អន្តរជាតិ
សមាជិកព្រឹទ្ធសភាអាម៉េរិកម្នាក់ទៀត ទៅដល់កោះតៃវ៉ាន់ ហើយសន្យាមិនទុកតៃវ៉ាន់ចោល
26, Aug 2022 , 10:59 am        
រូបភាព
សមាជិកព្រឹទ្ធសភាអាម៉េរិក Marsha Blackburn។ រូបថត AFP
សមាជិកព្រឹទ្ធសភាអាម៉េរិក Marsha Blackburn។ រូបថត AFP
លោកស្រី Marsha Blackburn សមាជិកគណៈកម្មាធិការពាណិជ្ជកម្ម និងយោធាព្រឹទ្ធសភាអាម៉េរិក បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់នៅថ្ងៃទី២៥ ខែសីហា ដើម្បីពិភាក្សាបញ្ហាសន្តិសុខ សេដ្ឋកិច្ច និង​ពាណិជ្ជកម្មទ្វេភាគី។​ ដូចរាល់ដង ចិន ព្រមាននឹងចាត់វិធានការតបត​ចំពោះស​កម្មភា​ព​បង្ក​ហេតុ​របស់​អាម៉េរិក។

 
មន្រ្តីអាម៉េរិក ពិសេសសក្រុមមាជិកសភា បានបន្តធ្វើដំណើរទៅកាន់តៃវ៉ាន់ឥតដាច់ បើទោះជាដឹងថា ធ្វើឱ្យចិនខឹងក្ដី។ 
 
ក្នុងសេចក្ដីប្រកាសថ្ងៃទី២៥ ខែសីហា ការិយាល័យលោកស្រី Marsha Blackburn សមាជិក​ព្រឹទ្ធសភា​អាម៉េរិករដ្ឋ Tennessee បញ្ជាក់ថា លោកស្រី Blackburn បានធ្វើដំណើរទៅ​ដល់​ក្រុងតៃប៉ិតាម​រយៈ​យន្តហោះយោធាអាម៉េរិក។ ​លោកស្រី ត្រូវ​បានទទួល​ស្វាគមន៍​នៅ​ព្រលាន​យន្តហោះដោយអគ្គនាយក​នៃ​ក្រសួងការបរទេស​តៃវ៉ាន់​លោក Douglas Hsu ផងដែរ។
 
«តៃវ៉ាន់ គឺជាដៃគូខ្លាំងបំផុតរបស់យើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដំណើរ​ទស្សនកិច្ច​មន្ត្រីថ្នាក់​ខ្ពស់​ជា​ប្រចាំ​ទៅ​ទីក្រុង​តៃប៉ិ ជា​គោល​នយោបាយ​របស់​​អាម៉េរិក​ដែល​មាន​ជា​យូរ​មក​ហើយ»។ លោកស្រី Blackburn បានបញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ រួចបន្តថា​ លោកស្រី និងអាម៉េរិក នឹង​មិន​បែរខ្នងទុកតៃវ៉ាន់ចោលនោះទេ ទោះបីជាមានការគំរាមពីចិនយ៉ាងណាក្ដី។
 
បន្ថែមពីនេះ ក្រសួងការបរទេសតៃវ៉ាន់បានប្រកាសក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយថា លោកស្រី Blackburn នឹងចំណាយពេលស្នាក់នៅដល់ថ្ងៃទី២៧ ខែសីហា ហើយត្រូវជួបលោកស្រីប្រធានាធិបតី Tsai Ing-wen, រដ្ឋមន្ត្រីការបរទេសលោក Joseph Wu និងមន្ត្រីសន្តិសុខផ្នែកលោក Wellington Koo។ បើតាមការិយាល័យប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai នឹងជួបជាមួយលោកស្រី Blackburn នៅព្រឹកថ្ងៃទី ២៦ ខែសីហា។
 
សេចក្ដីថ្លែងការរបស់ក្រសួងការបរទេសដដែលបានបញ្ជាក់ពីប្រធានបទដែលនឹងត្រូវពិភាក្សាលើ​បញ្ហា​ទ្វេភាគីផ្សេងៗដូចជាផ្នែកសន្តិសុខ សេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម។
 
ជាការឆ្លើយតបនឹងដំណើរទស្សកិច្ចមួយនេះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បានសន្យាថា ក្រុងប៉េកាំងនឹងចាត់វិធានការណាមួយយ៉ាងម៉ឺងម៉ាត់ដើម្បីឆ្លើយតបនឹង​អ្វី​ដែល​លោកបានចាត់ទុកជាការបង្ករឿងដោយអាម៉េរិក៕
 
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com