ជាតិ
ប្រធានCATA ចង់ឱ្យខេត្តមិនសូវមានទេសចរ បង្កើតព្រឹត្តិការណ៍ទាក់ទាញភ្ញៀវ ដូចខេត្តព្រៃវែង
17, Jun 2022 , 10:59 pm        
រូបភាព
ដោយ:
ខេត្តព្រៃវែងទទួលបានទេសចរជិត ៨ម៉ឺននាក់ដែលជាចំនួនច្រើនជាងគេកាលពីចុងសប្តាហ៍ទី២នៃខែមិថុនា។ កំណើនទេសចរនេះ ព្រោះខេត្តព្រៃវែងមានព្រឹត្តិការណ៍សាសនា គឺពិធីបុណ្យឡើងអ្នកតាមេ ស។ ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា(CATA) ចង់ឱ្យខេត្តដែលមិនសូវមានទេសចរ រៀបចំព្រឹត្តិការណ៍ផ្សេងៗ​ ដើម្បីទាក់ទាញភ្ញៀវដូចខេត្តព្រៃវែងដែរ។



យោងតាមរបាយការណ៍ភ្ញៀវទេសចរប្រចាំសប្តាហ៍ពីក្រសួងទេសចរណ៍ ភ្ញៀវចំនួន៣២៧ ១៥៤នាក់ ក្នុងនោះទេសចរអន្តរជាតិមាន ១៦ ៩០៤នាក់ បានដើរកម្សាន្តទូទាំងប្រទេស។ ខេត្តព្រៃវែងទទួលបានភ្ញៀវ ៧៩ ៦៩៥នាក់ ដែលជាចំនួនច្រើនជាងគេ ខណៈខេត្តព្រះសីហនុមានទេសចរ ៥២ ៤៥៨នាក់ បានធ្លាក់ទៅចំណាត់ថ្នាក់លេខ២។ ចំណែកខេត្តបាត់ដំបងមានភ្ញៀវទេសចរ ៣៨ ៩៥០នាក់ ស្ថិតនៅចំណាត់ថ្នាក់លេខ៣។​
 
លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង ប្រាប់សារព័ត៌មានThmeyThmey25ថា កំណើនទេសចរក្នុងខេត្តព្រៃវែងនាចុងសប្តាហ៍កន្លងទៅនេះ ព្រោះរដ្ឋបាលស្រុកបាភ្នំបានរៀបចំព្រឹត្តិការណ៍សាសនានៅរមណីយដ្ឋាននគរភ្នំ។ ពិធីបុណ្យឡើងអ្នកតាមេ ស នេះធ្វើឡើងចំនួន៣ថ្ងៃ គឺថ្ងៃទី ១០ ១១ និង១២ ខែមិថុនា ដែលទាក់ទាញទេសចរបានជិត ៧ម៉ឺននាក់។ ថ្ងៃទីមួយនៃពិធីបុណ្យមានទេសចរដើរកម្សាន្ត ប្រមាណ​១ម៉ឺន៥ពាន់នាក់, ថ្ងៃទី២មានទេសចរ​ ប្រមាណ ២ម៉ឺន៥ពាន់នាក់ និងថ្ងៃទី៣ មានទេសចរប្រហែល ៣ម៉ឺននាក់។


 លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែងបញ្ជាក់ថានេះជាលើកទីមួយហើយ ដែលខេត្តព្រៃវែងមានទេសចរដើរកម្សាន្តច្រើនរហូតដល់ចំណាត់ថ្នាក់លេខ១បែបនេះ។ លោកបន្ថែមដូច្នេះ៖ « កន្លងមកយើងមានទេសចរតិចតួចណាស់ ព្រោះយើងមិនសូវមានកន្លែងដើរកម្សាន្ត។ ភ្ញៀវទេសចរមកច្រើននេះ ដោយសារពិធីបុណ្យនៅរមណីដ្ឋាននគរភ្នំ ទិន្នន័យនេះយើងរាប់មិនអស់ផង»។ 
 
លើសពីនេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា(CATA) ចង់ឱ្យបណ្ដាខេត្តដែលមិនសូវមានតំបន់ទេសចរណ៍ ចេះកែច្នៃ និងរើសយកផលិតផលអត្តសញ្ញាណខេត្ត យកមកតាំងបង្ហាញ ឬរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្ដែងការរៀបចំពិធីបុណ្យឡើងអ្នកតាមេ ស នៅខេត្តព្រៃវែង បានធ្វើឱ្យទេសចររ៉ាប់ម៉ឺននាក់ទៅកម្សាន្តនៅខេត្តមួយនេះ។
 
ប្រធានសមាគមទេសចរណ៍កម្ពុជារូបនេះ សាទរចំពោះខេត្តព្រៃវែងដែលអាចទាក់ទាញទេសចររហូតជាប់ចំណាត់ថ្នាក់លេខ១។ អ្នកស្រីបានចាត់ទុកខេត្តព្រៃវែង ជាឧទាហរណ៍មួយសម្រាប់ខេត្តដទៃ ដែលមិនសូវមានទេសចរ គួររៀបចំព្រឹត្តិការណ៍សាសនា វប្បធម៌ និងការតាំងពិព័រណ៍ផ្សេងៗដើម្បីទាក់ទាញភ្ញៀវ ឱ្យចូលចំណាយក្នុងខេត្ត។​ 


 លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ។​ រូបភាពពីទំព័រហ្វេសប៊ុក CATA ។

ប្រធានCATA រូបនេះបញ្ជាក់ដូច្នេះ៖ «សម្រាប់ខេត្តដែលមានទីតាំងតូច ឬមានសក្តានុពលតិចជាងគេ គួរតែរៀបចំព្រឹត្តិការណ៍ប្រពៃណី ទាក់ទងទៅនឹងសិល្បះក៏បាន ឬការតាំងពិព័រណ៍ពីផលិតផល។ បើទោះយើងមិនមានមាត់សមុទ្រដូចគេ តែពួកគាត់អាចមានអ្វីដែលប្លែក ដូចជាចម្ការ។ ផលិតបានអ្វី គួរយកមកបង្ហាញ។ ឧទាហរណ៍ដូចជាខេត្តព្រៃវែងអ៊ីចឹង ទេសចរទៅហួសមកហួស តែពេលគាត់រៀបចំព្រឹត្តិការណ៍ភ្លាមមានទេសចរភ្លាម»។ 
 
យ៉ាងណាមិញ លោកស្រី ឆាយ ស៊ីវលីន លើកឡើងដែរថានៅតាមបណ្ដាខេត្តមួយចំនួនមិនសូវរៀបចំព្រឹត្តិការណ៍ ទាក់ទាញទេសចរនោះទេ ដែលនេះជាកង្វះខាតសម្រាប់ការទាក់ទាញចំណូលពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការរៀបចំព្រឹត្តិការណ៍ ក៏ជាផ្នែកមួយដែលធ្វើឱ្យទេសចរអន្តរជាតិចាប់អារម្មណ៍មកកម្ពុជា។ « ក្នុងនាមយើងជាអ្នករៀបចំកញ្ចប់ទស្សនកិច្ច យើងចង់ឱ្យតាមបណ្ដាខេត្តនានារៀបចំតុបតែង ឬបង្ហាញពីផលិតផលនានា ឬទេសភាព ដែលខ្លួនមាន បន្ថែមដោយព្រឹត្តិការណ៍ »។ នេះជាការបន្ថែមរបស់លោកស្រី ឆាយ ស៊ីវលីន។
 
ដោយឡែក លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានលើកទឹកចិត្តឱ្យមន្ទីរទេសចរណ៍នានា រៀបចំព្រឹត្តិការណ៍​ទាក់ទងទៅនឹងវប្បធម៌ ប្រពៃណី ដែលបង្ហាញពីអត្តសញ្ញាណខេត្ត។ ចំណុចពិសេសរបស់ខេត្តនីមួយ គឺជាភាពទាក់ទាញ នៅតំបន់ និងខេត្តនោះ។
 
លោក តុប សុភ័ក បន្ថែមដូច្នេះ៖« ការរៀបចំព្រឹត្តិការណ៍ដូចជា ប្រពៃណីវប្បធម៌ ជាការបង្ហាញពីអត្តសញ្ញាណ និងទាក់ទាញទេសចរ។ ជាក់ស្ដែងខេត្តព្រៃវែង តែងរៀបចំព្រឹត្តិការណ៍ឡើងអ្នកតានេះជារៀងរាល់ឆ្នាំ មុនកូវីដ-១៩។ ទោះតំបន់ផ្សេងបានបាត់បង់​ តែប្រជាជននៅខេត្តនេះបន្តទំនៀមទំលាប់របស់ពួកគេ។ ជំនឿនេះជាភាពទាក់ទាញណាស់ ព្រោះទេសចរបានស្វែងយល់ ពីប្រពៃណីតាមតំបន់ទេសចរណ៍នានា»។​
  

ភ្ញៀវទេសចរជាតិដើរកម្សាន្តនៅរមណីយដ្ឋាននគរភ្នំ ក្នុងខេត្តព្រៃវែង។ រូបភាពពីប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង។

សូមជម្រាបថា ពិធីបុណ្យឡើងអ្នកតាមេ ស ធ្វើឡើងនៅរមណីដ្ឋាននគរភ្នំក្នុងខេត្តព្រៃវែង។ ពិធីបុណ្យនេះធ្វើឡើង ដើម្បី សុំឱ្យមានភ្លៀងទៀងទាត់សម្រាប់កសិករធ្វើស្រែ ទទួលបានទិន្នផលខ្ពស់។ ជាមួយគ្នានេះទេសចរក៏បានចូលសុំសេចក្ដីសុខ និងដើរកម្សាន្តក្នុងពិធីបុណ្យនេះដែ។ មន្ទីរទេសចរណ៍ខេត្តព្រៃវែង គ្រោងបង្កើតព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីទាក់ទាញទេសចរបន្ថែមទៀត តាមលទ្ធភាពរបស់មន្ទីរ។ ជាមួយគ្នានេះ លោក ទេព វង្សា ក៏ស្នើឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីធ្វើយ៉ាងណាឱ្យខេត្តព្រៃវែងមានព្រឹតិ្តការណ៍ប្លែកៗ៕
 

Tag:
 ThmeyThmey25
  CATA
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com