អន្តរជាតិ
ឥណ្ឌា ប្រាប់ប្រជាជនខ្លួនពិចារណាលើបញ្ហាប្រេងឥន្ធនៈ និងការប្តូររូបិយប័ណ្ណមុនទៅស្រីលង្កា
26, Aug 2022 , 2:59 pm        
រូបភាព
ប្រជាជនស្រីលង្កា បញ្ឈរម៉ូតូ និងចតឡានដើម្បីចាក់សាំង។ រូបថត Xinhua
ប្រជាជនស្រីលង្កា បញ្ឈរម៉ូតូ និងចតឡានដើម្បីចាក់សាំង។ រូបថត Xinhua
ដោយ:
រដ្ឋាភិបាលឥណ្ឌានៅថ្ងៃទី២៥​ ខែសីហាលើកទឹកចិត្តឱ្យប្រជាជនឥណ្ឌាទាំងអស់ដែលគ្រោងដំណើរទៅស្រីលង្កាពិនិត្យមើលបញ្ហាពាក់ព័ន្ធរួមមានការប្តូររូបិយប័ណ្ណ និងស្ថានភាពប្រេងឥន្ធនៈក្នុងប្រទេសនេះឱ្យបានម៉ត់ចត់ជាមុន ខណៈស្ថានភាពសេដ្ឋកិច្ចនៅស្រីលង្កាបច្ចុប្បន្នមិនទាន់ជាគាប់ប្រសើរអ្វីទេ។

 
ជាកោះមានប្រជាជនសរុបប្រមាណ២២លាននាក់ ស្រីលង្កាកំពុងស្វះស្វែងរកជំនួយពីដៃគូអន្តរជាតិ និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីដោះទ័លវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតដែលមិនធ្លាប់ប្រឈមតាំងពីទទួលបានឯករាជ្យពីអង់គ្លេសឆ្នាំ ១៩៤៨។ ការគ្រប់គ្រងសេដ្ឋកិច្ចប្រទេសមិនបានល្អរបស់អតីតមេដឹកនាំស្រីលង្កា លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា បានធ្វើឱ្យប្រទេសក្ស័យធន ខ្វះទុនបម្រុងមិនអាចនាំចូលសូម្បីតែទំនិញចាំបាច់ដូចជាប្រេងឥន្ទនៈ ស្បៀងអាហារ និងថ្នាំពេទ្យជាដើម។ 
 
កង្វះទំនិញចាំបាច់ទាំងនេះ បណ្តាលឱ្យវិស័យទេសចរណ៍របស់ស្រីលង្កាដែលផ្តល់ចំណូលប្រមាណ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមអាជ្ញាធរអភិវឌ្ឍន៍វិស័យ​ទេសចរណ៍ស្រីលង្កា ចំនួនទេសចរដែលភាគច្រើនមកពីអង់គ្លេស ឥណ្ឌា និងចិនបានធ្លាក់ចុះប្រហែល៦០ភាគរយក្នុងខែមិថុនា បើធៀបទៅនឹងខែមីនា ឆ្នាំ២០២២។ 
 
យ៉ាងណាមិញ ក្រោយទស្សនកិច្ចនៅឥណ្ឌាដើម្បីផ្សព្វផ្សាយវិស័យទេសចរ រដ្ឋមន្រ្តីទេសចរណ៍ស្រីលង្កាលោក Harin Fernando ប្រាប់អ្នកកាសែតនៅសប្តាហ៍មុនថា លោករំពឹងភ្ញៀវទេសចរយ៉ាងហោចណាស់១លាននាក់ពីឥណ្ឌានៅឆ្នាំនេះ។ ពាក់ព័ន្ធរឿងនេះ លោក​ Arindam Bagchi អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា អំពាវនាវឱ្យប្រជាជនឥណ្ឌាពិចារណាពីកត្តាហានិភ័យមុនសម្រេចទៅទស្សនកិច្ចនៅរដ្ឋអាស៊ីខាងត្បូងនេះ។ 
 
«យើងបានតាមដានការវិវឌ្ឍនៅទីនោះ។ តាមការយល់ឃើញរបស់យើងនោះគឺថាប្រជាជនឥណ្ឌានៅតែជាប្រភពទេសចរដ៏ធំបំផុតសម្រាប់ស្រីលង្កា»។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាតបទៅនឹងសំណួរអ្នកកាសែតបែបនេះអំឡុងសន្និសីទព័ត៌មានខ្លីមួយនាថ្ងៃទី២៥ ខែសីហា។
 
ទាក់ទងការធ្វើដំណើររបស់ប្រជាជនឥណ្ឌាទៅស្រីលង្កាក្នុងស្ថានភាពបច្ចុប្បន្ននេះ លោក Bagchi លើកទឹកចិត្តឱ្យប្រជាជនខ្លួនមើលការប្រុងប្រយ័ត្នឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីបញ្ចៀសបញ្ហាណាមួយ។ បើតាមលោក Bagchi សុវត្ថិភាពរបស់ជនជាតិឥណ្ឌាទាំងអស់អំឡុងការស្នាក់នៅក្រៅទឹកដីឥណ្ឌាតែងជាក្តីបារម្ភចម្បងរបស់រដ្ឋាភិបាលក្រុងញូវដែលី។ ដូច្នោះ ពួកគេគួរតែត្រួតពិនិត្យមើលបញ្ហាពាក់ព័ន្ធដូចជាការប្តូររូបិយប័ណ្ណ និងស្ថានភាពប្រេងឥន្ទនៈមុនសម្រេចចិត្តចេញដំណើរទៅស្រីលង្កា៕
 
 
 

Tag:
 ឥណ្ឌា
  ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com