ជាតិ
ក្រសួងកសិកម្ម ជំរុញកសិករចុះបញ្ជីចម្ការម្រេច ដើម្បីងាយស្រួលនាំចេញ​ទៅចិន
13, Dec 2022 , 8:59 pm        
រូបភាព
   រូបពី ទំព័រហ្វេសបុក «ម្រេចប្រជាកសិករខេត្តត្បូងឃ្មុំ»
រូបពី ទំព័រហ្វេសបុក «ម្រេចប្រជាកសិករខេត្តត្បូងឃ្មុំ»
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់កសិករ ម្ចាស់រោងចក្រកែច្នៃ ឬវេចខ្ចប់ម្រេច ទាំងអស់ ប្រញាប់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃរបស់ខ្លួន នៅអគ្គនាយកដ្ឋានកសិកម្ម សម្រាប់ការនាំចេញម្រេចទៅទីផ្សារចិន។



យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្ម នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ បន្ទាប់ពីកម្ពុជា-ចិន បានចុះហត្ថលេខាព្រមព្រៀង លើលក្ខខណ្ឌតម្រូវភូតគាមអនាម័យ នាំចេញម្រេចពីកម្ពុជា ទៅចិនរួចមក។ ក្រសួងកសិកម្ម បានណែនាំដល់ម្ចាស់ចម្ការ សហគមន៍កសិកម្ម និងម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ម្រេច ដែលមានបំណងផលិត និងកែច្នៃនាំចេញម្រេច ទៅទីផ្សារចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្ររបស់ខ្លួន នៅអគ្គនាយកដ្ឋានកសិកម្ម។
 
បន្ទាប់ពីដាក់ពាក្យរួច មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម នឹងចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេស ដែលមានចែងក្នុងពិធីសារ។​ ជាមួយគ្នានេះ អគ្គនាយដ្ឋានកសិកម្ម គ្រោងបញ្ជូនឈ្មោះចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ម្រេច ទៅកាន់ភាគីចិននៅដើមខែមករា ឆ្នាំ២០២៣ខាងមុខ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ចប់ មុនឈានដល់ការនាំចេញជាផ្លូវការ។
កសិករ ដាំម្រេចសរីរាង្គជាង៦ពាន់ជន្លង់នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ លោក មាន់ សារាន់ បានបង្ហាញការត្រេកអរ ដែលកម្ពុជាអាចពង្រីកទីផ្សារថ្មីមួយទៀតនៅប្រទេសចិន។ កសិកររូបនេះ សម្លឹងឃើញប្រយោជន៍ច្រើនពីការនាំចេញម្រេចទៅចិននៅពេលខាងមុខនេះ ជាពិសេស ពាក់ព័ន្ធនឹងតម្លៃទីផ្សារ។
 
បច្ចុប្បន្ន ម្រេចសរីរាង្គរបស់ លោក មាន់ សារាន់ បានសម្រេចការនាំចេញទៅទីផ្សារអាល្លឺម៉ង់ និងវៀតណាម រួចហើយ ខណៈចិន ជាគោលដៅបន្ទាប់។ ទន្ទឹមនេះ លោក ក៏បានប្ដេជ្ញាពង្រឹងការផលិតឱ្យស្របតាមស្តង់ដារ និងអនាម័យ ដើម្បីធ្វើយ៉ាងណានាំចេញទៅចិនឱ្យបាននៅឆ្នាំក្រោយ។ 
 
លោក ប្រាប់ដូច្នេះថា៖« ខ្ញុំគិតថា​ ការនាំម្រេចទៅចិន ប្រហែលជាបានតម្លៃល្អជាងវៀតណាម។ ព្រោះ ឥឡូវហ្នឹង ម្រេចសរីរាង្គរបស់យើងបាននាំទៅអឺរ៉ុប បានតម្លៃខ្ពស់ហើយ អ៊ីចឹង បើបាននាំទៅចិនទៀតកាន់ល្អ»។
 
ចំណែក លោក វន សាវឿន ជាអ្នកដាំម្រេចជាង ២ម៉ឺនជន្លង់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា មកទល់ពេលនេះ លោក និងកសិករមួយចំនួនទៀត មិនទាន់ដឹងព័ត៌មាន និងលក្ខខណ្ឌនៃការចុះបញ្ជីចម្ការនៅឡើយទេ។ លោក បន្តថា ប្រសិនបើ ក្រសួងកសិកម្ម មានគម្រោងនាំចេញទៅចិនពិតមែន ក្រសួងគួរតែចាត់មន្រ្តីជំនាញចុះជួយណែនាំ និងប្រឹក្សាយោបល់ដល់កសិករបន្ថែម ដើម្បីឱ្យពួកគេបានដឹងពីប្រយោជន៍ និងលក្ខខណ្ឌតម្រូវ មុនឈានដល់ការនាំចេញ។
 
លោក ប្រាប់ដូច្នេះថា៖«ចំពោះខាងខ្ញុំ មិនទាន់ដឹងព័ត៌មានថា ចុះបញ្ជីចម្ការហ្នឹងបែបម៉េចនោះទេ? តើខាងណា គេមកណែនាំប្រាប់កសិករ? ផ្ដល់ព័ត៌មានដល់កសិករបែបម៉េច ដូចមិនមាននោះទេ។ អ៊ីចឹង ខ្ញុំចង់ឱ្យក្រសួងកសិកម្ម ពង្រឹកការផ្សព្វផ្សាយឱ្យទូលំទូលាយ»។
 
ទោះជាយ៉ាងណា កសិកររូបនេះ ជឿជាក់ថា ការនាំចេញម្រេច ទៅទីផ្សារចិននាពេលខាងមុខនេះ គឺជាការបោះជំហានថ្មីមួយទៀត សម្រាប់ផលិតផលម្រេចកម្ពុជា។ ពិសេស អាចពង្រីកទីផ្សារ និងតម្លៃបន្ថែមដល់កសិករ។
 
សូមជម្រាបថា បច្ចុប្បន្ន ម្រេចស្ងួតមានតម្លៃ ១២០០០រៀលក្នុងមួយគីឡូក្រាម និងម្រេចសរីរាង្គ មានតម្លៃ ១៩០០០រៀលក្នុងមួយគីឡូក្រាម៕ 
 
 
 
 
 
 
 
 
 
 

Tag:
 កសិកម្ម
  ម្រេច
© រក្សាសិទ្ធិដោយ thmeythmey.com