ជាតិ
សិក្ខាកាម ៥៦រូប (ស្ត្រី ៣២) បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលហូកាប្រកបដោយជោគជ័យ
28, Oct 2022 , 3:29 pm        
រូបភាព
សិក្ខាកាម ចំនួន៥៦រូប (ស្ត្រី ៣២) បន្ថែមទៀតហើយបានបញ្ចប់ដោយជោគជ័យវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) មន្ទីរទេសចរណ៍ខេត្តគោលដៅ និងកម្មវិធីអភិវឌ្ឍន៍ជំនាញក្នុងការជំរុញ​ និងលើកកម្ពស់​ការពង្រឹងសមត្ថភាព​ និងការកសាងធនធានមនុស្សក្នុងវិស័យទេសចរណ៍។



គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) គឺជាគំរូបណ្តុះបណ្តាលដែលឆ្លើយតបទៅនឹងតម្រូវការអាជីវកម្ម ដោយផ្តោតសំខាន់លើការផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាពក្នុងវិស័យបដិសណ្ឋារកិច្ចដល់យុវជនងាយរងគ្រោះ និងបុគ្គលិកដែលមានជំនាញទាប។


លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ។

 
កម្មវិធីបណ្តុះបណ្តាល ហូកាបាន និងកំពុងផ្តល់ការបណ្តុះបណ្តាលលើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាម្ហូបអាហារ និងភេសជ្ជៈ ចុងភៅ ជំនាញឆុងកាហ្វេ និងមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍នៅក្នុងខេត្តគោលដៅចំនួន ១០ រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានលើកឡើងថា៖ “ការបណ្តុះបណ្តាលគ្រូបង្គោលហូកា គឺជាដំណាក់កាលដ៏សំខាន់មួយនៃដំណើរអនុវត្តកម្មវិធីហូកា។ យើងជ្រើសរើសគ្រូបង្គោលនៅក្នុងខេត្តគោលដៅផ្ទាល់ ដែលជាមន្រ្តីបង្គោលមន្ទីរទេសចរណ៍ខេត្ត និងមកពីវិស័យឯកជនដែលជាថ្នាក់គ្រប់គ្រង ឬជាម្ចាស់អាជីវកម្មដើម្បីធានា និរន្តរភាពនៃការបណ្តុះបណ្តាល”។ លោកក៏បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះផ្តល់ទាំងចំណេះដឹង ជំនាញបច្ចេកទេស និងគរុកោសល្យក្នុងការបង្រៀន ដើម្បីឱ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់ការបណ្តុះបណ្តាលបន្ត។


លោក ស្រូ រិទ្ធី ជាគ្រូបង្គោលជាតិ និងអាស៊ាន ។
 
លោក ស្រូ រិទ្ធី ដែលជាគ្រូបង្គោលជាតិ និងអាស៊ាន ក៏បានពន្យល់បន្ថែមផងដែរថា៖ “ដំណើរការជ្រើសរើសសិក្ខាកាមគឺត្រូវគោរពទៅតាមលក្ខខណ្ឌដែលតម្រូវឱ្យពួកគាត់ត្រូវមានបទពិសោធន៍ និងធ្លាប់ចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេសលើជំនាញបដិសណ្ឋារកិច្ច។ ពួកគាត់ចាំបាច់ត្រូវធ្វើការនៅក្នុងអាជីវកម្មដែលពាក់ព័ន្ធនឹងការបណ្តុះបណ្តាលនេះ
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់ទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់លើវិធីសាស្រ្តបណ្ដុះបណ្ដាល ដែលសិក្ខាកាមទាំងអស់ទទួលចំណេះដឹងអំពី វិធីសាស្រ្តបណ្ដុះ​បណ្ដាលសកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ ការក្លាយជាគ្រូបណ្ដុះបណ្ដាលល្អ និតីវិធីសម្របសម្រួលថ្នាក់រៀន និងការរៀបចំសម្ភារៈ និងឧបករណ៍បណ្ដុះបណ្ដាល។ 

សិក្ខាកាមទាំងអស់ មានក្ដីរីករាយ និងអរគុណ ដល់ក្រសួងទេសចរណ៍ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា មន្ទីរទេសចរណ៍ខេត្តគោលដៅ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដែលកត្តាដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍនធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ។

គួរជម្រាបថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី SDP ដំណាក់កាលទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) និង INBAS ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ កម្មវិធីអនុវត្តសកម្មភាពដោយមានកិច្ចសហការយ៉ាងជិតស្និទជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕


 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com