ជាតិ
ផ្សោតសមុទ្រទម្ងន់៩០គីឡូក្រាមបានងាប់ ដោយសារជាប់មងអ្នកនេសាទនៅខេត្តកំពត
14, Dec 2022 , 5:19 pm        
រូបភាព
សត្វផ្សោតសមុទ្រមួយក្បាលទម្ងន់៩០គីឡូក្រាមត្រូវបានងាប់បន្ទាប់ពីជាប់មងអ្នកនេសាទនៅខេត្តកំពត
សត្វផ្សោតសមុទ្រមួយក្បាលទម្ងន់៩០គីឡូក្រាមត្រូវបានងាប់បន្ទាប់ពីជាប់មងអ្នកនេសាទនៅខេត្តកំពត
ដោយ:
ភ្នំពេញ៖ ផ្សោតក្បាលត្រងោលទម្ងន់៩០គីឡូក្រាម​មួយក្បាលបានងាប់ ក្រោយជាប់មងអ្នកនេសាទនៅក្នុងខេត្តកំពត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ មន្ត្រីជំនាញជលផ​លថា នេះជាលើកទីមួយដែលមានករណីសត្វផ្សោតជាប់មង និងបណ្ដាលឱ្យងាប់បែបនេះ។



នៅពេលទទួលបានដំណឹងសត្វ​ផ្សោតសមុទ្រជាប់​មង​អ្នក​នេសាទ​ ក្រុមការងារនាយរងខណ្ឌរដ្ឋបាលជលផលកំពត រួមទាំងអង្គការWEA និងគណកម្មការសហគមន៍នេសាទត្រពាំងរពៅបានចុះមើលសត្វផ្សោត១ក្បាលនោះ។ អ្នកស្រី ទុំ សុភាព នាយរងរដ្ឋបាលខណ្ឌជលផលខេត្តកំពត បានប្រាប់សារព័ត៌មានThmeyThmey25ថា ផ្សោតនេះ​ មានប្រវែង១.៨ម៉ែត្រ ទទឹង ០.៤ម៉ែត្រ និងមានទម្ងន់៩០ គីឡូក្រាម ត្រូវបានងាប់ដោយសារជាប់ត្រីការ៉ាវ ស្ថិតត្រង់ចំណុចព្រែកជីក ក្នុងភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ។
 

សត្វផ្សោតសមុទ្រមួយក្បាលទម្ងន់៩០គីឡូក្រាមត្រូវបានងាប់បន្ទាប់ពីជាប់មងអ្នកនេសាទនៅខេត្តកំពត។ រូបភាពដោយ៖ អ្នកស្រី ទុំ សុភាព។

នាយរងខាងលើបានបញ្ជាក់ថា កន្លងមកកម្លាំងជលផលខេត្តកំពតមិនធ្លាប់ប្រទះករណីបែបនេះឡើយ  នេះអាចជាលើកទីមួយសម្រាប់ការបាត់បង់។ អ្នកស្រី បន្ថែមថា​ ធាតុពិតអ្នកនេសាទបានព្យាយាមជួយសង្គ្រោះដែរ ប៉ុន្ដែដោយសារគ្មានឧបករណ៍គ្រប់គ្រាន់ទើបធ្វើឱ្យបរាជ័យ។
 
«ផ្សោតនោះចូលមកក្នុងដែននេសាទរបស់ពលរដ្ឋ ទើបបណ្ដាលឱ្យជាប់មង។ ពេលនោះគាត់ព្យាយាមជួយសង្គ្រោះដែរ ប៉ុន្ដែមិនទាន់ពេល។ បើអាចជួយសង្គ្រោះមុនពេល១០នាទីប្រហែលមានសង្ឃឹម។ ផ្សោតនោះយើងមិនអនុញ្ញាតិឱ្យបរិភោគឡើយ ហើយពេលនេះវាត្រូវបានយកទៅកប់ហើយ»។ នេះជាការបញ្ជាក់របស់អ្នកស្រី សុភាព។​
  

សត្វផ្សោតសមុទ្រមួយក្បាលទម្ងន់៩០គីឡូក្រាមត្រូវបានងាប់បន្ទាប់ពីជាប់មងអ្នកនេសាទនៅខេត្តកំពត។ រូបភាពដោយ៖ អ្នកស្រី ទុំ សុភាព។

បន្ទាប់ពីបានប្រទះករណីខាងលើ មន្ត្រីជ​លផលបានអប់រំ និងបញ្ជា្របចំណេះទាក់ទងការថែរក្សានិងអភិរក្សធនធានទាំងនោះបន្ថែមទៀត។ បន្ថែម​លើនេះ ត្រូវ​បង្កើនការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ឧបករណ៍នេសាទមួយចំនួនទៅលើទីតាំងដែលសម្បូរ​សត្វផ្សោត និងជាការរួមចំណែកជួយរក្សាសុវត្ថិភាព និងរក្សាជីវិតរបស់សត្វសមុទ្រផងដែរ។
 
អ្នកស្រី សុភាព លើកឡើងដូច្នេះ៖ « យើងត្រូវការការចូលរួមពីអ្នកទាំងអស់គ្នា។ បច្ចុប្បន្នសត្វផ្សោតមាននៅសល់មិនច្រើនទេ ដូច្នេះការចូលរួមស្រឡាញ់ ថែរក្សា ការពារ និងអភិរក្សជារឿងសំខាន់បំផុត សម្រាប់ដំណាក់កាលនេះ»៕
 

Tag:
 ​ផ្សោតសមុទ្រ
  ខេត្តកំពត
  ជាប់មង
© រក្សាសិទ្ធិដោយ thmeythmey.com