ជាតិ
ពិព័រណ៍ផលិតផលក្នុងស្រុកជួយជំរុញសេដ្ឋកិច្ចខេត្តសៀមរាប
17, Jun 2022 , 8:59 pm        
រូបភាព
សៀមរាប៖ ពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ បានរៀបចំឡើងវិញនៅខេត្តសៀមរាប ក្រោយខកខាន២ឆ្នាំ ដោយសារបញ្ហាជំងឺកូវីដ-១៩។ ប្រធានមន្ទីរពាណិជ្ជកម្ម លោក ភឿន គឹមលី អះអាងថា ពិព័រណ៍នេះ ពិតជាសំខាន់ក្នុងការជួយស្ដារ និងជំរុញសេដ្ឋកិច្ចខេត្តសៀមរាបបានមួយផ្នែក។

 
បន្លែ និងផ្លែឈើរាប់សិបមុខ បានបង្ហាញនៅក្នុងពិព័រណ៍ប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម នៅលើទឹកដីខេត្តសៀមរាប។ ក្រៅពីបន្លែ និងផ្លែឈើ ក៏មានការដាក់លក់របស់កែច្នៃ សិប្បកម្ម អាហារ និងសម្ភារមួយចំនួនទៀតផងដែរ ដែលភាគច្រើនជារបស់ក្នុងស្រុក។
 


ប្រធានមន្ទីរពាណិជ្ជកម្ម លោក ភឿន គឹមលី ប្រាប់ថា បញ្ហាកូវីដ-១៩ មិនបានធ្វើឱ្យការងាររៀបចំពិព័រណ៍ដើរថយក្រោយទេ គឺជាការត្រឡប់មកវិញ ជាមួយផលិតផលថ្មីច្រើន ហើយផលិតផលចាស់ ក៏មានភាពល្អប្រសើរជាងមុនដែរ។ លោក គឹមលី បន្ថែមថា ពិព័រណ៍នេះ ពិតជាផ្នែកមួយ ជួយជំរុញសេដ្ឋកិច្ចខេត្តសៀមរាប។ ដោយសារជាគោលដៅទេសចរណ៍ ដ៏សំខាន់ សម្បូរភ្ញៀវទេសចរចេញចូល និងងាយស្រួលតាំងបង្ហាញផលិតផលទាំងនោះដល់ភ្ញៀវទេសចរ។ 
 
តាមលោកប្រធានមន្ទីរ ឆ្នាំនេះមានចំនួន១២៥ស្ដង់ ដែលស្ដង់ប្រមាណ៥០ ជាផលិតផលរបស់ខេត្តសៀមរាប ហើយភាគច្រើនជាស្ដង់បន្លែ ផ្លែឈើ មាន់ និងរបស់កែច្នៃមួយចំនួន។ ក៏មានដែរ ស្រាស ដែលផលិតកម្រិតល្អ ៥០ដឺក្រេ អង្ករសហគមន៍ ស្ពៃជ្រក់ និងទឹកជ្រលក់របស់សហគមន៍។
 


ក្នុងពិធីបើកពិព័រណ៍ដែលរៀបចំនៅសួនច្បារព្រះរាជដំណាក់ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងថា ពិព័រណ៍នេះ ពិតជាសំខាន់ណាស់ដែលជាសារមួយទៅដល់ប្រជាជនខ្មែរ គាំទ្រផលិតផលក្នុងស្រុក។ ក្នុងនោះ លោកក៏ជំរុញឱ្យកសិករ និងអ្នកផលិតផងនោះ គួរបង្កើនការច្នៃប្រឌិតលើទំនិញរបស់ខ្លួនបន្ថែមទៀត ទាំងការវេចខ្ចប់ អនាម័យ ដើម្បីទាក់ទាញទីផ្សារ។ 
 


លោក ឈួន ដារ៉ា ចង់ឃើញពលរដ្ឋខ្មែរ គាំទ្រផលិតផលរបស់ខ្មែរ។ លោកមានប្រសាសន៍ថា៖« សូមអំពាវនាវឱ្យជនរួមជាតិ ចូលរួមប្រើប្រាស់ទំនិញក្នុងស្រុកឱ្យបានច្រើនជាអតិបរមា ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន»។
 
គួរបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ តែងរៀបចំជារៀងរាល់២ដងក្នុងមួយឆ្នាំនៅខេត្តសៀមរាប ដើម្បីលើកកម្ពស់បន្លែ និងផ្លែឈើកសិករ។ ពិព័រណ៍ឆ្នាំនេះធ្វើឡើងរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី១៦ ដល់១៩ ខែមិថុនា៕
 



 
 
 

Tag:
 ពិព័រណ៍ផលិតផលក្នុងស្រុក
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com