អន្តរជាតិ
តុលាការវៀតណាម ឱ្យអ្នកកាសែតម្នាក់ជាប់ពន្ធនាគារ៩ឆ្នាំ ព្រោះផ្សាយ​ព័តមានប្រឆាំងរដ្ឋ
26, Aug 2022 , 5:29 pm        
រូបភាព
អ្នកកាសែតវៀតណាម Pham Doan Trang ។ រូបថត ICJ
អ្នកកាសែតវៀតណាម Pham Doan Trang ។ រូបថត ICJ
តុលាការកំពូលក្រុងហាណូយ នៅថ្ងៃទី២៦ ខែសីហា រក្សាការផ្ដន្ទាទោសរបស់តុលាការដំបូង​ដែល​កាត់​ទោសអ្នកកាសែតស្រីម្នាក់​ឱ្យ​ជាប់ពន្ធនាគារ៩ឆ្នាំ ដោយសារ​ផ្សព្វផ្សាយ​ព័ត៌មានប្រឆាំងនឹង​រដ្ឋ​ជុំវិញ​រឿង​សិទ្ធិមនុស្ស។ នេះបើតាមការលើក​ឡើង​របស់មេធាវីលោកស្រី និង​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក។

 
អ្នកកាសែតស្រីជនជាតិវៀតណាមឈ្មោះ Pham Doan Trang មានអាយុ ៤៤ឆ្នាំ ត្រូវបាន​កាត់​ទោស​ដោយតុលាការប្រជាជនក្រុងហាណូយក្នុងឆ្នាំ២០២១ បន្ទាប់រងការចោទ​ពីបទប្រព្រឹត្តសកម្មភាព​ប្រឆាំងរដ្ឋដែលជាបទចោទពេញនិយមសម្រាប់ការកាត់ទោសសកម្មជនសិទ្ធិមនុស្ស និង​អ្នក​កាសែត។ 
 
នេះក៏ដោយ​សារលោកស្រី​ផ្សព្វផ្សាយពីបញ្ហាសិទ្ធិមនុស្ស​ និងនិយាយវាយប្រហារប៉ូលិសវៀត​ណាម​ដែល​ប្រព្រឹត្តអំពើហិង្សា។ ក្រោយត្រូវបានតុលាការ​ដំបូងកាត់ទោស​៩ឆ្នាំកាលពីខែធ្នូ ឆ្នាំ២០២១ លោកស្រី បានដាក់ពាក្យប្ដឹងជំទាស់ទៅ​តុលាការកំពូល។ នៅថ្ងៃទី២៦ ខែសីហា តុលាការ​កំពូលក្រុង​ហាណូយបានច្រានចោល​បណ្ដឹងឧទ្ធរណ៍លោកស្រី Trang ហើយរក្សាការសម្រេចឱ្យជាប់​ពន្ធនាគារ​រយៈពេល៩ឆ្នាំ។ 
 
«Trang បានអះអាងថា ការកាត់ក្តីដំបូងក្នុងខែធ្នូ មិនបានអនុវត្តតាមនីតិវិធីច្បាប់ក្នុងស្រុក និង​សន្ធិសញ្ញាអន្តរជាតិទេ រីឯតុលាការអះអាងថា មិនមានហេតុផលគ្រប់គ្រាន់ទទួល​យក​បណ្តឹង​ឧទ្ធរណ៍​របស់លោកស្រីឡើយ»។ លោកមេធាវី Dang Dinh Manh របស់​លោក​ស្រី Trang បានលើក​ឡើង​បែបនេះ មុនបន្ថែមថា សមាជិកគ្រួសារលោកស្រី Trang និង​អ្នកការទូតនៅវៀតណាម មិនអនុញ្ញាត​ឱ្យចូលរួមពេលតុលាការកាត់ក្ដីឡើយ។ 
 
ទោះបីជាវៀតណាមមានការកែទម្រង់សេដ្ឋកិច្ចឱ្យមានភាពបើកចំហ និងទូលំទូលាយ ដើម្បីផ្លាស់ប្តូរ​សង្គមក៏ដោយ ក៏ប្រទេសកុម្មុយនិស្តមួយនេះនៅតែរឹតបន្តឹងការគ្រប់គ្រង​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមិនអត់ឱនចំពោះការរិះគន់ផ្សេងចំពោះរដ្ឋាភិបាល។
 
តាំងពីដើមមក សហភាពអឺរ៉ុបបានប្រតិកម្មនឹងការកាត់ទោសលោកស្រី Trang ដោយបាន​អះអាងថា វាជាការ​កាត់ក្ដីមិនច្បាស់លាស់។ សហភាព​អឺរ៉ុប ​បាន​​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​អ្នក​ការពារ​សិទ្ធិមនុស្សទាំង​អស់​ដែល​ត្រូវ​បាន​ឃុំខ្លួន។ កាលពីខែមីនា អាម៉េរិក​បានប្រគល់ពានរង្វាន់​ស្ត្រី​អន្តរជាតិមាន​ភាពក្លាហានឱ្យលោកស្រី Trang ថែមទៀត។ ប៉ុន្តែវៀតណាម​បានជំទាស់នឹង​ការ​ផ្ដល់​ពានរង្វាន់នេះ។ 
 
លោកស្រី Trang ជាអ្នកនិពន្ធ និងអ្នកកាសែតគាំទ្រសិទ្ធិមនុស្ស ក៏ដូចជា​សកម្មជនប្រជាធិបតេយ្យល្បី​ឈ្មោះម្នាក់នៅវៀត​ណាម។ នៅឆ្នាំ២០១៨ លោកស្រី​ត្រូវ​បាន​ឃុំខ្លួន​បន្ទាប់​ពី​បាន​ជួប​គណៈប្រតិភូ​អឺរ៉ុប​ពេល​រៀបចំវេទិការសន្ទនាស្ដីពី​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំរវាងអឺរ៉ុប និងវៀតណាម។ លោកស្រី Trang ក៏ត្រូវ​បានអញ្ជើញឱ្យចូលរួមក្នុងវេទិការស្ដី​ពីសិទ្ធិមនុស្សរបស់លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៦ តែ​ត្រូវ​ប៉ូលិសវៀតណាមឃាត់ខ្លួនមិន​ឱ្យទៅ៕ 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com