អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាល្លឺម៉ង់ ប្រាប់ស៊ែប៊ីឱ្យត្រូវតែជ្រើសរើសរវាង​អឺរ៉ុបនិងរុស្ស៊ី
02, Nov 2022 , 9:59 am        
រូបភាព
អធិការបតីអាល្លឺម៉ង់ Olaf Scholz (ឆ្វេង) និងប្រធានាធិបតីស៊ែប៊ី Aleksander Vucic នាជំនួបកន្លងមក។ រូបថត Xinhua
អធិការបតីអាល្លឺម៉ង់ Olaf Scholz (ឆ្វេង) និងប្រធានាធិបតីស៊ែប៊ី Aleksander Vucic នាជំនួបកន្លងមក។ រូបថត Xinhua
អាល្លឺម៉ង់នៅថ្ងៃទី១ ខែវិច្ឆិកាប្រាប់ស៊ែប៊ីឱ្យសម្រេចចិត្តចូលរួមជាមួយសហភាពអឺរ៉ុប (EU) ឬចូលដៃ​ចូលជើងជាមួយរុស្ស៊ី។ អាល្លឺម៉ង់ ក៏គំរាមពីការខាតបង់ការគាំទ្រពីអាល្លឺម៉ង់ ប្រសិនបើដើរតាមរុស្ស៊ី។

 
«តម្រូវការសម្រាប់ការសម្រេចចិត្តគឺកំពុងតែឈានចូលមកដល់ដោយសារការអភិវឌ្ឍភូមិសាស្ត្រនយោបាយ»។ ទីភ្នាក់ងារព័ត៌មាន Reuter ស្រង់សម្ដីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល​អាល្លឺម៉ង់​ម្នាក់​បាន​លើក​ឡើង​បែនេះ។
 
បើតាមមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ដដែល ប្រធានាធិបតីស៊ែប៊ី Aleksandar Vucic បានដឹងយ៉ាងច្បាស់​អំពីជំហររបស់លោកផ្ទាល់ ហើយប្រសិនបើលោក Vucic​ ដឹកនាំប្រទេសតាមទិសដៅនៃ EU លោក Vucic នឹងទទួលបានការគាំទ្រពីអាល្លឺម៉ង់។ ផ្ទុយទៅវិញ ប្រសិនបើស៊ែប៊ី​សម្រេច​ដើរ​តាម​ទិសដៅ​ផ្សេង​នោះ ស៊ែប៊ីនឹងទទួលបានលទ្ធផលផ្ទុយជាក់ជាមិនខាន។
 
ខណៈ​​​កំពុងស្វែងរកការចូលរួមជាមួយ EU នោះ ស៊ែប៊ីក៏កំពុងព្យាយាមធ្វើឱ្យមានតុល្យ​ភាព​ទំនាក់​ទំនង​ជិតស្និទ្ធជាប្រវត្តិសាស្ត្រជាមួយរុស្ស៊ីផងដែរ ដែលវាដើរផ្ទុយពីបំណងធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច និង​នយោបាយជាមួយលោកខាងលិច។
 
ការព្រមានរបស់អាល្លឺម៉ង់ ធ្វើឡើងមុនជំនួបមួយនៅបែរឡាំងដែលស៊ែប៊ីរំពឹងមានវត្តមានដែរ។ ស៊ែប៊ី ហាក់មិនសូវអើពើអនុវត្តទណ្ឌកម្មលើរុស្ស៊ីចំពោះការឈ្លានពានឡើយ ដែលវាធ្វើឱ្យប៉ះពាល់ការចូលសមាជិកអឺរ៉ុបដែលខ្លួនបានដាក់ពាក្យតាំងពីឆ្នាំ២០១២៕
 
 
 

Tag:
 អាល្លឺម៉ង់
  ស៊ែប៊ី
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com