ជាតិ
គ.ជ.ប តម្រូវឱ្យគណបក្សនយោបាយតម្កល់ប្រាក់ ១៥លានរៀល នៅធនាគារជាតិ
06, Apr 2023 , 8:59 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបភាព៖ គ.ជ.ប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបភាព៖ គ.ជ.ប
ដោយ:
គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) តម្រូវឱ្យគណបក្សនយោបាយទាំងអស់ ស្នើសុំពាក្យបង់ប្រាក់តម្កល់ពី គ.ជ.ប ទៅធនាគារជាតិ តាមទម្រង់បែបបទលេខ ១០០៨ ដើម្បីឈរឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប។



ក្រោយពីគណបក្សនយោបាយទាំងនោះ បានទទួលលិខិតអនុញ្ញាតពី គ.ជ.ប ហើយ ពួកគេត្រូវទៅបង់ប្រាក់ ១៥លានរៀលនៅធនាគារជាតិនៃកម្ពុជាតិ ។ បន្ទាប់មកសាមីគណបក្សនយោបាយ ត្រូវយកបណ្ណបង់ប្រាក់តម្កល់ ទៅអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីទទួលបានបង្កាន់ដៃបង់ប្រាក់តម្កល់។ 
 
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ថា គ.ជ.ប តម្រូវឱ្យគណបក្សនយោបាយតម្កល់ប្រាក់ ១៥លានរៀល នៅធនាគារជាតិកម្ពុជា ព្រោះមានចែងនៅក្នុងច្បាប់ ដែលត្រូវតម្កល់រៀងរាល់នៃការបោះឆ្នោត។ សម្រាប់ប្រាក់តម្កល់ទាំងនោះ គឺដើម្បីធានាគណបក្សនយោបាយនីមួយៗ ពោលគឺទុកការពារគណបក្សរបស់ខ្លួន។ 
 
លោក ពុទ្ធា បានបញ្ជាក់ថា៖« ការធានាដោយគណបក្សរបស់ខ្លួនឯងផ្ទាល់ ជាតួនាទីទទួលខុសត្រូវចំពោះមុខច្បាប់។ ច្បាប់កំណត់ ពីចំនួនសមាជិកប៉ុន្មាន អាចបង្កើតគណបក្សាបាន ពេលបោះឆ្នោត ត្រូវមានការតម្កល់ ត្រូវមានបេក្ខជនចេញពីគណបក្សជាដើម»។
 
បើតាម គ.ជ.ប តម្រូវឱ្យបង់ប្រាក់តម្កល់នេះ គឺអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ ចំពោះគណបក្សនយោបាយ ដែលបានចុះបញ្ជីតាមលក្ខខណ្ឌច្បាប់ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ និងមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវរៀបចំបែបបទ និងពាក្យស្នើសុំទៅ គ.ជ.ប។
 
គណបក្សនយោបាយ ត្រូវអនុវត្តតាមការកំណត់ ដោយយកសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ(ការិយាល័យច្រកចេញចូលតែមួយ)និង ត្រូវរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស។ នេះបើតាម គ.ជ.ប៕
 
 

Tag:
 ឈរឈ្មោះបោះឆ្នោត
  ចុះបញ្ជី
© រក្សាសិទ្ធិដោយ thmeythmey.com