ជាតិ
ភ្នំពេញមិនស្ងាត់ទេ! រដ្ឋបាលរាជធានី រៀបចំ«សង្រ្កាន្តវត្តភ្នំ» ដោយមានពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ និងប្រគំតន្រ្តី
06, Apr 2023 , 6:19 pm        
រូបភាព
ការរៀបចំសង្រ្កាន្តវត្តភ្នំ ឆ្នាំ២០២៣។ រូបភាពពី ហ្វេសប៊ុកលោក កើត ឆែ
ការរៀបចំសង្រ្កាន្តវត្តភ្នំ ឆ្នាំ២០២៣។ រូបភាពពី ហ្វេសប៊ុកលោក កើត ឆែ
ដោយ៖​ ទូច សូរិយា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ មេសា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ។ នេះ​បើតាម​សេចក្ដី​ជូន​ដំណឹង​ចេញ​ផ្សាយ​ថ្ងៃទី៥ មេសា។​
 
ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី និង​បង្កើត​ភាព​រីករា​យ​ដល់​ពលរដ្ឋ​ និ​ងភ្ញៀវទេសចរនៅ​រាជធានី​ភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ មេសា ពី​ម៉ោង​៨ព្រឹក-៨យប់។ ក្នុងព្រឹត្តិការណ៍សង្រ្កាន្តនេះ នឹង​មាន​កម្មវិធីវប្បធម៌ ប្រពៃណីជាច្រើន​​ ដូចជាពិធីគោរពទីទួលដូនពេញ, ពូនភ្នំខ្សាច់, ស្រង់ព្រះ, សម្តែងសិល្បៈរបាំត្រុដិ, ការតាំងបង្ហាញគំនូរសិល្បៈ, ការប្រគំតន្រ្តីបុរាណ-សម័យ, តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។
 
ក្រៅពីនេះ ក៏មានកម្មវិធីកម្សាន្តជាច្រើន រួមមាន ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ដណ្ដើមស្លឹកឈើ និងល្បែងប្រជាប្រិយផ្សេងៗទៀត។ បន្ថែមពីនេះ អាជ្ញាធរ កំពុងមមា​រៀបចំតុបតែងកម្មវិធីសង្រា្កន្ត សណ្តាប់ធ្នាប់ សុខ​សុវត្ថិភាព និង​សន្តិសុខ​ដល់​អ្នកចូលរួម​ផងដែរ។ 
 
សូម​បញ្ជាក់ថា ក្រៅពីរមណីយដ្ឋាន​វត្តភ្នំ នៅវិមាន​ឈ្នះ-ឈ្នះ ក៏មានរៀបចំសង្រ្កាន្ត​ដែរ ខណៈនៅតាមបណ្តាខេត្តដូចជា​សៀមរាប, កំពង់ស្ពឺ, កំពង់ឆ្នាំង, ស្វាយរៀ,  កំពត,  កែប,  ព្រះសីហនុ, រតនគិរី, កណ្តាល, កំពង់ធំ, បន្ទាយមានជ័យ  , បាត់ដំបង និងខេត្តពោធិ៍សាត់ ក៏ប្រកាសរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត​ដែរ៕
 
 

Tag:
 សង្រ្កាន្ត
  ចូលឆ្នាំ​
  វត្ត​ភ្នំ​
© រក្សាសិទ្ធិដោយ thmeythmey.com