ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ទោះធ្លាប់រៀន IT ខាតឆ្នាំ តែលោក មករា ប្តូរផ្តាច់នឹងជំនាញទេសចរណ៍ រហូតបើកក្រុមហ៊ុនខ្លួនឯង
10, Dec 2022 , 1:59 pm        
រូបភាព
លោក វណ្ណា មករា  អគ្គនាយកក្រុមហ៊ុន  យូនីក ហូលីដេ ឯ.ក
លោក វណ្ណា មករា អគ្គនាយកក្រុមហ៊ុន យូនីក ហូលីដេ ឯ.ក
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ ឆ្លងកាត់បទពិសោធការងារក្នុងវិស័យទេសចរណ៍ជិត១០ឆ្នាំ ទាំងនៅក្នុងស្រុក និងខាងក្រៅប្រទេស បច្ចុប្បន្ន លោក វណ្ណា មករា ក្លាយជាអគ្គនាយកក្រុមហ៊ុន យូនីក ហូលីដេ។ លោក មករា ធ្លាប់ជ្រើសរើសជំនាញ​ IT សម្រាប់សិក្សា ប៉ុន្តែ​ដោយសារក្ដី​ស្រឡាញ់ និងមើល​ឃើញពី​សក្ដានុពលទេសចរណ៍នៅ​កម្ពុជា លោក ក៏​ប្តូរចិត្តមករៀនជំនាញទេសចរណ៍​វិញ។ លោក ពន្យល់ថា៖ «ក្លាយជាម្ចាស់ក្រុមហ៊ុនដូចរាល់ថ្ងៃត្រូវគិតគ្រប់ជ្រុងទាំងអស់នៃការងារក្នុងក្រុមហ៊ុន ដែលច្រើនជាងការធ្វើការឱ្យគេពីរដង ក្នុងបំណងចង់ឱ្យក្រុមហ៊ុនខ្លួនទទួលបាននូវភាពរីកច្រើនទៅមុខ»។

 

លោក វណ្ណា មករា ក្នុងបទសម្ភាសជាមួយ អ្នកសារព័ត៌មានថ្មីៗ  តាមរយៈកម្មវិធី  «គំនិតថ្មី»
 
ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាង លោក វណ្ណា មករា អគ្គនាយកក្រុមហ៊ុន យូនីក ហូលីដេ ជាមួយ កញ្ញា សុង សុធាវី  អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖



 
កញ្ញា សុង សុធាវី៖ តើលោកមានការថ្លឹងថ្លែងបែបណា ទើបសម្រចចិត្តឈប់រៀនជំនាញ IT ហើយមកចាប់យកជំនាញទេសចរណ៍វិញ ទោះបីជាត្រូវខាតឆ្នាំក៏សុខចិត្ត?
លោក វណ្ណា មករា៖ មែនទែនទៅ កាលដែលយើងស្គាល់គ្នា ខ្ញុំគឺជានិស្សិតផ្នែក IT នៅឡើយទេ ហើយរៀនឆ្នាំទី២ទៀត ប៉ុន្តែខ្ញុំបានសម្រេចចិត្តទៅរៀនជំនាញទេសចរណ៍វិញ ដោយខាងសាលាបៀលប្រាយមានការលើកទឹកចិត្តខ្លះដែរ ទើបខ្ញុំមិនសូវខាតឆ្នាំក្នុងជំនាញថ្មីនេះ។
 
កញ្ញា សុង សុធាវី៖ លោក មករា សម្រាប់និស្សិតមួយចំនួនអាចបាក់ទឹកចិត្តដែរ នៅពេលដែលខាតឆ្នាំ ហើយ​មិត្តក្នុងជំនាន់គេទៅមុនអស់ តើលោកមានការលើកទឹកចិត្តខ្លួនឯងយ៉ាងម៉េចក្នុងកាលៈទេសៈនោះ និងជម្នះ​ទៅរៀនទេសចរណ៍ ដោយមិនស្តាយស្រណោះ?
 
លោក វណ្ណា មករា៖ ដើមឡើយខ្ញុំទទួលបានការស្តីបន្ទោសច្រើនពីមិត្ត និងក្រុមគ្រួសារ តែខ្ញុំខ្លួនឯងមិនបាក់ទឹកចិត្តទេ ដោយសារខ្ញុំស្រឡាញ់វិស័យមួយហ្នឹង! ហើយខ្ញុំមើលឃើញពីសក្តានុពលវិស័យទេសចរណ៍ខ្លាំងមែនទែន ដោយសារខ្ញុំមើលឃើញសក្តានុពលក្នុងប្រទេសយើង គឺថាអច្ឆរិយៈ!  មានគ្រប់សព្វតែម្តង។ យើងមានធនធានធម្មជាតិ វប្បធម៌ ប្រពៃណី សាសនា ល្អផូរផង់របស់យើងមានច្រើនមែនទែន។  បើយើងប្រៀបធៀបទៅប្រទេសខ្លះមានតែតំបន់ភ្នំទេ តែមិនមានសមុទ្រដូចយើងឡើយ តែយើងមានសមុទ្រផង ភ្នំផង និងកេរមរតកដូនតាមានប្រាសាទអង្គរវត្ត ។ល។ ច្រើនមែនទែន។ អ៊ីចឹង ខ្ញុំមើលឃើញឱកាសក្នុងវិស័យហ្នឹងគឺទូលំទូលាយមែនទែន។  មួយទៀតខ្ញុំដឹងថាខ្លួនឯងចូលចិត្តនិយាយស្តី ចូលចិត្តធ្វើការជាមួយមនុស្ស ជាជាងធ្វើការជាមួយម៉ាស៊ីនក្នុងជំនាញ ITនោះ។ ទទួលស្គាល់ថា ខ្ញុំរៀន IT ព្រោះតែស្រឡាញ់ដែរ តែពេលចូលកាន់តែជ្រៅ ទើបដឹងថា មិនមែនជាអ្វីដែលខ្ញុំចង់បានទេ។ អ៊ីចឹងហើយទើបសម្រេចចិត្តថា ទោះបីជាខាតឆ្នាំ ក៏ខ្ញុំសុខចិត្តទៅរៀនទេសចរណ៍ដែរ។
 
កញ្ញា សុង សុធាវី៖ លោក មករា ពីបុគ្គលិកធ្វើការឱ្យគេ ហើយប្តូរមកក្លាយជាម្ចាស់ក្រុមហ៊ុនខ្លួនឯងថ្មីថ្មោង តើពីរនេះមានការខុសប្លែកគ្នាកម្រិត​ណាដែរ?
 
លោក វណ្ណា មករា៖ បាទ បើនិយាយពីប្លែកគ្នាវិញ គឺថាសឹងតែ ១៨០ ដឺក្រេតែម្តង! ទទួលស្គាល់ថា កាលយើងជាបុគ្គលិកទេ យើងព្យាយាមធ្វើការអស់ពីលទ្ធភាពដូចគ្នា តែវានៅក្នុងផ្នែកមួយជ្រុងតូចទេ ដោយសារកាលនោះយើងមានថៅកែគាត់ជាអ្នកមើលពីលើ និងបងប្អូន ដែលមានជំនាញគាត់ជួយតាមផ្នែកអ៊ីចឹងទៅ! តែពេលយើងក្លាយជាថៅកែខ្លួនឯង គឺយើងគិតគ្រប់ជ្រុង។ យប់ខ្លះ គឺយើងគេងលែងលក់ហើយ យើងតែងគិតបារម្ភពីហានិភ័យខ្លះទៅ ហើយយើងត្រូវគិតថា ធ្វើយ៉ាងម៉េចទៀត ដើម្បីឱ្យក្រុមហ៊ុនរីកចម្រើន និងកុំឱ្យវានៅតែប៉ុណ្ណឹង។ល៕  
 

Tag:
 វិស័យទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com