ជាតិ
បទសម្ភាសន៍
វីដេអូ
លោក មៀវ សុខទ្រី ស្នើឱ្យជួយផ្សព្វផ្សាយពី​គុណភាពចំណីអាហារខ្មែរ ដើម្បីបង្កើនទំ​នុ​ក​ចិ​ត្តអ្នក​ ប្រើប្រាស់​
17, Jun 2022 , 8:59 am        
រូបភាព
លោក មៀវ សុខទ្រី  ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា
លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ សមាគមអ្នកផលិតចំណីអាហារកម្ពុជាបានដំណើរការ៥ឆ្នាំហើយ ដោយមានសមាជិកជាង៨០ សហគ្រាស និងចម្រុះផលិតផល រួមមាន ភេសជ្ជៈ អាហារសម្រន់ កាហ្វេ គ្រឿងឧបភោគបរិភោគជាដើម។ លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នផលិតផលចំណីអាហារកម្ពុជា ដែលអាចឈរជើងលើទីផ្សារខ្លួនឯងមានប្រមាណ ១៥ ទៅ ២៥ភាគរយប៉ុណ្ណោះ បើធៀបនឹងទំនិញនាំចូលយ៉ាងច្រើនសម្បីមពីបរទេស។ កត្តានេះតែងតែដាស់ស្មារតី ផលិតករ និង សិប្បករកម្ពុជាឱ្យខិតខំពង្រឹងនូវគុណភាពផលិតផល ស្តង់ដារអនាម័យ និង បង្កើតទីផ្សារនៅក្រៅប្រទេសផងដែរ។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី«គំនិតថ្មី» និងលោក មៀវ សុខទ្រី ដូចតទៅ៖
 
 
 
លោក មៀវ សុខទ្រី ជាប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា។ សមាគមនេះ បានដំណើរការរយៈពេល៥ឆ្នាំហើយ ដោយមានសមាជិកដែលអ្នកផលិតផលិតផលចំណីអាហារ ដូចជាអាហារសម្រន់ គ្រឿងឧបភោគបរិភោគ ទឹកបរិសុទ្ធ កាហ្វេ ទឹកមាត់ត្រចៀកកាំ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀតជាដើម ប្រមាណ៨០សហគ្រាស។
 
ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី»នៃសារព័ត៌មានថ្មីៗ លោក មៀវ សុខទ្រី​ បានអះអាងថា វិស័យចំណីអាហារកម្ពុជា មិនសូវមានបរិមាណនាំចេញច្រើននៅឡើយ ខណៈការប្រើប្រាស់ផលិតផលចំណីអាហារដែលផលិតក្នុងស្រុក ពីសំណាក់ពលរដ្ឋខ្មែរ នៅមិនទាន់មានភាពទូលំទូលាយនៅឡើយ។ ទំនិញនាំចូលមានតម្លៃទាបជាងផលិតផលក្នុងស្រុក  ជាកត្តា មួយ ប៉ុន្តែកង្វះទំនុកចិត្តពីអ្នកប្រើប្រាស់លើផលិតផលខ្មែរ ក៏ជាហេតុដែលធ្វើឱ្យផលិត ផលខ្មែរ មិនសូវទទួលបានការគាំទ្រដែរ។


 លោក មៀវ សុខទ្រី ក្នុងបទសម្ភាសជាមួយកម្មវិធី  «គំនិតថ្មី » នៃសារព័ត៌មានថ្មីៗ



«ការនាំចូលពីបរទេស គឺទំនិញគាត់អាចថោកជាង។ ថោកជាង មិនមែនអន់គុណភាពទេ ជួនកាលគាត់ផលិតក្នុងទ្រង់ទ្រាយធំ ហើយកាលណា​ទ្រង់ទ្រាយធំ គឺគេអាចផលិតបានថោក​។ ដោយឡែកផលិតផលខ្មែរយើង យើងធ្លាប់ឃើញមានការចុះទៅ​ត្រួតពិនិត្យ ការធ្វើអធិការកិច្ចជាច្រើនដង ដែលបាន​ធ្វើ​ឱ្យបេះដូងអ្នកប្រើប្រាស់ ដែលជាជនជាតិកម្ពុជាយើងខ្លាចរអា។ គាត់ចុះទៅ ថាផលិតផលខ្មែរក្លែងក្លាយអ៊ីចេះ ក្លែងក្លាយអ៊ីចុះ […] អ៊ីចឹងធ្វើឱ្យខ្មែរយើងភ័យថា ផលិតផលខ្មែរយើងពិតជាអត់មានស្តង់ដារ ពិតជាអត់មានគុណភាពទេ។ តែតាមពិតទៅផលិតផលខ្មែរយើង អ្នកផលិតខ្លួនឯង ហូបខ្លួនឯង មិនខ្លាចទេ»។ លោក មៀវ សុខទ្រី ពន្យល់មូលហេតុដូច្នេះ។
 


លោក មៀវ  សុខទ្រី  ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា


ប្រធានសមាគមរូបនេះ ទទូចឱ្យពលរដ្ឋខ្មែរ ជឿទុកចិត្តលើគុណភាពផលិតផលខ្មែរ ព្រមទាំgជួយគាំទ្រផលិតផលក្នុងស្រុក ឱ្យបានកាន់តែច្រើន។ ទន្ទឹមនឹងនេះ លោក មៀវ សុខទ្រី ក៏ស្នើឱ្យអាជ្ញាធរ និងស្ថាប័នពាក់ពន្ធ បង្កើនការផ្សព្វផ្សាយពីផលិតផលខ្មែរទាំងអស់ ដែលបានឆ្លងកាត់ការត្រួតពិនិត្យពីស្ថាប័នជំនាញ។ សម្រាប់លោក មៀវ សុខទ្រី ការចូលរួមផ្សព្វផ្សាយពីស្ថាប័នជំនាញ និងប្រព័ន្ធផ្សព្វផ្សាយនានា នឹងរួមចំណែកបង្កើនទំនុកចិត្តសាធារណជន មកលើផលិតផលចំណីអាហារដែលផលិតក្នុងស្រុក៕
 

Tag:
 SMEs
  ចំណីអាហារ
  ផលិតកម្ម
  មៀវ សុខទ្រី
© រក្សាសិទ្ធិដោយ thmeythmey.com