ផងដែរ តាមផែនការណ៍ ដែលបានគ្រោង។ ខ្ញុំ អាចនិយាយបានថា នេះ គឺជាលទ្ធផលល្អមួយ តែជាចំណុចចាប់ផ្ដើមរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីឈានទៅរកសមិទ្ធផលថ្មីៗទៀត ហើយក៏ជាកម្លាំងចិត្តសម្រាប់ កីឡាករ កីឡាការិនី និងសហព័ន្ធ ដែលបានប្រឹងប្រែងជួយ។»។ លោក ហែម គិរី បានប្រាប់សារព័ត៌មានថ្មីៗ តាមបណ្ដាញតេឡេក្រាម ដូច្នេះ។
ក្រោយទទួលបានមេដាយសំរឹទ្ធលើវិញាសាហែលទឹកពាក់ជើងទា លោក ហែម គិរី ក៏បានយកមេដាយទាំងនេះ ដាក់សែនឧទ្ទិសដល់ឪពុកខ្លួន លោក ហែម ថុន និងបងប្រុស ហែម លំផាត់ ដែលអតីតកីឡាករ និងជាគ្រូបង្វឹក និងជាអតីតអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹក ដែលបានទទួលមរណភាពទៀតផង។ «អ្វីដែលពួកគាត់ចង់ឃើញបំផុត យើងបានយកមកអោយពួកគាត់ហើយ » ។ នេះជាសាររបស់លោក ហែម គិរី ដែលឧទ្ទិសស្នាដៃទៅកាន់ឪពុក និងបងប្រុសខ្លួន។
ឪពុកលោក ហែម គិរី គឺលោក ហែម ថុន ជាអតីតអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា បានទទួលមរណភាពនា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នេះ ក្នុងអាយុ៧២ឆ្នាំ ដោយសារបញ្ហាទឹកក្នុងសួត។ លោក ហែម ថុន គឺជាអតីតកីឡាករហែលទឹកឆ្នើម ដែលធ្លាប់ឈ្នះមេដាយអន្តរជាតិចំនួន១២ រួមមានមាស១ ប្រាក់៦ និងសំរឹទ្ធ៥ ។ ដោយឡែកលោក ហែម លំផាត់ ក៏ជាអតីតកីឡាករជម្រើសជាតិកម្ពុជា និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាហែលទឹកកម្ពុជា ។ លោក លំផាត់ បានមរណភាពកាលពីថ្ងៃទី១៥ កក្កដា ២០២០។
និយាយដល់ការលះបង់របស់លោក ហែម ថុន នេះ លោក ហែម គិរី បានរំឭកថា ឪពុកខ្លួន ស្រលាញ់វិស័យកីឡាហែលទឹកនេះណាស់ ដោយចង់ឃើញកីឡាករ-កីឡាការិនី ទទួលបានជោគជ័យលើឆាកអន្តរជាតិ។
បើតាមលោក ហែម គិរី ចាប់តាំងពីឆ្នាំ១៩៨០ ក្រោយកម្ពុជា រួចផុតពីភ្លើងសង្គ្រាមមក លោក ហែម ថុន បានរៀបចំសហព័ន្ធខ្មែរកីឡាហែលទឹកសារជាថ្មីម្ដងទៀត ជាមួយព្រឹទ្ធាចារ្យចាស់ជាច្រើនរូប។ បច្ចុប្បន្ន ព្រឹទ្ធាចារ្យខ្លះ ក៏បានលាចាកលោក និងខ្លះទៀតបានជរា ហើយបានបន្សល់នៅការខិតខំប្រឹងប្រែងទាំងនេះ សម្រាប់អ្នកជំនាន់ក្រោយបន្ដវេន។
តាមរយៈការរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធTelegram អគ្គលេខាធិការរូបនេះ បាននិយាយថា មុនពេលស្លាប់ លោក ហែម ថុន បានស្ម័គ្រចិត្តបង្រៀនដល់អត្ដពលិក និងអត្ដពលិកថ្នាល ដោយមិនមានយកប្រាក់កម្រៃនោះទេ ហើយថែមទាំងរៀបចំក្រុមកីឡាករ និងកីឡាការិនីថែមទៀត។
មានពេលខ្លះ លោក ហែម ថុន បានចំណាយថវិការផ្ទាល់ខ្លួន ដើម្បីជួយដល់ការហ្វឹកហាត់របស់អត្ដពលិក។ ជាពិសេសទៀតនោះ ព្រឹទ្ធាចារ្យកីឡាហែលទឹករូបនេះ បានជំរុញកូនប្រុស ស្រីរបស់ខ្លួនឲ្យចូលហ្វឹកហាត់ ដើម្បីជាចំណែកចូលរួមលើកស្ទួយវិស័យកីឡានេះ ឲ្យកាន់តែរីកចម្រើន។
រូបពីហ្វេសប៊ុកលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា
រឿងមួយទៀត ដែលលោក ហែម គិរី ចងចាំមិនភ្លេចនោះ គឺនាអំឡុងទសវត្យ៨០ ដែលប្រទេសកម្ពុជា បន្តអសន្ដិសុខសង្គម ខណៈមានចោរលួច ចោរប្លន់ច្រើនផងនោះ លោក ហែម ថុន បាននាំក្រុមគ្រួសារ មកស្នាក់នៅស្តាតអូឡាំពិក ដើម្បីមើលថែ និងការពារទ្រព្យសម្បត្តិ ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតរបស់សហព័ន្ធកីឡាហែលទឹក ដោយសុខចិត្តទុកផ្ទះផ្ទាល់ខ្លួនចោល ។ នោះក៏ព្រោះតែលោក ហែម ថុន ស្រលាញ់ និងដាក់គោលដៅធំ ពង្រឹងកីឡាហែលទឹកកម្ពុជា។
ជាពិសេសទៀតនោះ អតីតព្រឹទ្ធាចារ្យកីឡាហែលទឹករូបនេះ ក៏បានជំរុញកូនប្រុស ស្រីរបស់ខ្លួនឲ្យចូលហ្វឹកហាត់ ដើម្បីជាចំណែកចូលរួមលើកស្ទួយវិស័យកីឡានេះ ឲ្យកាន់តែរីកចម្រើន។
ក្រោមការហ្វឹកហាត់ជាមួយឪពុក និងព្រឹទ្ធាចារ្យផ្សេងទៀត លោក ហែម គិរី ក៏ធ្លាប់បានក្លាយជាកីឡាករជម្រើសជាតិ ចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនេះ ជាច្រើនលើក មុននឹងត្រូវបានតែងតាំងជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក នៅឆ្នាំ២០១៥ ជំនួសឪពុក ដែលបានមរណភាព។ ក្រៅពីលោក ហែម គិរី ក៏មានកូនពៅរបស់ព្រឹទ្ធាចារ្យ ហែម ថុន គឺកីឡាករ ហែមថុន ពន្លឺ និងចៅស្រី ហែម ថុនវិទិនី ជាសមាជិកនៃក្រុមកីឡាហែលទឹកជម្រើសជាតិ មុនពេលដែលអ្នកទាំងពីរត្រូវបានជ្រើសរើសជាគ្រូជម្រើសជាតិ។
ដ្បិតថា ៤០ឆ្នាំហើយ កីឡាហែលទឹកកម្ពុជា មិនទាន់ទទួលបានមេដាយ ឬជ័យលាភីធំៗតាមបំណងរបស់ព្រឹទ្ធាចារ្យ ហែម ថុន និងព្រឹទ្ធាចារ្យជំនាន់មុនក្តី តែវិស័យកីឡានេះ បានវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសកីឡាករ និងកីឡាការិនី បានបង្កើតសិទ្ធិផល និងកំណត់ត្រាថ្មីៗ ដែលបង្ហាញពីសមត្ថភាពប្រកួតប្រជែងខ្ពស់ជាមួយអន្ដរជាតិបាន។ នេះបើតាមលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក៕