ជាតិ
ត្រីប្រាធំចំនួនប្រាំក្បាល និងត្រីគល់រាំងចំនួន ពីរក្បាល ត្រូវបានជួយសង្គ្រោះ
10, Dec 2022 , 9:29 am        
រូបភាព
លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល អ្នកស្រី ជា សីលា អ្នកគ្រប់គ្រងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងកញ្ញា សារ៉ាយ សម្មាឌី ទីប្រឹក្សា​គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ រៀបចំលែងត្រីប្រាំធំ ចូលទៅក្នុងទន្លេសាប។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ។
លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល អ្នកស្រី ជា សីលា អ្នកគ្រប់គ្រងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងកញ្ញា សារ៉ាយ សម្មាឌី ទីប្រឹក្សា​គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ រៀបចំលែងត្រីប្រាំធំ ចូលទៅក្នុងទន្លេសាប។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ។
ដោយ៖ ឈុត ឈាណា  
 
ភ្នំពេញ៖ នៅក្នុងដើមរដូវបើកនេសាទ ឆ្នាំ២០២២ នេះ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងមហាវិទ្យាល័យ វិទ្យាសាស្ត្រជលផល នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានជួយសង្រ្គោះ និងបំពាក់ស្លាកសញ្ញាសម្គាល់លើត្រីប្រាធំ ចំនួន ៥ក្បាល ដែលមានទម្ងន់ចាប់ពី ១១ គីឡូក្រាម ដល់ ២២គីឡូក្រាម និងត្រីគល់រាំង ចំនួនពីរក្បាល ដែលមានទម្ងន់ ១១,៥ គីឡូក្រាម​ និងទម្ងន់ ១៧គីឡូក្រាម​ ចូលទៅក្នុងទន្លេសាបវិញ។

 
ការថែរក្សា និងអភិរក្សប្រភេទត្រីរងគ្រោះជិតផុតពូជ ​គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ក្នុងការការពារជីវចម្រុះក្នុងទឹក និងការជម្រុញជីវម៉ាសរបស់ត្រី​។ ត្រីគល់រាំង ត្រីរាជ ត្រីបបបែលយក្ស ត្រីប្រាធំ ត្រីត្រសក់ និងប្រភេទត្រីកំពុងរងគ្រោះជាច្រើនប្រភេទផ្សេងទៀត កំពុងស្ថិតនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារបរិមាណត្រីទឹកសាបទន្លេមេគង្គ ដែលមានទំហំខ្លួនធំៗ ឡើងវិញ។ នេះគឺជាសកម្មភាពមួយរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។
 
អ្នកស្រី ជា សីលា អ្នកគ្រប់គ្រងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ មានប្រសាសន៍ថា ត្រីទាំងអស់នេះ គឺបានមកពីការផ្តល់ឱ្យពីសំណាក់ប្រជានេសាទ ដែលប្រើប្រាស់ឧបករណ៍នេសាទឧស្សាហកម្ម «ដាយត្រី» នៅតាមបណ្តោយដងទន្លេសាប ក្នុងរាជធានីភ្នំពេញ។ អ្នកស្រី ជា សីលា បន្ថែមថា៖ «ការផ្តល់ប្រភេទត្រីរងគ្រោះជិតផុតពូជទាំងនេះ ពីសំណាក់ប្រជានេសាទ​ គឺជាលទ្ធផលនៃការផ្សព្វផ្សាយដល់ប្រជាជនក្នុងតំបន់ ហើយក៏អាចសបញ្ជាក់ឱ្យឃើញពីទឹកចិត្តចង់ចូលរួមរបស់ពួកគាត់ លើការងារអភិរក្សផងដែ»​​។ 
 
រាប់ពីឆ្វេង៖ លោក ពិន កក្កដា លោកបណ្ឌិត ង៉ោ ប៉េងប៊ុន ជីវវិទូ​មច្ឆជាតិ និងជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យ វិទ្យាសាស្ត្រជលផល នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងលោក នុត សាវ៉ាត ក្នុងពេលនាំត្រីគល់រាំងយកទៅលែងក្នុងទន្លេសាប។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ។
 
លោកបណ្ឌិត ង៉ោ ប៉េងប៊ុន ​ ជីវវិទូ​មច្ឆជាតិ និងជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យ វិទ្យាសាស្ត្រជលផល នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មថា គោលបំណងនៃការបំពាក់សញ្ញាសម្គាល់ និងលែងត្រីទាំងនេះ គឺដើម្បីឱ្យវាត្រឡប់ទៅរស់នៅក្នុងធម្មជាតិវិញ និងដើម្បីយើងអាច​ធ្វើការតាមដានជោគវាសនារបស់ពួកវាបន្ទាប់ពីលែងផងដែរ។ លោកបណ្ឌិត ង៉ោ ប៉េងប៊ុន មានប្រសាសន៍ថា៖ «យើងត្រូវយល់ដឹងឱ្យ​កាន់តែច្បាស់ អំពីប្រសិទ្ធភាពនៃ តំបន់អភិរក្ស​ ដែលទីជម្រកលាក់ខ្លួនសម្រាប់ប្រភេទត្រីដែលរងការគំរាមកំហែង ហើយការលែងត្រីនៅថ្ងៃនេះ នឹងក្លាយទៅជា​​ការអនុវត្តសម្រាប់ការអភិរក្សនាពេលអនាគត ហើយវាអាចជួយយើងឲ្យយល់ដឹងបន្ថែម ថាតើវិធីសាស្ត្របែបនេះ មានប្រសិទ្ធភាពក្នុងការជួយដល់ការស្ដារឡើងវិញ នូវបរិមាណត្រីប្រភេទនេះ នៅក្នុងធម្មជាតិដែរឬទេ»។
 
​ទន្លេសាប មានប្រវែង ១៤៧គីឡូម៉ែត្រ ដែលតភ្ជាប់ទន្លេមេគង្គ និងបឹងទន្លេសាប ដែលត្រូវបានចាត់ទុកថា ជាបឹងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាជម្រករបស់ត្រីជាង ៣០០ប្រភេទ ដែលជាកន្លែងសំខាន់មួយ សម្រាប់ជីវចម្រុះទឹកសាប និងជាតំបន់ជីវមណ្ឌលបម្រុង របស់អង្គការយូណេស្កូផងដែរ។ ជាប្រវត្តិសាស្ត្រ វា​ជាទីជម្រកសំខាន់របស់​ពពួក​ត្រីខ្នាតយក្ស ដែលរងគ្រោះជិតផុតពូជ និងពពួកត្រី​ធ្វើចរាចរផ្លាស់ទីជាច្រើនទៀត នៅក្នុងអាងទន្លេមេគង្គ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រីទាំងនេះ បានស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើងៗ ពីការសាងសង់ទំនប់វារីអគ្គិសនី នេសាទហួសកម្រិត និងគ្រោះរាំងស្ងួត។
 
ការចូលរួមពីសំណាក់ប្រជានេសាទ ក្នុងសកម្មភាពអភិរក្សនេះពិតជាមានសារៈសំខាន់ណា​ស់។ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ​ សូមអំពាវនាវដល់ប្រជានេសាទទូទាំងប្រទេស បើចាប់បានប្រភេទត្រីកំពុងរងគ្រោះ ឬចាប់បានត្រីដែលមានបំពាក់ស្លាកសញ្ញាសម្គាល់ សូមមេត្តាលែងទៅវិញ ឬផ្តល់ដំណឹងដល់រដ្ឋបាលជលផល និងក្រុមការងារគម្រោងអច្ឆរិយភាពទន្លេមេគង្គ តាមរយៈទូរស័ព្ទលេខ៖ 077 555 408  / 012 387 383 / 090 850 850។ 
 

Tag:
 អច្ឆរិយភាពនៃទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com