កីឡាជាតិ
ជាតិ
កញ្ញា ងិន សម្រស់ ពីអ្នកគាំទ្រ ក្លាយជាគ្រូជំនួយក្រុមយុវជនភ្នំពេញក្រោន
02, Oct 2022 , 8:59 pm        
រូបភាព
កញ្ញា ងិន សម្រស់ ទទួលអាជ្ញាប័ណ្ណ ពីមន្ដ្រី AFC កាលពីឆ្នាំ២០១៨ រូបពី កញ្ញា ងិន សម្រស់
កញ្ញា ងិន សម្រស់ ទទួលអាជ្ញាប័ណ្ណ ពីមន្ដ្រី AFC កាលពីឆ្នាំ២០១៨ រូបពី កញ្ញា ងិន សម្រស់
កញ្ញា ងិន សម្រស់ ប្រែខ្លួនពីអ្នកគាំទ្រ ទៅជាគ្រូជំនួយក្រុមកីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ នៃក្លិបភ្នំពេញក្រោន។ សម្រស់ បានត្រូវតស៊ូ និងជម្នះឧបសគ្គនានា ដើម្បីសម្រេចបំណងខ្លួន នៅក្នុងវិស័យយកីឡាមួយនេះ។ នារីវ័យ៣០ឆ្នាំរូបនេះ បានបញ្ចប់វគ្គសិក្សា AFC License C ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីថែមទៀត។


 
ជាកូនទី៣ ក្នុងចំណោមបងប្អូនស្រី៥នាក់ កញ្ញា ងិន សម្រស់ ជាក្មេងស្រីម្នាក់ដែលមាននិស្ស័យជាមួយវិស័យកីឡា។ សម្រស់ មានម្ដាយជាអ្នករ៉ាប់រងលើជីវភាពគ្រួសារ ដោយប្រកបរបរវេចនំអន្សមលក់ផង និងលក់ចាប់ហួយផង ក្រោយឪពុក បានចែកឋាននៅឆ្នាំ២០០១។
 
ជាអ្នកភូមិរការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ជីវភាពគ្រួសាររបស់ សម្រស់ មិនសូវជាធូរធារនោះទេ ទើបនាងសម្រេចចិត្តឡើងមករស់នៅទីជាមួយអង្គការ ក្រុងភ្នំុពេញ  ដើម្បីបន្តការសិក្សារហូតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅឆ្នាំ២០១៤។ 
 
ឱកាសចៃដន្យមកដល់! នៅឆ្នាំ២០១៥ ក្រុមបាល់ទាត់បឹងកេត បានប្រកួតជាមួយ ក្រុម Buriram United របស់ប្រទេសថៃ ក្នុងព្រឹត្តិការណ៍ Mekong Club Championship ហើយ កញ្ញា សម្រស់ បានទៅទស្សនានៅទីនោះដោយផ្ទាល់ ក្នុងនាមជាអ្នកគាំទ្របឹងកេត ។ ជាពេលចៃដន្យ សម្រស់ បានជួបលោក ឬទ្ធី សំណាង អតីតប្រធានក្លិបភ្នំពេញក្រោន (ទើបទទួលមរណភាព កាលពីខែឧសភា ២០២២) ដែលទៅទស្សនាការប្រកួតនោះដែរ។ អតីតប្រធានក្លិបនេះ ក៏បានប្រាប់ពីរចនាសម្ព័ន្ធវិស័យបាល់ទាត់ និងការអភិវឌ្ឍក្លិប​ ទៅកាន់ សម្រស់ ។  


 កញ្ញា ងិន សម្រស់ ជាមួយក្រុមការងារបច្ចេកទេសរបស់ក្លិបភ្នំពេញក្រោន រូបពី ងិន សម្រស់

ក្រោយក្ដាប់បាន និងយល់ពីវិស័យកីឡាបាល់ទាត់នេះហើយ វាកាន់តែទាក់ទាញអារម្មណ៍របស់ សម្រស់ ថែមទៀត។ សម្រស់ បានមកទស្សនារាល់ការប្រកួតរបស់ភ្នំពេញក្រោន។ ឱកាសល្អ សម្រាប់សម្រស់ ក៏បានមកដល់ នៅឆ្នាំ២០១៥ នោះ ដោយក្លិបភ្នំពេញក្រោន បានបង្កើតក្រុមបាល់ទាត់នារី ដែលយុវតីរូបនេះ ក៏បានចូលរួមហ្វឹកហាត់ជាមួយក្លិប។ 
 
អំឡុងពេលហ្វឹកហាត់នោះ លោក សេម សំណាង អ្នកបច្ចេកទេសបាល់ទាត់ក្លិបភ្នំពេញក្រោន បានបង្កើតក្រុមសហគម ដោយត្រូវការអ្នកស្ម័គ្រចិត្ត ដើម្បីបង្ហាត់ដល់ក្មេងៗ។ ពេលនោះហើយ ដែលកញ្ញា សម្រស់ បានចូលធ្វើការងារជាគ្រូស្ម័គ្រចិត្តនេះ។ រយៈពេល២​ឆ្នាំក្រោយ លោក សេម សំណាង បានជ្រើសរើស កញ្ញា សម្រស់ ទៅសិក្សា AFC License C ដែលទទួលបាននៅឆ្នាំ២០១៨។ 
 
ជាមួយនិងការសម្រេចសមិទ្ធផលដូចសព្វថ្ងៃ កញ្ញាវ័យ៣០ឆ្នាំនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនជួបឧបសគ្គជាច្រើន ព្រោះខ្លួនជាស្ដ្រី និងមានកាយសម្បទាតូចផង ហើយម្ដាយ បារម្ភជាខ្លាំងចំពោះបញ្ហាសុវត្ថិភាព។ «ម្ដាយខ្ញុំ មិនចង់ឲ្យប្រឡូកក្នុងវិស័យបាល់ទាត់ទេ។ ម្ដាយរបស់ខ្ញុំជំទាស់មិនចង់ឲ្យចូលរួមបាល់ទាត់ ដោយសារឃើញខ្ញុំពិបាក ម្យ៉ាងវិញទៀតពេលរបួស ដូចជាដាច់សាច់ ស្បែក និងស្បែកឡើងខ្មៅ ដូចនេះ គាត់មិនចង់ឲ្យខ្ញុំលេងបាល់។ គាត់ចង់ឲ្យខ្ញុំជួយលក់ចាប់ហួយជាមួយគាត់»។ កញ្ញា ងិន សម្រស់ រៀបរាប់ដូច្នេះ។
 
កញ្ញា ងិន​ សម្រស់ បន្ថែមថា ការចាប់ផ្ដើមរៀនដំបូង មានការពិបាកដោយត្រូវជិះកង់មកធ្វើការ។ បើទោះជាការបង្រៀនស្ម័គ្រចិត្ត តែគ្រូជំនួយជាស្ត្រីរូបនេះ មិនបានបោះបង់ការតស៊ូ ដើម្បីគោលដៅខ្លួនទេ ។
 


កញ្ញា ងិន សម្រស់ អំឡុងពេលបង្វឹកក្រុមថ្នាល់របស់ក្លិបភ្នំពេញក្រោន រូបពី ងិន សម្រស់

សម្រស់បន្តថា៖ «អំឡុងឆ្នាំ២០១៧ ខ្ញុំមានប្រាក់ខែអាចផ្គត់ផ្គង់ខ្លួនរួច មានមនុស្សជាច្រើនចូលរួមអបអរ ដល់ភាពជោគជ័យនេះ។ នៅពេលខ្ញុំមានប្រាក់ខែ ម្ដាយរបស់ខ្ញុំសប្បាយចិត្ត ដោយឃើញពីការប្រឹងប្រែងរបស់កូនបានជោគជ័យ។ រាល់ថ្ងៃខ្ញុំ សប្បាយចិត្ត ដោយមានកុងត្រាជាមួយក្លិប មានប្រាក់ខែ និងមានរបរជាអ្នកលក់សម្ភារកីឡាតាម Online ហើយជីវភាពគ្រាន់បើជាងពីមុន។ ខ្ញុំសប្បាយចិត្ត ព្រោះនេះ ជាការប្រឹងប្រែងតស៊ូដោយចេញពីចិត្ត»។ 
 
គ្រូជំនួយរូបនេះ ក៏បានប្រាប់បន្ថែមទៀតថា នឹងប្រឹងប្រែងបន្ដទៀត ជាពិសេសការសិក្សាបន្ថែម ដើម្បីយកអាជ្ញាប័ណ្ណបន្ដបន្ទាប់ទៀត ប្រសិនជាខ្លួនមានឱកាស។ កញ្ញា សម្រស់ ក៏ប្ដេជ្ញានឹងយកចំណេះ វិជ្ជាដែលខ្លួនបានរៀនក្នុងវិស័យបាល់ទាត់ ជួយដល់យុវជនថ្នាលជំនាន់ក្រោយផងដែរ៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com