ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ ប៉ុស្តិ៍ឃុំជីខក្រោមខ្វះកម្លាំង តែមានប្រជាការពារភូមិ ៧២នាក់ ជួយការពារសុវត្ថិភាពពលរដ្ឋ យុវជននៃអង្គការ YCC ជាមួយអាជ្ញាធរប៉ុស្ដិ៍ជីខក្រោម។
×
ដោយ រុន ចន្នី (យុវជនឃុំជីខក្រោម)
ស្រុកស្រែអំបិល, កោះកុង៖ ប៉ុស្ដិ៍រដ្ឋបាលឃុំជីខក្រោម មានកម្លាំងសមត្ថកិច្ច ចំនួន៥នាក់ ។ នេះបើតាមលោក កែវ ប៊ុនថៃ មេប៉ុស្ដិ៍រងឃុំជីខក្រោម ដែលបានបន្ថែមថា ចំនួនកម្លាំងនេះមានការខ្វះខាត សម្រាប់ប៉ុស្ដិ៍នគរបាល។
លោក កែវ ប៊ុនថៃ មេប៉ុស្ដិ៍រងឃុំជីខក្រោម បានឱ្យដឹងថា នៅក្នុងប៉ុស្ដិ៍រដ្ឋបាលឃុំជីខក្រោម មានកម្លាំងនគរបាលចំនួន៥ នាក់ប៉ុណ្ណោះ ។ បើតាមមេប៉ុស្ដិ៍រងរូបនេះ បើមានកម្លាំងចំនួន៩ នាក់ទើបគ្រប់គ្រាន់។ លោក កែវ ប៊ុនថៃ អះអាងថា៖«នៅក្នុងប៉ុស្តិ៍រដ្ឋបាលឃុំជីខក្រោម មានការខ្វះបុគ្គលិកចំនួន ៤ នាក់ បន្ថែមដើម្បីបង្គ្រប់ឱ្យគ្រប់ស្តង់ដារនៃប៉ុស្តិ៍រដ្ឋបាលឃុំ។ប៉ុស្តិ៍រដ្ឋបាលឃុំកំពុងតែដាក់សំណើសុំបុគ្គលិកបន្ថែមដើម្បីបង្គ្រប់ចំនួនដែលកំណត់»។
លោក កែវ ប៊ុនថៃ មេប៉ុស្ដិ៍រងឃុំជីខក្រោម
បើតាមមេប៉ុស្តិ៍រងរូបនេះ ទោះបីជាខ្វះកម្លាំងនគរបាល តែក្នុងឃុំមានប្រជាការពាររហូតដល់៧២នាក់ ចាំជួយការពារសុខសុវត្ថិភាពពលរដ្ឋក្នុងឃុំ។ លោក កែវ ប៊ុនថៃ បានបន្ថែមថា ជារៀងរាល់ថ្ងៃប៉ុស្តិ៍នគរបាល និងប្រជាការពារភូមិ តែងបានដើរយាមល្បាតក្នុងឃុំទាំងយប់ថ្ងៃ។
លោក រ៉ុម សួង ជាប្រជាពលរដ្ឋក្នុងឃុំជីខក្រោម បានឱ្យដឹងថា លោកសប្បាយចិត្តពេលដែលក្នុងឃុំ មានកម្លាំងនគរបាលចាំជួយការពារសុវត្ថិភាពពលរដ្ឋ។ លោក រ៉ុម សួង ក៏បានសំណូមពរ ឱ្យកម្លាំងនគរបាល និងប្រជាការពារភូមិ ជួយបន្ថែមការយាមល្បាតជាពិសេសត្រង់ចំណុចស្ងាត់ ដើម្បីសុវត្ថិភាពក្នុងឃុំកាន់តែប្រសើរ។
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
© រក្សាសិទ្ធិដោយ thmeythmey.com