សង្គមជាតិ
កម្ពុជា នឹងវាយតម្លៃការអប់រំសិស្សមានអាយុ១៥ឆ្នាំ ដើម្បីស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩
02, Sep 2022 , 8:59 am        
រូបភាព
ដោយ៖ ចៀន និតា
 
កម្ពុជានឹងវាយតម្លៃការអប់រំសិស្សដែលមានអាយុ១៥ឆ្នាំ ដើម្បីស្តារឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ-១៩  តាមរយៈកម្មវិធីវាយតម្លៃអន្តរជាតិ(PISA) ដើម្បីធ្វើតេស្តសមត្ថភាពសិស្សទៅលើមុខវិជ្ជា អំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ។ នេះបើតាមលិខិតបញ្ជាក់របស់ក្រសួងអប់រំ យុវជន​ និងកីឡា នៅថ្ងៃទី១ កញ្ញា ឆ្នាំ២០២២។


 
ក្រសួងអប់រំ បានបញ្ជាក់ថា កម្មវិធីវាយតម្លៃសិស្សអន្តរជាតិ (PISA) នឹងជួយដល់ក្រសួងអាចកំណត់គោលដៅអន្តរាគមន៍ និងកំណត់វិធីសាស្រ្តល្អបំផុត សម្រាប់ផ្តល់ការអប់រំប្រកបដោយគុណភាពដល់សិស្សទាំងអស់ រួមទាំងជួយស្ដារពួកគេឡើងវិញ ក្រោយពីការបាត់បង់ការសិក្សាបង្កដោយជំងឺកូវីដ-១៩។ បើតាមក្រសួងអប់រំ កាលវិភាគលើការវាយតម្លៃលទ្ធផលសិក្សាថ្នាក់ជាតិសិស្សថ្នាក់ទី៦ នាពេលថ្មីៗនេះ ដោយគាំទ្រពីមូលនិធិ CDPF បានរកឃើញពីការបាត់បង់ការសិក្សាយ៉ាងធ្ងន់ធ្ងររបស់សិស្ស ដោយសារតែការបិទសាលារៀន ដែលបណ្ដាលមកពីជំងឺកូវីដ-១៩។
 
ក្រសួងអប់រំ បានសង្កត់ធ្ងន់ថា ការស្វែងយល់ពីកម្រិតសិក្សាបច្ចុប្បន្នរបស់កុមារ ពិតជាអាចជួយដល់អ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ ហើយចំណុចសំខាន់ជាងនេះ វាអាចផ្ដល់ភស្តុតាង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីគាំទ្រកាន់តែប្រសើរឡើង ដល់សាលារៀន គ្រូបង្រៀន និងសិស្សានុសិស្សជាដើម។
 
លោក ហង់ ជួន ណារ៉ុន ក្រសួងអប់រំយុវជន និងកីឡា បានបន្ថែមថា ៖« កម្ពុជាពិតជាមានមោទកភាព ដែលបានចូលរួមក្នុងក្របខណ្ឌវាយតម្លៃជាសកលនេះ។ យើងរំពឹងទុកនូវការយល់ដឹងកាន់តែប្រសើរអំពីកម្រិតសិក្សារបស់សិស្ស ព្រោះវាមានសារ:សំខាន់ណាស់ ដើម្បីធានាថា អន្តរាគមន៍នានារបស់យើង នឹងធ្វើឡើងចំគោលដៅត្រឹមត្រូវ»។
 
បច្ចុប្បន្នក្រសួងអប់រំ កំពុងវិនិយោគជាច្រើនលើការសិក្សារបស់សិស្សនៅថ្នាក់ដំបូង ,លើកកម្ពស់គ្រូបង្រៀន និងការអប់រំតាមប្រព័ន្ធអនឡាញ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាចំពោះការសិក្សានៅក្នុងវិបត្តិជំងឺកូវិដ១៩។ នេះបើតាមលោករដ្ឋមន្រ្តី។
 
លោកស្រី ខាម៊ិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា​ បានបន្ថែមថា ទិន្នន័យ និងការស្រាវជ្រាវប្រកបដោយគុណភាព មានសារៈសំខាន់ណាស់សម្រាប់រៀបចំគោលនយោបាយល្អ។ «យើងពិតជាអាចដោះស្រាយបាន នៅពេលយើងអាចកំណត់ដឹងពីបញ្ហាទាំងនោះបានច្បាស់លាស់។ ទិន្នន័យ ជាពិសេសការស្រាវជ្រាវ ដែលអាចប្រៀបធៀបគ្នាបាន ជាមួយប្រទេសផ្សេងៗ អាចជួយយើងនៅក្នុងការស្វែងយល់អំពីបញ្ហានានា កាន់តែប្រសើរឡើង។ ដើម្បីធានាថា ថវិកាសាធារណៈចំណាយចំគោលដៅកាន់តែប្រសើរ យើងត្រូវវាយតម្លៃលើអន្តរាគមន៍ និងគោលនយោបាយ ថាពិតជាសម្រេចបាននូវលទ្ធផលដែលយើងបានរំពឹងដែរឬយ៉ាងណា?»។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលបន្ថែមថា សហភាពអឺរ៉ុប មានមោទនភាពនៅក្នុងការធ្វើជាដៃគូជាមួយកម្ពុជា នៅក្នុងការរៀបចំគោលនយោបាយ ដោយផ្អែកលើភស្តុតាងនេះ។
 
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បាននិយាយថា ផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ បានធ្វើឱ្យវិសមភាពកាន់តែខ្លាំងឡើង នៅក្នុងសាកល។«ការវិនិយោគលើការអប់រំ ជាពិសេសការចាត់វិធានការសមស្រប និងបន្ទាន់ ដើម្បីឆ្លើយតបនឹងការបាត់បង់ ការសិក្សាធ្ងន់ធ្ងររបស់កុមារ ដោយសារការរឹតត្បិតនានា បណ្ដាលមកពីជំងឺកូវីដ-១៩ គឺមានសារៈសំខាន់ណាស់ ដើម្បីទប់ស្កាត់ និងស្ដារស្ថានភាពឱ្យប្រសើរឡើងវិញនេះ»។  នាយិកាយូនីសេហ្វប្រចាំកម្ពុជា លើកឡើងដូច្នេះ។
 
ចាប់តាំងពីឆ្នាំ២០០០មក កម្មវិធីវាយតម្លៃអន្តរជាតិ(PISA) នេះ បានក្លាយជាស្ដង់ដារសាកលនៅក្នុងការវាយតម្លៃសមិទ្ធផល និងវឌ្ឍនភាពរបស់សាលារៀន ជាពិសេសកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្លាស់ប្ដូរគោលនយោបាយ លើការប្រមូលធាតុចូលវិស័យអប់រំ ។ នេះជាលើកទី១ហើយ ដែលកម្ពុជាចូលរួមនៅក្នុងកម្មវិធីនេះ។
 
តាមរយៈកម្មវិធីនេះ ក្រសួងអប់រំ យុវជន កីឡា បានផ្ដល់ថវិកាមួយផ្នែក ជាមួយនឹងវិភាគទានហិរញ្ញវត្ថុពីមូលនិធិ ជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF) គាំទ្រដោយប្រទេសមួយចំនួន រួមមានសភាពអឺរ៉ុប(EU) ទីភ្នាក់ងារអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍនអន្តរជាតិស៊ុយអែត (SIDA) ភាពជាដៃគូជាសកលសម្រាប់ការអប់រំ (GPE) និងមូលនិធិសហប្រជាជាតិដើម្បីកុមារ(UNICEF)ផងដែរ ។ កម្មវិធីនេះ នឹងអនុវត្ត នៅខែមិថុនា​ ឆ្នាំ២០២៣៕
 
 
 
 
 
 
 
 
 
 
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com