ជាតិ
អភិបាលខេត្តព្រះសីហនុ ចេញវិធានការបោសសម្អាតការជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់
17, Jun 2022 , 7:59 pm        
រូបភាព
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ រូបភាពពី រដ្ឋបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ រូបភាពពី រដ្ឋបាលខេត្តព្រះសីហនុ
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចេញវិធានការបោសសម្អាតការជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់ ក្រោយមានករណីបាញ់ប្រហារគ្នា នៅតាមទីសាធារណៈក្នុងខេត្ត ជាបន្តបន្ទាប់ មួយរយៈពេលចុងក្រោយនេះ។លោក គួច ចំរើន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ពង្រឹងសន្តិភាព ស្ថេរភាព កាលពីថ្ងៃទី១៦ មិថុនា។

 
លោក គួច ចំរើន បានបញ្ជាក់ថា ក្រោយការបោះឆ្នោតកន្លងមកនេះ មានបទល្មើសប្រើប្រាស់អាវុធខុសច្បាប់ និងការបង្ករបួសស្នាម ដោយពួកក្មេងទំនើង ក្នុងក្រុងព្រះសីហនុ ខណៈសមត្ថកិច្ច ដែលចុះប្រតិបត្តិការបង្រ្កាប ក៏រងរបួសដោយសារសកម្មភាពខុសច្បាប់ទាំងនោះដែរ។ 
 
ដោយឃើញមានសភាពការណ៍ប្រែប្រួលបែបនេះហើយ ទើបអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបន្ទាន់ដើម្បីដាក់ចេញវិធានការគ្រប់គ្រងសភាពការណ៍ឡើងវិញ។ លោក គួច ចំរើន បញ្ជាឱ្យកម្លាំងជំនាញ ចុះសើបអង្កេត និងស្រាវជ្រាវរកប្រភពដើមនៃការធ្វើចរាចរ ទិញលក់ និងការប្រើប្រាស់អាវុធខុសច្បាប់ ដើម្បីឈានទៅបង្ក្រាបឲ្យទាន់ពេលវេលា។ 
 
«គ្មានការលើកលែងជាដាច់ខាត​ ចំពោះអ្នកចរាចរ ជួញដូរ​ ប្រើប្រាស់​ និងផ្តល់អាវុធដោយខុសច្បាប់​ ហើយត្រូវស្រាវជ្រាវឱ្យដល់ឫសគល់​ និងចាត់វិធានការតាមផ្លូវច្បាប់»។ នេះបើតាមអភិបាលខេត្ត។
 
ជុំវិញបញ្ហានេះ លោក គួច ចំរើន បានដាក់នូវវិធានការបង្ក្រាប និងពង្រឹងការត្រួតពិនិត្យអាវុធ ឱ្យបានហ្មត់ចត់នៅទីតាំង ដែលតែងតែកើតមានករណីប្រើប្រាស់អាវុធខុសច្បាប់។ «ប្រសិនបើជួបករណីអាវុធដែលមិនមានលិខិតស្នាមគ្រប់គ្រាន់ តាមគោលការណ៍នៃការគ្រប់គ្រងអាវុធ គឺត្រូវយកមកសួរនាំឱ្យបានច្បាស់លាស់។ មួយវិញទៀត គណៈបញ្ជាការក្រុង -ស្រុក ត្រូវរៀបចំគោលដៅបង្កើនត្រួតពិនិត្យអាវុធ ចល័តគោលដៅ និងពេលវេលា ដើម្បីទប់ស្កាត់ការនាំចូលអាវុធពីខាងក្រៅ មិនឲ្យដាក់ប៉ុស្តិ៍ជាដាច់ខាត»។ លោក ចំរើន បន្ថែមបែបនេះ៕
 
 
 

Tag:
 លោក គួច ចំរើន ការចរាចរនិងការកាន់កាប់អាវុធខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com