ជាតិ
ក្រសួងទេសចរណ៍បកស្រាយថា រូបភាព​នៃអច្ឆរិយភាពទាំង១០ មាន​ខ្លះទិញសិទ្ធិត្រឹមត្រូវ ខ្លះយកពី Open Source
06, Apr 2023 , 6:59 pm        
រូបភាព
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍
ភ្នំពេញ៖ ក្រោយពីក្រសួងទេសចរណ៍ បង្ហោះរូបភាពចំនួន ១០សន្លឹក ដែលផ្សព្វផ្សាយពីសារខ្លីៗនៃអច្ឆរិយភាពទាំង១០ នៃយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក៏មានសាធារណជនមិនតិចទេ ចូលខមិនរិះគន់ អំពីរូបភាព ថាប្រើប្រាស់រូបភាពមិនត្រឹមត្រូវ និងរំលោភលើកម្មសិទ្ធិបញ្ញាជាដើម។ ជុំវិញ​បញ្ហានេះ ក្រសួងទេសចរណ៍ បកស្រាយថា រូបភាពខ្លះនៃយុទ្ធនាការទាំងនោះ បានទិញសិទ្ធិប្រើប្រាស់ និងខ្លះ​យកពីប្រភពបើកចំហ(Open Source)។



កាលពីថ្ងៃទី៣១ ខែមីនា កន្លងទៅ ក្រសួងទេសចរណ៍បានបង្ហោះរូបភាពចំនួន ១០សន្លឹក ដោយផ្សារភ្ជាប់សារខ្លីៗ នៃអច្ឆរិយភាពទាំង១០ របស់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ដែលខ្លឹមសារទាំងនេះគឺជាផ្នែកមួយនៃវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ។ ការផ្សព្វផ្សាយនេះ គឺមានគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល ទេសចរណ៍ សំដៅស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា បន្ទាប់ពីទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩។
 
បន្ទាប់ពីការបង្ហោះ ក្រសួងទេសចរណ៍ បានទទួលនូវមតិរិះគន់ និងប្រតិកម្មពីសាធារណជន ដោយចោទប្រកាន់ថា ប្រើប្រាស់រូបភាពមិនត្រឹមត្រូវ និងរំលោភលើកម្មសិទ្ធិបញ្ញាជាដើម។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏បានបំភ្លឺថា រូបភាពមួយចំនួនបានស្នើសុំទិញសិទ្ធិប្រើប្រាស់។ ចំពោះ រូបភាពមួយចំនួនទៀត បានមកពីកម្មវិធីប្រកួតប្រជែងរូបភាព ដែលរៀបចំឡើងដោយក្រសួងផ្ទាល់។ រីឯរូបភាពដទៃទៀត គឺទទួលបានពីប្រភពបើកចំហ (Open Source) ដែលអនុញ្ញាតឱ្យសាធារណជនទាញយកដោយសេរី និងស្របច្បាប់។
 
ក្នុង​សេចក្ដី​បំភ្លឺ ក្រសួងទេសចរណ៍ លើកឡើងថា រូបភាពដែលប្រើប្រាស់ក្នុងយុទ្ធនាការនោះ គឺជារូបភាពដើមរបស់កម្ពុជា។ បន្ថែមលើការបកស្រាយ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឱ្យសាធារណជន ឈប់ចែកចាយបន្ត និងកែតម្រូវការបង្ហោះ ដោយផ្សព្វផ្សាយព័ត៌មានដែលមិនត្រឹមត្រូវទាំងនេះតទៅទៀត ដើម្បីចៀសវាងបង្កផលប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ នៃប្រទេសជាតិទាំងមូលផងដែរ៕
 

Tag:
 ក្រសួងទេសចរណ៍
 «ឆ្នាំទស្សនាកម្ពុជា២០២៣»
© រក្សាសិទ្ធិដោយ thmeythmey.com