ជាតិ
ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២៣ ចាប់បើកហើយ
× ភ្នំពេញ៖ ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣។ ចាប់ផ្តើមទទួលស្នាដៃពីថ្ងៃផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
មិនខុសពីរាល់ឆ្នាំឡើយ ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំនេះ ក៏ជ្រើសរើសប្រធានបទ “សេរី”ដែរ ដោយផ្ទៃរឿងទាំងមូល ត្រូវតែមានលក្ខណៈសមស្រប។ អត្ថន័យសាច់រឿង ត្រូវមានលក្ខណៈ៣ចំណុច គឺសច្ចធម៌ សីលធម៌ និងគុណធម៌។ អត្ថរូប មាន៣ចំណុច វិធីតែង រចនាបថ និងសិល្ប៍សោភ័ណ។ អត្ថរស មាន៣ចំណុច បង្ហាញឱ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ។
ខ្នាតក្រដាស A4 ចាប់ពី១៥-៣០ទំព័រ។ អត្ថបទរឿង ត្រូវវាយដោយកំព្យូទ័រ Font យូនីកូត Khmer OS Simreap ទំហំ១២។ អក្ខរាវិរុទ្ធ យកតាមវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។
ជយលាភីលេខ១-៣ ផ្នែកប្រលោមលោក៣រូប និងកំណាព្យរឿង៣រូប ទទួលបានពាន់រង្វាន់១ និងអមដោយទឹកប្រាក់។ រង្វាន់កិត្តិយសលេខ៤-៥ ប្រលោមលោក២រូប និងកំណាព្យរឿង២រូប ទទួលបានបណ្ណសរសើរ១ និងអមដោយទឹកប្រាក់។
កវីនិពន្ធ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមប្រឡង អាចបញ្ជូនស្នាដៃតែងនិពន្ធ មកដាក់ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៧: ០០ ជាកំហិត។
ចំណាំ៖ អាសយដ្ឋានទទួលស្នាដៃប្រឡង នៅនាយកដ្ឋានសៀវភៅ និងការអាន អគារលេខ៤៤ ផ្លូវសម្តេចប៉ាន(លេខ២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។ ឬអាចផ្ញើតាមរយៈទូរសព្ទ និង Telegram លោក កុក រស់ ០១១ ៨៥០ ០៩៤។ កញ្ញា ញ៉ឹក ថារី ០១២ ៨០១ ១២២ លោក សំអាត សិលា ០៧៨ ៦៦៨ ៩៧៧។
សម្រាប់ព័ត៌មានលម្អិត លេខទូរសព្ទ និងតេលេក្រាម ០១៧ ៤៧៤ ១១៦, ០១៧ ៧៨៩ ០២៩, ០១២ ៨០១ ១២២, ០១១ ៨៥០ ០៩៤។
Tag:
អក្សរសាស្ត្រ
អក្សរសិល្ប៍
ប្រលោមលោក
កំណាព្យ
សិល្បៈ
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com