អន្តរជាតិ
វត្ថុបុរាណសម័យម៉េងនិងឆេងរាជវង្សដែលមានតម្លៃ៧៧លានដុល្លារ ធ្លាក់បែកនៅសារមន្ទីរតៃវ៉ាន់
01, Nov 2022 , 10:29 pm        
រូបភាព
រូបភាពពីសារមន្ទីរជាតិតៃវ៉ាន់
រូបភាពពីសារមន្ទីរជាតិតៃវ៉ាន់
សារមន្ទីរជាតិលើកោះតៃវ៉ាន់ ទទួលស្គាល់ថាខ្លួនបានធ្វើឱ្យបែកវត្ថុបុរាណរបស់រាជវង្សម៉េង និងឆេងចំនួន៣ដែលសរុបមានតម្លៃប្រហែល៧៧លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Guardian នៅថ្ងៃទី៣១ ខែតុលា។



វត្ថុបុរាណចំនួនទាំង៣រួមមាន ចានគោមមួយ ពែងតែមួយ និងចានបាយមួយ។ វត្ថុទាំង៣ ត្រូវបានបែកនៅក្នុងឧប្បត្តិហេតុបីផ្សេងគ្នាក្នុងអំឡុងពេល១៨ខែចុងក្រោយ ប៉ុន្តែព័ត៌មាននេះទើបតែបានបែកធ្លាយនៅសប្ដាហ៍មុន។ វត្ថុបុរាណទាំង៣ ត្រូវបានផលិតតាំងពីសតវត្សទី១៥ និង១៧ មក និងមានតម្លៃប្រហែល៧៧លានដុល្លារ។
 
សារមន្ទីរតៃវ៉ាន់បានអះអាងថា ខ្លួនបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពរយៈពេល១០ឆ្នាំ ចុងក្រោយ តែមិនអាចកំណត់ថាអ្នកណាជាអ្នកធ្វើឱ្យបែកបាក់វត្ថុបុរាណចំនួន២ឡើយ ប៉ុន្តែវត្ថុបុរាណ១ទៀត ត្រូវបានរកឃើញថាធ្លាក់ពីលើតុដោយការធ្វេសប្រហែស។ ប្រធានសារមន្ទីរ លោក Wu Mi-cha បាននិយាយថា បុគ្គលិកជាន់ខ្ពស់ម្នាក់បានដាក់វត្ថុបុរាណដែលបានធ្លាក់នោះនៅលើតុកម្ពស់មួយម៉ែត្រពីដី។
 
រឿងរ៉ាវនេះមិនមានការជូនដំណឹងជាផ្លូវការដល់សាធារណជន ឬក្រសួងវប្បធម៌ទេ ពីព្រោះវត្ថុទាំងនោះត្រូវបានចាត់ថ្នាក់ត្រឹមជាវត្ថុបុរាណទូទៅ និងស្ថិតក្នុងកម្រិតទាបបំផុតនៃបេតិកភណ្ឌវប្បធម៌។ ទាក់ទិននឹងរឿងតម្លៃ វាមានតម្លៃទាបជាងតួលេខដែលបានរាយការណ៍៧៧លានដុល្លា ប៉ុន្តែក៏មិនបានបញ្ជាក់លម្អិតថាថ្លៃប៉ុន្មានឱ្យច្បាស់​លាស់ដែរ។
សារមន្ទីរជាតិនៅតៃវ៉ាន់ ជាកន្លែងរក្សាទុកវត្ថុបុរាណចិនដ៏ធំបំផុតរបស់ពិភពលោក ដែលភាគច្រើននាំយកមកពីចិនដីគោកដោយលោក Chiang Kai-shek បន្ទាប់ពីក្រុមអ្នកជាតិនិយមភៀសខ្លួនទៅកោះតៃវ៉ាន់ក្នុងអំឡុងសង្គ្រាមស៊ីវិលចិន។ 
 
គួរបញ្ជាក់ថា ព័ត៌មាន​នៃការធ្វើឱ្យបែកវត្ថុបុរាណនេះ ​ត្រូវ​ចាប់បាន​ដោយ​គណបក្ស​ប្រឆាំង​តៃវ៉ាន់ និង​ដោយ​អ្នក​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាតិនិយម​របស់​ចិន។ ពួកគេបាន​​ចោទ​ប្រកាន់​អាជ្ញាធរ​តៃវ៉ាន់​ថា​ចង់​បំផ្លាញ​វប្បធម៌​ចិន។ លើសពីនេះវាក៏មានមតិលើកឡើងផ្សារភ្ជាប់នឹងរឿងនយោបាយភូមិសាស្ត្រ ដែលតៃវ៉ាន់និងចិនកំពុងតានតឹងដាក់គ្នា ទើបបង្កឱ្យតៃវ៉ាន់បង្កការខូចខាតដល់វត្ថុបុរាណចិនបែបនេះ៕
 
 

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com