ជាតិ
៤ថ្ងៃ សមត្ថកិច្ច ជួយជនរងគ្រោះ៣៥នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សនៅខេត្តព្រះសីហនុ
28, Aug 2022 , 4:53 pm        
រូបភាព
(ឈុតខ្មៅ) លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ ដឹកនាំប្រតិបត្តិការចុះបង្ក្រាបការបង្ខាំងមនុស្ស និងជួញដូរនៅក្នុងខេត្តព្រះសីហនុ។
(ឈុតខ្មៅ) លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ ដឹកនាំប្រតិបត្តិការចុះបង្ក្រាបការបង្ខាំងមនុស្ស និងជួញដូរនៅក្នុងខេត្តព្រះសីហនុ។
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ ស្នងការខេត្តព្រះសីហនុ បានចុះបង្រ្កាបជនសង្ស័យបង្ខាំងមនុស្សខុសច្បាប់ និងជួយជនរងគ្រោះ បាន៣៥នាក់ ពីថ្ងៃទី២៣ ដល់២៦ សីហា ។

 
ស្នងការខេត្តព្រះសីហនុលោក ជួន ណារិន្ទ ​ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី ២៨ សីហានេះថា ក្រុមការងារប្រតិបត្តិការតាមប្រព័ន្ធ​ Hotline បានចុះបង្រ្កាប និងជួយសង្គ្រោះជនបរទេសបានចំនួន៣៥នាក់ រយៈពេល៤ថ្ងៃនេះ ។​ ក្រុមការងារ កំពុងស្វែងរកមុខសញ្ញាបន្ថែមទៀត។ លោកសុំមិនបញ្ចេញព័ត៌មានលម្អិតជុំវិញករណីជនសង្ស័យ និងជនរងគ្រោះ ដើម្បីស្រាវជ្រាវរកជនពាក់ព័ន្ធបន្ថែមទៀត។ 
 
ជាមួយគ្នានេះ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលើហ្វេសប៊ុកថា ក្រុមប្រតិបត្តិការតាមប្រព័ន្ធ Hotline និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានជួយសង្គ្រោះជនម៉ាឡេស៊ី១នាក់ ពីក្រុមហ៊ុនមួយស្ថិត ខេត្តព្រះសីហនុ។ ករណីនេះ ជាករណីចុះបង្ក្រាបលើកទី១ នៅថ្ងៃទី២៣ សីហា។ 
 
បើតាមសម្ដេច ករណីដំបូងនេះ ក្រុមជនរងគ្រោះ បាននិយាយថា ពួកគេត្រូវបាន​ចាប់បង្ខាំងដោយខុសច្បាប់ ប្រើហិង្សា កំហែង និងជួញដូរកម្លាំង​ពលកម្មជាដើម។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៨នាក់ បន្ថែមទៀត ។ ក្នុងនោះសមត្ថកិច្ចបានដកហូតអាវុធខ្លី​ម៉ាក ZORAKI ចំនួន១ដើមផងដែរ។ 
 
មួយថ្ងៃក្រោយមក ក្រុមប្រតិបត្តិការ បានជួយជនរងគ្រោះចំនួន៣នាក់ទៀត នៅខេត្តព្រះសីហនុ និងឃាត់ខ្លួនអ្នកគ្រប់គ្រង១នាក់ យកមកសាកសួរបន្ថែមទៀត។ 
«បន្ទាប់ពីសាកសួរជនរងគ្រោះ និងអ្នកគ្រប់គ្រង បានឲ្យដឹងថា ករណីនេះមិនមែនជាករណីបង្ខាំង ឬជួញដូរមនុស្ស នោះទេ ។ជនរងគ្រោះបានចូលធ្វើការនៅក្នុងក្រុមហ៊ុនជាធម្មតា ដោយសារគាត់មិនពេញចិត្តនឹងការងារ និងមិនអាចចេញក្រៅបាន ទើបពួកគាត់ប្តឹងស្នើសុំយកពួកគាត់ចេញពីក្រុមហ៊ុននេះ»។ នេះបើតាមសម្ដេច ស ខេង។ 
 
លុះមកដល់ថ្ងៃទី២៦ ខែសីហា សមត្ថកិច្ចបានបន្តបង្ក្រាបជនសង្ស័យជួញដូរអាវុធចំនួន ៣នាក់ និងដកហូតវត្ថុតាងអាវុធវែង២ដើម ម៉ាក PPSH41 និងម៉ាក កាលីតឌូ “KARATAY” បង់ត្រឡោកចំនួន១, បង់អាវុធវែង AK ចំនួន១, អាវុធខ្លីចំនួន៤ដើម ម៉ាក ZORAKI ចំនួន៣ដើម និងម៉ាក SIG SAURER ១ដើម គ្រាប់កាំភ្លើងសរុបចំនួន២៦៥គ្រាប់, រថយន្តចំនួន៤គ្រឿង និងសម្ភារៈផ្សេងៗ។ នាថ្ងៃនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុបចំនួន​១១នាក់ បន្ថែមទៀត។
 
បើតាមសម្ដេច ស ខេង ជនសង្ស័យទាំងនេះ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់៕
 

Tag:
 ការជួញដូរពលកម្មមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com