កីឡាជាតិ
ជាតិ
វិរៈបុរសបាល់ទាត់កម្ពុជា ៖ មិនមែនជាពេលតេស្ដសាកល្បងកីឡាករទេ តែជាពេលប្រកួតយកជ័យជម្នះ
17, Jun 2022 , 7:59 am        
រូបភាព
លោក ប៉ែន ផាត វិរៈបុរសបាល់ទាត់កម្ពុជាទសវត្យទី៦០ លេងបាល់ដើម្បីសុខភាព(ពាក់អាវព័ណ៌ខៀវ) ។ រូបពីហ្វេសប៊ុក លោក ប៉ែន ផាត
លោក ប៉ែន ផាត វិរៈបុរសបាល់ទាត់កម្ពុជាទសវត្យទី៦០ លេងបាល់ដើម្បីសុខភាព(ពាក់អាវព័ណ៌ខៀវ) ។ រូបពីហ្វេសប៊ុក លោក ប៉ែន ផាត
លោក ប៉ែន ផាត វិរៈបុរសបាល់ទាត់កម្ពុជាទសវត្យទី៦០ សរសើរចំពោះទេព្យកោសល្យ និងការប្រឹងប្រែង របស់លោក Keisuke Honda ដឹកនាំនិងកែទម្រង់លេងរបស់ជម្រើសជាតិកម្ពុជា។ តែអតីតកីឡាករកម្ពុជារូបនេះ ក៏រិះគន់នូវទម្រង់លេងមួយចំនួន ដោយចាត់ទុកថា ជាការតេស្ដសាកល្បងកីឡាករ លើទីលានប្រកួត ជាងការប្រកួតយកជ័យជម្នះ។


លោក ប៉ែន ផាត មើលឃើញពីភាពវិជ្ជមានរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំលោក Keisuke Honda អ្នកចាត់ការទូទៅសញ្ជាត់ជប៉ុន វ័យ៣៥ឆ្នាំ។ ជាមួយនឹងការសរសើរ វិរៈបុរសបាល់ទាត់កម្ពុជារូបនេះ ក៏មើលឃើញពីភាពវិជ្ជមានរបស់លោក Honda ដែលចូលចិត្ត យកសមត្ថភាពកីឡាករ មកធ្វើតេស្តលើទីលានប្រកួត ជាងការផ្ដោតលើជ័យជម្នះ។
 
«ពេលវេលានេះ មិនមែនជាពេលវេលាតេស្ដសាកល្បងកីឡាករទេ តែពេលវេលាប្រកួតយកជ័យជម្នះឲ្យប្រទេសជាតិ។ យើង មិនត្រូវការតេស្ដកីឡាករម្ដងហើយម្ដងទៀត ដល់តែ៥-៦ឆ្នាំនោះទេ។ ការតេស្ដសម្ថភាពរបស់កីឡាករ គួរតែធ្វើត្រឹម២ -៣ ឆ្នាំបានហើយ។»។  លោក ប៉ែន ផាត បានប្រាប់បែបនេះ។
 
ចំពោះទម្រង់លេង លោក ប៉ែន ផាត យល់ថា លោក Honda មិនគួរទុកកីឡាករ ដែលមានទម្រង់លេងត្រូវគ្នាចោលទេ ប្រសិនជាគ្មានករណីរបួស។ លោក ប៉ែន ផាត ក៏មើលឃើញពីការដឹកនាំរបស់លោក Honda កន្លងមក ធ្លាប់ដាក់កីឡាករលេងស៊ីចង្វាក់គ្នាលើទីលាន ហើយទទួលបានជោគជ័យ ក្នុងការប្រកួតខ្លះដែរ។ វិរៈបុរសបាល់ទាត់កម្ពុជារូបនេះ ចង់ឲ្យអ្នកចាត់ការជនជាតិជប៉ុន រៀបទម្រង់លេងដូច្នេះ។
 
អតីតកីឡាករកម្ពុជា នាទសវត្យទី៦០ ដែលតែងតែតាមដានគ្រប់ការប្រកួតរបស់ជម្រើសជាតិកម្ពុជា បានបន្ដរថា៖«លោក Honda តែងប្ដូរទម្រង់ប្រកួត។ តើសួរថាកីឡាករ អាចដើរតាមទម្រង់នេះ បានទេ? កីឡាករ អាចចលនាតាមទម្រង់នោះបានទេ? ទម្រង់លេងរបស់គាត់ល្អហើយ តែកីឡាករ ធ្វើមិនបាន។ «យើង ត្រូវធ្វើអ្វីមួយដែលកីឡាករ ធ្វើបានកុំទុកចោល ហើយត្រូវប្រើវា។»។ 
 
បើតាមលោក ប៉ែន ផាត កម្ពុជាការលេងខុសទម្រង់ និងខុសបែបបទ ទាំងការប្រកួតស៊ីហ្គេមនៅវៀតណាម និង ការប្រកួតជម្រុះពាន AFC Asian Cup 2023 នៅឥណ្ឌា ។
 
«ការយកឈ្នះទីម័រ (ប្រកួតមិត្តភាព) គឺជាសំណាងកម្ពុជា ដោយឈ្នះ ០-១។ ទម្រង់៨ នៅខាងក្រោម កីឡាករឡើងទៅមិនទាន់។»។ វិរៈបុរសបាល់ទាត់កម្ពុជា និយាយបែបនេះ ដោយបានផ្អែកលើបទពិសោធន៍ ដែលធ្លាប់ជាគ្រូបង្វឹកដល់ថៃ និងបារាំង។ ជាមួយគ្នានេះដែរ លោក ប៉ែន ផាត បានសរសើរទម្រង់ជាកម្ពុជា មួយអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៤ មិថុនា  ពាន AFC Asian Cup 2023 បានបង្ហាញទម្រង់លេងត្រូវគ្នា និងមានភាពជឿជាក់។ 
 
លោក ប៉ែន ផាត ដែលមានបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការប្រកួតឲ្យជម្រើសជាតិកម្ពុជា កាលជំនាន់ទសវត្យទី៦០ បានិយាយថា កម្ពុជាមិនធ្លាប់ចាញ់ប្រទេសក្នុងតំបនអាស៊ាន ដល់ទៅ៤-០ទេ នាសម័យនោះ លើកលែងតែ កម្ពុជា ប៉ះប្រទេសនៅតំបន់អ៊ឺរ៉ុប។ 
 
កម្ពុជា បានធ្លាក់ចេញពីការប្រកួត AFC Asian Cup 2023 ត្រឹមវគ្គជម្រុះក្នុងពូល ដោយចាញ់ឥណ្ឌា ២-០, ចាញ់ហុងកុង ៣-០ និងស្មើជាមួយអាហ្វហ្គានីស្ថាន ២-២ ។ លោក Keisuke Honda ហាក់បីដូចជាមិនពេញចិត្តនៅលទ្ធផលនេះទេ ដោយខុសឆ្ងាយពីអ្វីដែលលោកបានរំពឹងទុក។ អ្នកចាត់ការូបនេះ នឹងកំណត់គោលការណ៍តឹងរឹងក្នុងការរើសជម្រើសជាតិ សម្រាប់ប្រកួតអន្ដរជាតិផ្សេងទៀត។
 
 
 

Tag:
 បាល់ទាត់
  ប៉ែន ផាត
© រក្សាសិទ្ធិដោយ thmeythmey.com