ជាតិ
ដើមឈើជាង១០០ដើម ត្រូវបានដាំ នៅសួនអាពាហ៍ពិពាហ៍ខេត្តកំពង់ធំ ក្នុងពិធីបុណ្យទន្លេ
09, Mar 2023 , 5:29 pm        
រូបភាព
សកម្មភាពក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ ដាំដើមឈើនាពិធីបុណ្យទន្លេ នៅថ្ងៃទី៨ មីនា ។ រូបភាពពីក្រសួងព័ត៌មាន ។
សកម្មភាពក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ ដាំដើមឈើនាពិធីបុណ្យទន្លេ នៅថ្ងៃទី៨ មីនា ។ រូបភាពពីក្រសួងព័ត៌មាន ។
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ បានដាំដើមឈើជាង១០០ដើម ក្នុងពិធីបុណ្យទន្លេលើកទី៧ ខេត្តកំពង់ធំ។ សកម្មភាពដាំដើមឈើនេះ គឺដើម្បីជំរុញស្មារតី និងថែរក្សាការពារព្រៃឈើ ជាពិសេសចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបទល្មើសព្រៃឈើផងដែរ។



កូនឈើ ដែលត្រូវបានដាំនៅសួនអាពាហ៍ពិពាហ៍ នាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន​ ជាង១០០ដើម ភាគច្រើនជាប្រភេទដើមធ្នង់ ដើម​បេង ដើមនាងនួនជាដើម។ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ  បានលើកឡើងថា ការដាំដើមឈើនាឱកាសនេះគឺជាសកម្មភាពបង្ហាញឱ្យឃើញការស្រឡាញ់បរិស្ថាន ស្រឡាញ់សហគមន៍។ 
  


លោក អ៊ុន បុត្ត បានថ្លែងថា៖ «ព្រៃឈើដែលជាធនធានមិនអាចកាត់ថ្លៃបាន ផ្ដល់អត្ថប្រយោជន៍ទាំងសង្គម និងសេដ្ឋកិច្ច ទាំងពេលបច្ចុប្បន្ន និងអនាគត។ ព្រៃឈើជួយកាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយសំណឹករីករិលដៃ រក្សាគុណភាពទឹកនិងខ្យល់ ដើមឈើបានបន្ថែមនូវសោភ័ណភាព ពិសេសជួយរក្សាតុល្យភាពអាកាសធាតុផងដែរ»។
 
លោក  តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ មានយុទ្ធនាការ «ទេសចរមួយនាក់ ដើមឈើមួយដើម» ដូច្នេះទេសចរមួយលាននាក់ គឺនឹងបានដាំដើមឈើយ៉ាងតិច១លានដើម ដោយតាមខេត្តនីមួយៗ ត្រូវមានកន្លែងសម្រាប់ឱ្យទេសចរដាំដើមឈើ។
 
ជាមួយគ្នានេះ លោក តុប សុភ័ក ក៏បានលើកទឹកចិត្តដល់ពលរដ្ឋ ពិសេសគូស្វាមីភរិយាថ្មី អាចមកដាំដើមឈើនៅសួនអាពាហ៍ពិពាហ៍ឱ្យបានគ្រប់គ្នា ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយ និងបណ្ដុះស្មារតីដាំដើម ថែរក្សាការពារព្រៃឈើបន្តទៀត៕ 



Tag:
 បុណ្យទន្លេ
  ដើមឈើ
© រក្សាសិទ្ធិដោយ thmeythmey.com