ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ ពលរដ្ឋនៅឃុំជីខក្រោម បារម្ភសុវត្ថិភាពធ្វើដំណើរពេលយប់ ព្រោះផ្លូវស្ងាត់ និងមានភ្លើងបំភ្លឺតិច
28, Aug 2022 , 11:29 am        
រូបភាព
 
ដោយ៖ លី ស្រីមុំ ( យុវជនឃុំជីខក្រោម) 

ស្រែអំបិល, កោះកុង ៖  ពលរដ្ឋរស់នៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បារម្ភពីសុវត្ថិភាពធ្វើដំណើរពេលយប់ ខណៈផ្លូវស្ងាត់ និងមានភ្លើងបំភ្លឺផ្លូវតិចតួចនៅឡើយ។ ទាក់ទងបញ្ហានេះ មេឃុំជីខក្រោម ទទួលស្គាល់ថា​ នៅក្នុងឃុំពិតជាខ្វះខាតភ្លើងបំភ្លឺផ្លូវពិតមែន តែយ៉ាងណាអាជ្ញាធរក៏គ្រោងដាក់ភ្លើងបំភ្លឺផ្លូវ បន្ថែមដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងសុវត្ថិភាពរបស់ពលរដ្ឋ។

 
អ្នកស្រី លៀន គីម  ជាពលរដ្ឋរស់នៅឃុំជីខក្រោម ស្រុកស្រែអំបិល បានត្អូញត្អែរថា ការធ្វើដំណើរពេលយប់នៅក្នុងឃុំ មានភាពលំបាក ព្រោះផ្លូវមានជង្ហុកច្រើន និងងងឹត។ រស់នៅតំបន់ធ្វើចម្ការ ពីផ្ទះមួយទៅផ្ទះមួយហាក់នៅឆ្ងាយពីគ្នា មិនសូវអ៊ូអរ ដូចក្នុងក្រុងឡើយ។ អ្នកស្រី លៀន គីម ត្រូវធ្វើដំណើរពីចម្ការទៅផ្ទះ វេលាម៉ោងប្រមាណ ៧ យប់ជារៀងរាល់ថ្ងៃ។ ផ្លូវពីចម្ការ មានផ្ទះពលរដ្ឋស្នាក់នៅមួយៗ ប៉ុណ្ណោះ។
 
ស្ដ្រីវ័យ៤៩ឆ្នាំរូបនេះ បានរៀបរាប់ថា នៅក្នុងឃុំមានភ្លើងបំភ្លឺផ្លូវតិចតួច ដែលមានកន្លែងជាច្រើន ងងឹតពិបាកធ្វើដំណើរ។  « ពេលដើរពេលយប់ ខ្ញុំខ្លាចសត្វមានពិស ខ្លាចចោរនៅតាមផ្លូវងងឹត»។  នេះជាការអះអាងរបស់អ្នកស្រី លៀន គីម ដែលចង់ឱ្យ អាជ្ញាធរ ជួយដាក់ភ្លើងបំភ្លឺ នៅតាមដងផ្លូវឱ្យបានច្រើនជាពិសេសកន្លែងស្ងាត់ ដើម្បីជួយសម្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋនាពេលយប់។ 

 ផ្លូវធ្វើដំណើរក្នុងឃុំជីខក្រោម ។ 
លោក លី ប៊ុនធីម ជាពលរដ្ឋរស់នៅភូមិអន់ឆ្អើត ឃុំជីខក្រោម ក៏បានត្អួញត្អែរពីបញ្ហាសុវត្ថិភាពធ្វើដំណើរពេលយប់ដែរ។ លោក លី ប៊ុនធីម មានក្ដីបារម្ភចំពោះកូន និងក្មេងស្រី ក្នុងឃុំ ដែលធ្វើដំណើរពេលយប់ ព្រោះមានជង្ហុកច្រើន​ ជាពិសេសខ្លាចជនអាក្រក់​​ ខណៈផ្លូវស្ងាត់ និងងងឹត ។ 
 
បុរសវ័យ៤០ឆ្នាំរូបនេះ អះអាងថា៖ «ខ្ញុំមានការព្រួយបារម្ភពីបញ្ហាផ្លូវងងឹតនៅតាម ផ្លូវកែង និងត្រង់កន្លែងដាច់ស្រយាល ដែលធ្វើឱ្យពិបាកក្នុងការធ្វើដំណើរជាពិសេសគឺក្មេងស្រីៗ ធ្វើដំណើរនៅពេលយប់ ពីព្រោះនៅភូមិឃុំ មិនទាន់មានដាក់ភ្លើងបំភ្លឺផ្លូវនៅឡើយ»។ 
 
ជុំវិញបញ្ហានេះ លោកមេឃុំជីខក្រោម អាង ទី បានឱ្យដឹងថា​ សព្វថ្ងៃនៅក្នុងឃុំ មានបំពាក់ភ្លើងបំភ្លឺផ្លូវចំនួន៥០-៦០ ប៉ុណ្ណោះ ដែលចំនួននេះ ពិតជាមានការខ្វះខាតនៅកន្លែងស្ងាត់ជាច្រើនទៀត។ 

 លោក អាង ទី មេឃុំជីខក្រោម ។ 
ជាមួយគ្នានេះ មេឃុំជីខក្រោមរូបនេះ   ក៏កំពុងគិតគូរគ្រោងបន្ថែមអំពូលភ្លើង ដាក់តាមផ្លូវឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយការពារសុវត្ថិភាពរបស់ពលរដ្ឋក្នុងឃុំ។ ទន្ទឹមនឹងក្ដីបារម្ភពីសុវត្ថិភាពរបស់ពលរដ្ឋ លោកមេឃុំរូបនេះ ក៏បានឱ្យប្រជាការពារភូមិ តែងយាមល្បាតត្រង់កន្លែងស្ងាត់ ដើម្បីជួយសម្រួលភាពភ័យខ្លាចដល់ពលរដ្ឋ។ 
លោក មេឃុំ អះអាងដូច្ន៖«ចំពោះសន្តិសុខសុវត្ថិភាពយើងបានសហការជាមួយរដ្ឋបាលប៉ុស្តិ៍ប៉ូលិស ហើយក៏ដូចជាប្រជាការពារភូមិរបស់ពួកយើងឱ្យពួកគាត់យកចិត្តទុកដាក់ជួយមើលទៅតាមចំណុចផ្លូវស្ងាត់ គឺផ្លូវដាច់ស្រយាលឱ្យជួយមើលជារឿយៗ មិនអាចប្រហែសបានទេ»៕
 
 
​អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។
 

Tag:
 យុវជនសកម្មសេវាល្អ
© រក្សាសិទ្ធិដោយ thmeythmey.com