អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិកថាចិនបដិសេធចរចាលើការគ្រប់គ្រងនុយក្លេអ៊ែរ ក្រោយលោក ស៊ី ប្តេជ្ញាពង្រឹងសមត្ថភាពការពារ
02, Nov 2022 , 7:29 pm        
រូបភាព
មីស៊ីលបំពាក់នុយក្លេអ៊ែររបស់ចិន Dongfeng-41 ។ រូបថត Xinhua
មីស៊ីលបំពាក់នុយក្លេអ៊ែររបស់ចិន Dongfeng-41 ។ រូបថត Xinhua
ដោយ:
បើទោះមានមេរៀនពីវិបត្តិមីស៊ីលគុយបាកាលពី៦០ឆ្នាំមុន ចិននៅតែមិនចាប់អារម្មណ៍ចូលរួមចរចាដើម្បីបន្ថយហានិភ័យដែលបង្កដោយអាវុធនុយក្លេអ៊ែរ។ មន្រ្តីអាម៉េរិកផ្នែកគ្រប់គ្រងអាវុធលើកឡើងបែបនេះនៅថ្ងៃទី១ ខែវិច្ឆិកា បន្ទាប់ពីប្រធានាធិបតីចិន ស៊ី ជិនភីង បញ្ជាក់កាលពីខែមុនថា ក្រុងប៉េកាំងនឹងពង្រឹងយុទ្ធសាស្រ្តយោធារបស់ខ្លួនដើម្បីបង្ការការវាយប្រហារណាមួយ។

 
កាលពីឆ្នាំមុន ប្រធានាធិបតីអាម៉េរិក ចូ បៃដិន និងសមភាគចិន ស៊ី ជិនភីង ព្រមព្រៀងលើកិច្ចចរចាគ្រប់គ្រងអាវុធរវាងប្រទេសទាំងពីរ។ ប៉ុន្តែ មកទល់ពេលនេះក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា ក្រុងប៉េកាំងនៅតែមិនចាប់អារម្មណ៍ចូលតុពិភាក្សាសោះ ដោយអះអាងថាខ្លួនមានឃ្លាំងអាវុធនុយក្លេអ៊ែរតិចជាងអាម៉េរិកឆ្ងាយណាស់។
 
បើតាមមន្ទីរបញ្ចកោណ ចិនកំពុងពង្រីកកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ហើយកំពុងព្យាយាមសម្រេចឱ្យបាន១ពាន់ក្បាលគ្រាប់នុយក្លេអ៊ែរត្រឹមឆ្នាំ២០៣០។ បើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិក្រុងស្តុកខុល (SIPRI) បច្ចុប្បន្នចិនមានក្បាលគ្រាប់នុយក្លេអ៊ែរក្នុងដៃចំនួន ៣៥០។ 
 
«ជាជំហានដំបូង យើងពិតជាចង់សន្ទនាជាមួយពួកគេអំពីគោលនយោបាយបរទេសគ្នាទៅវិញទៅមក អំពីទំនាក់ទំនងរឿងវិបត្តិ អំពីការគ្រប់គ្រងវិបត្តិ»។ ឧបការីរងរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកការគ្រប់គ្រងអាវុធ លោក Alexandra Bell ប្រាប់ស្ថាប័នគោលនយោបាយ Atlantic Council បែបនេះនៅថ្ងៃទី១ ខែវិច្ឆិកា។
 
លោក Bell បន្ថែមទៀតថា ក្រុងវ៉ាស៊ីនតោនមានកិច្ចចរចាបែបនោះជាមួយរុស្ស៊ីជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែនៅឡើយតែជាមួយចិនទេប៉ុណ្ណោះ។ បើតាមមន្រ្តីអាម៉េរិករូបនេះ ក្រុងវ៉ាស៊ីនតោនមិនចាំបាច់រំឭកម្តងហើយម្តងទៀតថាភាគីទាំងពីរត្រូវចូលតុសន្ទនាជាមួយគ្នាទេ ពីព្រោះឥឡូវចូលខួបទី៦០នៃវិបត្តិមីស៊ីលគុយបាហើយ។ កាលពីឆ្នាំ១៩៦២ អាម៉េរិក និងសហភាពសូវៀតស្ទើរតែធ្លាក់ចូលសង្រ្គាមនុយក្លេអ៊ែរដោយសារតែវត្តមានមីស៊ីលសូវៀតនៅគុយបាដែលជាប់របងផ្ទះអាម៉េរិក។
 
ជុំវិញបញ្ហានេះ មិនត្រឹមតែមិនចង់ចរចាទ្វេភាគីជាមួយអាម៉េរិកទេ មេដឹកនាំចិន លោក ស៊ី លើកឡើងកាលពីសមាជបក្សកុម្មុយនីស្តចិនខែមុនថា ក្រុងប៉េកាំងនឹងពង្រឹងការទប់ទល់ជាយុទ្ធសាស្រ្តរបស់ខ្លួនដែលចង់សំដៅលើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕
 
 
 
 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com