ជាតិ
រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង សុំ​ឱ្យ​អ្នក​រៀប​ចំ​កម្ម​វិធី Miss Grand Cambodia 2022 បក​ស្រាយ​ពី​​ឈុត​នីមួយ​ៗ នៃ​ខេត្ត​​​
28, Aug 2022 , 6:00 pm        
រូបភាព
 រូបពីហ្វេសប៊ុកផេក Miss Grand Cambodia
រូបពីហ្វេសប៊ុកផេក Miss Grand Cambodia
ភ្នំពេញ​៖ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ពេល​ឃើញមាន​ការ​ស្លៀក​ពាក់ឈុត​​ស៊ីចស៊ី​តំណាង​ឱ្យ​ខេត្តស្ទឹង​ត្រែង​។ ពលរដ្ឋ​និង​រដ្ឋ​បាល​ខេត្តនេះ សុំ​ឱ្យ​អ្នក​រៀប​ចំ​កម្ម​វិធី Miss Grand Cambodia ពិសេស​ផលិត​កម្ម​មហាហង្ស បក​ស្រាយ​អំពី​ដំណើរ​ការ​ នៃ​ការ​បង្ហាញ​ឈុត​នីមួយ​ៗ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​​ខេត្ត​ស្ទឹង​ត្រែង​។ ទោះ​ជា​យ៉ាង​ណា​ រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង អះ​អាង​ថា ខ្លួន​គាំ​ទ្រ​ចំពោះ​ការ​បង្ហាញ​ឈុត​តំណាង​ខេត្ត​​ ដែល​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រពៃណី​ និង​ទំនៀម​ទម្លាប់​ របស់​ខេត្ត​ស្ទឹង​ត្រែង​​។


លោក​ ម៉ែន គុង នាយក​រង​រដ្ឋ​បាល​សាលាខេត្ត​ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ តាម​ទូរសព្ទ​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា​ ឆ្នាំ​២០២២​នេះ​ថា រដ្ឋ​បាល​ខេត្ត​​គាំ​ទ្រ កម្ម​វីធី​ Miss Grand Cambodia 2022 ចំពោះ​ការបង្ហាញ​ឈុត​តំណាង​ខេត្ត​ស្ទឹង​ត្រែង ដែល​មិនធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​ខេត្ត​ខ្លួន​។ 

លោក ម៉ែន គុង នាយករងរដ្ឋបាលសាលាខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ក្នុង​ដំណាក់​កាល​នៃ​ការ​បង្ហាញ​ឈុត​នីមួយ​ៗ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ខេត្ត​ស្ទឹង​ត្រែង ឃើញ​មាន​ឈុត​ស៊ីចស៊ី ដូច្នេះ​លោក ម៉ែន​ គុង​ សុំ​ឱ្យអ្នក​រៀប​ចំ​កម្ម​វិធី​ Miss Grand Cambodia បក​ស្រាយ​ឱ្យ​ប្រជា​ជន​ខេត្ត​ស្ទឹង​ត្រែង​យល់​ឱ្យ​បាន​ច្បាស់​​​​។ ដ្បិត​អី នា​យក​រង​រដ្ឋ​បាល​សាលាខេត្តរូប​នេះ យល់​ឃើញ​ថា វា​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់តម្លៃ​​ប្រពៃណី​ ទំនៀម​ទម្លាប់​ដ៏​ល្អ​របស់​​ខេត្តស្ទឹង​ត្រែង​​។
 
«ក្នុង​ការ​បង្ហាញ​ឈុត​រក្សា​ស្ថានភាព វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់​របស់​ពលរដ្ឋ​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង ​យើង​ទាំង​អស់​គ្នា​គាំ​ទ្រ​។ ប៉ុន្តែ​ពួក​យើង​​ខ្លាច​ថា ការ​បង្ហាញ​ឈុត​ខ្លះ​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រពៃ​ណី​ក្នុង​ខេត្ត​​ស្ទឹង​ត្រែ​ង​ដែល​មាន​ជា​យូរ​មក​ហើយ​។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​រៀប​ចំកម្ម​វិធី នឹង​បក​ស្រាយ​ ថា​តើ​ដំណាក់​កាល​នៃ​ការ​បង្ហាញ​ឈុត​នីមួយ​ៗ ​ឈុតណា​តំណាង​ឱ្យកម្ម​វិធី ឈុត​ណា​តំណាង​ឱ្យ​ខេត្ត​?»។ 
 
បន្ថែម​ពី​នោះលោក​ ម៉ែន គុង នាយក​រង​រដ្ឋ​បាល​សាលាខេត្ត​ ក៏​បាន​សូម​ឱ្យ​​​អ្នក​រៀប​ចំ​​កម្ម​វិធី​ Miss Grand Cambodia កែ​សម្រួល​ ទាំង​ការ​ផ្ដិត​យក​រូប​ភាព ទស្សនីយភាព ក៏​ដូច​ជា​ខ្លឹម​​សារ​​ផ្សេង​ៗ ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​តម្លៃ​​ប្រពៃណី ទំនៀម​ទម្លាប់​ របស់​ខេត្ត​ស្ទឹង​ត្រែង​ផង​​ដែរ​។
 
សារព័ត៌​មាន​ថ្មី​ៗ បានព្យាយាម​ស្វែង​រក​ទំនាក់​ទំនង​ និង​​ផ្ញើ​សារ​តាម​ Messenger ទៅ​កាន់​ផលិត​កម្ម​មហាហង្ស​ ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ឡើយ​។
 
សូម​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ កម្ម​វិធី​ Miss Grand Cambodia ក៏​ដូច​ជា​ផលិតកម្ម​ហហាហង្ស ដែល​ជា​អ្នក​រៀប​ចំ​កម្ម​វិធី បាន​ចេញ​​លិខិត​បំភ្លឺ និង​សម្ដែង​ការ​សោក​ស្ដាយ​​ ចំពោះ​ការ​បង្ហាញ​ឈុត​ដំណាង​ខេត្ត​ចំនួន​២ ដែល​បង្ហាញ​ពី​ល្បែង​ស៊ីសង​ ក្រោយ​ពី​មាន​ការ​រិះ​គន់​ខ្លាំង​ពី​មហាជន​។ ប៉ុន្តែ​គេ​មិន​បាន​ឃើញ​ការ​ឆ្លើយ​តប​ណា​មួយ ទៅ​កាន់​រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង​ឡើយ​។
 
សូម​រំលឹក​ថា កាល​ពី​ថ្ងៃសុក្រ ទី​២៦ ខែ​សីហា ឆ្នាំ​២០២២ រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង​ បាន​ចេញ​លិខិត​បំភ្លឺ​មួយ ដោយ​បញ្ជាក់​ថា ខ្លួន​បដិសេធ​ចំពោះ​ការ​បង្ហាញ​ម៉ូត​ ដែល​មាន​​លក្ខណៈ​ស្រើប​ស្រាល​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​វប្បធម៌ ប្រពៃណី​ ពិសេស​កិត្តិយស​របស់​​ស្ត្រី​ខ្មែរ​។ និង​បាន​បញ្ជាក់​ថា អ្នក​រៀប​ចំកម្ម​វិធី​ មិន​បាន​សុំ​ការ​អនុញ្ញាត​​ពី​រដ្ឋ​បាល​ខេត្ត​ មុន​ពេល​យក​ឈុត​នោះ​ទៅ​បង្ហាញ​ឡើយ​។
 
លោក ឡុង​ ប៉ុណ្ណាសិរីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មីៗ តាម​ទូរសព្ទ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​សីហា ថា​ក្រុម​ការ​ងារ​ជំនាញ​របស់​លោក បាន​កោះ​ហៅ​អ្នក​រៀប​ចំ​កម្ម​វិធី Miss Grand Cambodia ទៅ​ស្ដី​បន្ទោស​​រួច​រាល់​ហើយ​ ចំពោះ​ការ​បង្ហាញ​ឈុត​​ល្បែង​ស៊ី​សង ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ពាល់​​ដល់​សង្គម​។
 
យ៉ាង​ណា​ក៏​ដោយ រឿង​ឈុត​ដំណាង​ខេត្ត​ស្ទឹង​ត្រែង លោក​​មិន​បាន​បញ្ជាក់​ច្បាស់​ឡើយ​ ប៉ុន្តែ​លោក​​សូម​ឱ្យ​សាធារណជន​ បែង​ចែក​ឱ្យ​ច្បាស់ ថា​ឈុត​មួយ​ណា​ជា​ឈុត​ដំណាង​ខេត្ត ហើយ​ឈុត​មួយ​ណា​ ដែល​តំណាង​ឱ្យ​កម្ម​វិធី​​ មុន​នឹង​រិះ​គន់​។
 
«​យើង​តែង​តែ​ប្រាប់​​​អ្នក​រៀប​ចំ​កម្ម​វិធី​គ្រប់​គ្នា​ ថា​មុន​ធ្វើ​អ្វី​មួយ​ទាក់​ទង​នឹង​​វប្បធម៌ ប្រពៃណី និង​ទំនៀម​ទម្លាប់ ត្រូវ​មក​ឆ្លង​ក្រសួង​សិន​ ដើម្បី​បង្ការ​ការ​ខុស។ ប៉ុន្តែ​គាត់​មិន​មក​ឆ្លង​យើង​ ទើប​មាន​រឿង​បែប​នេះ​កើត​ឡើង​។ ក្រសួង​មិន​ចង់​ថា មុន​ធ្វើ​អ្វី​មួយ​ត្រូវ​មក​ឆ្លងទេ​។ បើ​គ្រប់​ស្នាដៃ​ត្រូវ​តែ​មក​ឆ្លង​ក្រសួង គេ​ថា​ក្រសួង​មិន​បើក​សិទ្ធិ​ ប៉ុន្តែ​ពេល​មិន​មក​ឆ្លង​គឺ​ចេញ​មក​បែប​នេះ​។ ចំពោះ​ឈុត​តំណាង​ឱ្យ​ខេត្ត​ស្ទឹង​ត្រែង ខ្ញុំ​សុំ​ឱ្យ​អ្នក​រៀប​ចំ​កម្ម​វិធី​នោះ គេ​បកស្រាវ​វិញ ព្រោះ​គេ​ដឹង​ពី​កម្ម​វិធី​នោះ​ច្បាស់​»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ ឡុង​ ប៉ុណ្ណាសិរី​វត្ថ។
 
សូម​បញ្ជាក់​ថា ឈុត​តំណាង​ឱ្យ​ខេត្ត​ស្ទឹង​ត្រែង ក្នុង​កម្ម​វិធី​ Miss Grand Cambodia 2022 គឺ​ឈុត​ព្រះម៉ែនាគគោមនោ ដោយ​បង្ហាញ​ពី​ជំនៀ​របស់​​ប្រជា​ជន​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ ចំពោះ​ស្ដេច​នាគ​ដែល​បាន​​ថែរក្សា​ប្រជា​ជន​​ខ្មែរ។ ទោះ​ជា​យ៉ាង​ណា រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែង សុំ​ឱ្យ​អ្នក​រៀប​ចំ​កម្ម​វិធី Miss Grand Cambodia 2022 បកស្រាយ​រាល់​ឈុត​នីមួយ​ៗ ដែល​បេក្ខ​នារីតំណាង​ខេត្ត​ស្ទឹង​ត្រែង​ស្លៀក​៕
 

Tag:
 ស្ទឹង​ត្រែង​
  ផលិត​កម្ម​មហាហង្ស​
  Miss Grand Cambodia
  ឈុត​តំណាង​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com