ជាតិ
Khmer Dive Group ចង់ឱ្យទេសចរណ៍បាតសមុទ្រពេញនិយមនៅកម្ពុជា
27, Aug 2022 , 8:00 pm        
រូបភាព
ដោយ:
ព្រះសីហនុ៖ ទេសចរណ៍បែបមុជទឹកទៅបាតសមុទ្រ ហាក់មិនទាន់ពេញនិយមខ្លាំងឡើយក្នុងប្រទេសកម្ពុជា ខណៈសក្ដានុពលធនធានសមុទ្រកម្ពុជា មិនចាញ់ប្រទេសដទៃ។ បន្ទាប់ពីធ្វើការនៅប្រទេសថៃ លោក កាន់ ភារៈ បានសម្រេចបើកក្រុមហ៊ុន ដែលផ្ដោតលើទេសចរណ៍បាតសមុទ្រ នៅកម្ពុជាក្នុងឆ្នាំ២០១៩ ក្នុងគោលបំណងស្រាវជ្រាវធនធានបាតសមុទ្រ និងជំរុញទេសចរណ៍ប្រភេទនេះ។



សូមអញ្ជើញលោក អ្នកនាង កញ្ញា ទស្សនាបទសម្ភាសដូចតទៅ៖ 
 

ផ្កាថ្មជាច្រើនប្រភេទ ត្រីសមុទ្រជាច្រើនក្បាល និងធនធានបាតសមុទ្ររាប់មិនអស់ ជាភាពទាក់ទាញមួយនៃទេសចរណ៍បាតសមុទ្រ។ ទេសចរណ៍ប្រភេទនេះ មិនទាន់ពេញនិយមឡើយក្នុងប្រទេសកម្ពុជា ដ្បិតទេសចរគិតថាលំបាក និងមិនទាន់បានយល់ពីសក្តានុពលទេសចរណ៍បាតសមុទ្រ។ ដោយឡែក ប្រទេសក្នុងតំបន់ បានទាញយកចំណូលជាច្រើនពីទេសចរណ៍ប្រភេទនេះ។ 
 
ក្នុងដំណើរកម្សាន្តជាមួយនាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ លោក កាន់ ភារៈ ម្ចាស់ក្រុមហ៊ុន Khmer Dive Group បានប្រាប់អ្នកសារព័ត៌មានថា លោកបានបង្កើតក្រុមហ៊ុននេះឡើងក្នុង ឆ្នាំ២០១៩ និងបានបង្វឹកយុវជនជាច្រើនពីជំនាញមុជទឹកក្នុងសមុទ្រនេះ។ 
 លោក កាន់ ភារៈ មានសុទិដ្ឋិនិយម Khmer Dive Group ជាផ្នែកមួយជំរុញ និងបង្ហាញសក្តានុពលធនធានបាតសមុទ្រ ដល់ទេសចរជាតិ និងអន្តរជាតិ។ « ទេសចរមកតំបន់កោះ គិតថាធនធានសមុទ្រខ្មែរ មិនស្អាតដូចប្រទេសដទៃ។ ប៉ុន្តែពេលគាត់មកដល់តំបន់កោះ ហើយបានមើលជីវៈចម្រុះ ជាមួយKhmer Dive Group គាត់ចាប់អារម្មណ៍ខ្លាំង។ តំបន់កោះរបស់យើងមានជីវៈចម្រុះច្រើន ដែលទេសចរមិនដែលបានឃើញនៅតំបន់ផ្សេង»។ នេះជាការលើកឡើងរបស់លោក កាន់ ភារៈ។
លោក កាន់ ភារៈ ម្ចាស់ក្រុមហ៊ុន Khmer Dive Group ផ្ដល់បទសម្ភាសជាមួយសារព័ត៌មានThmeyThmey25 នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
សម្រាប់ទេសចរ ដែលចង់មុជទឹកមើលធនធានបាតសមុទ្រ គួរតែហាត់រៀនសិនមុន។ សម្រាប់ក្រុមហ៊ុន Khmer Dive Group មានកន្លែងសម្រាប់ឱ្យទេសចរហាត់រៀនហែលទឹក នៅអាងទឹកនៅភ្នំពេញ និងកោះរ៉ុងផ្ទាល់តែម្ដង។
 
សូមជម្រាបថា ខេត្តព្រះសីហនុ មានតំបន់ផ្កាថ្មច្រើនជាងគេ គឺរហូតដល់ ១ ១៩៨ហិកតា ខណៈខេត្តកំពតមាន ៩៥៣ហិកតា។ ខេត្តកោះកុង ក៏មានមានតំបន់ផ្កាថ្ម៦០២ហិកតាដែរ រីឯខេត្តកែបមាន ជាង៥២ហិកតា។ នេះបើតាមរបាយការណ៍កាលពីឆ្នាំ២០០៧ របស់ក្រសួងបរិស្ថាន៕ 
 


Tag:
 Khmer Dive Group
  កាន់ ភារៈ
© រក្សាសិទ្ធិដោយ thmeythmey.com