អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍​​​​​​​​​​​​​​​​​​​​​​​​​​​​
31, Jul 2022 , 10:30 pm        
រូបភាព
សម្រាប់សប្តាហ៍ចុងក្រោយនេះ បញ្ហាមីយ៉ាន់ម៉ា បានក្លាយជាប្រធានបទដ៏ក្តៅមួយ បន្ទាប់ពីរបបសឹកអនុវត្តទោសប្រហារជីវិតលើក្រុមប្រឆាំងចំនួន ៤រូប។ បញ្ហានេះ បានធ្វើឱ្យអាស៊ាន អាម៉េរិក សហភាពអឺរ៉ុប រួមទាំងក្រុមប្រឹក្សាសន្តិសុខផងនោះ ថ្កោលទោសយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ចិន បានព្រមានអាម៉េរិកខ្លាំងៗ ជុំវិញគម្រោងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក នៅតៃវ៉ាន់។

 
ថ្ងៃទី២៥ ខែកក្កដា
 
អាជ្ញាធររបស់យោធាមីយ៉ាន់ម៉ា បានប្រហារជីវិតមនុស្សចំនួន៤រូប ក្នុងនោះរួមមានសកម្មជនប្រជាធិបតេយ្យ ដែលត្រូវបានចោទពាក់ព័ន្ធនឹងភេរវកម្ម។ នេះបើតាមការចុះផ្សាយរបស់កាសែតរដ្ឋ the Global New Light of Myanmar។ នេះជាការកាត់ទោសប្រហារជីវិតលើកដំបូង ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនៅមីយ៉ាន់ម៉ា។
 
សមុទ្រចិនខាងត្បូង មិនមែនជាសួនសត្វសម្រាប់ប្រទេសក្រៅតំបន់ ឬជាតំបន់ប្រយុទ្ធសម្រាប់មហាអំណាចក្នុងការប្រកួតប្រជែង។ ប្រមុខការទូតចិន លោក វ៉ាង យី បានបញ្ជាក់បែបនេះ ដោយបន្តអំពាវនាវឱ្យភាគីពាក់ព័ន្ធ ធ្វើឱ្យសមុទ្រចិនខាងត្បូងក្លាយជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិ។
 
ថ្ងៃទី២៦ ខែកក្កដា
 
យោធាមីយ៉ាន់ម៉ា បានថ្លែងការពារថា ការអនុវត្តទោសលើសកម្មជនចំនួន ៤រូប គឺស្របច្បាប់ និងដោយផ្អែកលើយុត្តិធម៌សម្រាប់ប្រជាជន។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីយោធាមីយ៉ាន់ម៉ា រងការរិះគន់ពីអាស៊ាន និងអាម៉េរិកយ៉ាងខ្លាំង។
 
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានឆ្លើយតបនឹងអាម៉េរិកថា រដ្ឋាភិបាលក្រុងប៉េកាំង តែងគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេង។ បើអ្នកនាំពាក្យក្រសួងការបរទេសចិន ភាគីទាំងអស់នៅមីយ៉ាន់ម៉ា គួរតែដោះស្រាយបញ្ហាដែលមិនព្រមព្រៀងគ្នាឱ្យបានត្រឹមត្រូវ ក្រោមក្របខណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់។
 
ថ្ងៃទី២៧ ខែកក្កដា
 
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានធ្វើទស្សនៈកិច្ចនៅជប៉ុន​ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ។ មេដឹកនាំប្រទេសប្រជុំកោះអាស៊ី​ទាំងពីរនេះ បានព្រមព្រៀងជំរុញទំនាក់ទំនងរវាងគ្នាស្ដីពីបញ្ហាសន្តិសុខដែន​សមុទ្រ ​បម្រែបម្រួលអាកាសធាតុ ថាមពល និងវិនិយោគ។
 
ចិន បានព្រមាន​ថា ទីក្រុងវ៉ាស៊ីនតោននឹងត្រូវទទួលផលវិបាកទាំងអស់ ប្រសិនបើប្រធានសភាតំណាងអាម៉េរិក លោកស្រី Nancy Pelosi ហ៊ានធ្វើទស្សនកិច្ចទៅកោះតៃវ៉ាន់។ ការព្រមាននេះ បានធ្វើឡើង ខណៈធ្វើភាពតានតឹងរវាងអាម៉េរិក និងចិនកាន់តែកើនឡើង។ ​
 
ថ្ងៃទី២៨ ខែកក្កដា
 
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានជជែកតាមប្រព័ន្ធទូរសព្ទជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន ដើម្បីពិភាក្សាពីបញ្ហាជាច្រើនដូចជាតៃវ៉ាន់ និងពាណិជ្ជកម្មទ្វេភាគីជាដើម។ ទាក់ទិននឹងបញ្ហាកោះតៃវ៉ាន់ លោកស៊ី បានប្រាប់លោកបៃឌិនជាថ្មី និងច្បាស់ៗថា ប្រទេសណាប្រឡែងជាមួយភ្លើង ប្រទេសនោះនឹងរងការខូចខាត។
 
ក្រសួងសុខាភិបាលថៃ បានរាយការណ៍ករណីឆ្លងជំងឺអុតស្វាទីពីរ ដែលជាបុរស ធ្លាប់រួមភេទជាមួយបុរសបរទេស។ មិនតែប៉ុណ្ណោះ អ្នកជំងឺរូបនេះ បានរស់នៅក្នុងផ្ទះតែមួយជាមួយមនុស្ស ១០នាក់ថែមទៀត។
 
ថ្ងៃទី២៩ ខែកក្កដា
 
ឧត្តមនាវីឯក  Pokkrong Monthatpalin អ្នកនាំពាក្យកងទ័ពជើងទឹកថៃ បានលើកឡើងថា កងទ័ពជើងទឹក សូមស្នើឱ្យភ្ញៀវទេសចរកុំពាក់ឈុតប៊ីគីនី ក្នុងពេលមកកម្សាន្តនៅកោះ Samae San ក្នុងខេត្តឈុនបុរី ដែលជាតំបន់របស់កងទ័ពជើងទឹកថៃ។ បើតាមអ្នកនាំពាក្យកងទ័ពជើងទឹកថៃ ការទទូចបែបនេះ ធ្វើឡើងដើម្បីវប្បធម៌ និងប្រពៃណីថៃ។
 
ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Daniel J. Kritenbrink បានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នឹងចូលរួមក្នុងប្រជុំអាស៊ានថ្នាក់រដ្ឋមន្រ្តីការបរទេសលើកទី៥៥ នៅទីក្រុងភ្នំពេញ។ បើតាមឧបការីរដ្ឋមន្រ្តីការបរទេស លោកប្លីងខិន នឹងជំរុញឱ្យប្រទេសជាដៃគូ ដាក់សម្ពាធបន្ថែមលើរបបសឹកមីយ៉ាន់ម៉ា ក្នុងកិច្ចប្រជុំនោះ។
 
ថ្ងៃទី៣០ ខែកក្កដា
 
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាឱ្យជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់ដូណេត្ស ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ តំបន់មួយនេះ កំពុងស្ថិតក្រោមការវាយប្រហារខ្លាំងពីរុស្ស៊ី ដើម្បីសម្រេចគោលដៅរបស់ខ្លួន ដែលបានដាក់ចេញកន្លងមក។
 
ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom ប្រកាសបញ្ឈប់បង្ហូរហ្គាសទៅឡេតូនី ដោយអះអាងថា រដ្ឋបាល់ទិកនេះបំពានលក្ខខណ្ឌផ្គត់ផ្គង់ហ្គាសជាមួយក្រុងមូស្គូ។ បើទោះយ៉ាងនេះក្តីមន្រ្តីក្រុងរីហ្កា បានលើកឡើងថា វិធានការនេះផ្តល់ផលវិបាកដល់ឡេតូនីតិចតួចណាស់ ខណៈក្រុងរីហ្កានឹងរឹតត្បិតលើការនាំចូលហ្គាសពីរុស្ស៊ីចាប់ពីដើមខែមករា ឆ្នាំ ២០២៣ ខាងមុខនេះទៅ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com