ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ការប្រកាន់យកភាពត្រឹមត្រូវ និងពន្លឿនការងារ ជាទុនដល់លោក សុវាចា ក្នុងនាមអ្នកនាំពាក្យ
07, Apr 2023 , 7:59 am        
រូបភាព
 លោក រស់  សុវាចា  អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ រូបភាពរបស់សារព័ត៌មានថ្មីៗ.
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ រូបភាពរបស់សារព័ត៌មានថ្មីៗ.
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ឆ្លងកាត់បទពិសោធជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ជិតប្រាំឆ្នាំនេះ លោក រស់ សុវាចា ប្រាប់សារព័ត៌មានថ្មីៗ ថា លោកតែងប្រកាន់យកភាពត្រឹមត្រូវ និងពន្លឿនការឆ្លើយតបទៅកាន់បណ្តាសារព័ត៌មានក្នុងស្រុក  តាមរយៈការប្រមូលប្រភពព័ត៌មានពីមុមទាំងបីដូចជា ស្ថាប័នក្រសួងអប់រំផ្ទាល់ ,បណ្តាមហាជន  និងអ្នកសារព័ត៌មានក្នុងវិស័យដ៏សំខាន់នេះ។



ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 



 
អតីតសាស្រ្តាចារ្យផ្នែកភាសាអង់គ្លេសរូបនេះ បានចែករំលែកនូវគោលការណ៍ទាំង១០ របស់ខ្លួនដូចជា  គោលបំណងជីវិត, កំណត់អាទិភាពក្នុងចំណោមអាទិភាព , ការតាំងចិត្តឱ្យស្ងប់, ការស្រឡាញ់ថែទាំខ្លួន ដើម្បីប្រយោជន៍រួម, ការបង្វែបញ្ហាឱ្យទៅជាឱកាស , ការយកគ្រប់គ្នាជាគ្រូ , រៀនខ្លួនឯងខ្លះ និងជាក្រុមខ្លះ , ទ្រឹស្តី៥១ទល់នឹង៤៩, ដើរលើដីតែកុំដើរលើពពក និងសិក្សាពេញមួយជីវិត។ 
 

លោក រស់  សុវាចា  អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ។  រូបភាពរបស់សារព័ត៌មានថ្មីៗ...
 
បើតាមអតីតនិស្សិតពីសហរដ្ឋអាម៉េរិករូបនេះ ការដឹងច្បាស់ពីគោលបំណងជីវិត នឹងនាំឱ្យបុគ្គលខ្លួនឯងអាចដឹងថា ខ្លួនឯងចង់ដើរឱ្យទៅដល់ទីណា ហើយតាមវិធីណា? ក៏ដូចជាផ្លូវណា? 
លោក រស់ សុវាចា បន្ថែមថា ៖ « ទោះបីបុគ្គលពូកែប៉ុណ្ណាក៏ដោយ បើសិនតាំងចិត្តមិនបានស្ងប់ទេ អាចនឹងមានបញ្ហាច្រើនជាង អ្នកដែលអាចតាំងចិត្តស្ងប់ ក្នុងការបំពេញការងារមួយណាក៏ដោយ» ។   
 
អតីតបុគ្គលិកនៃអង្គការសហប្រជាជាតិរូបនេះ លើកយកឃ្លាមួយគឺ «ការស្រឡាញ់ថែទាំខ្លួន ដើម្បីបំរើប្រយោជន៍រួម» មានន័យថា  ការស្រឡាញ់ខ្លួនតែងមានន័យច្រើនសម្រាប់មនុស្សផ្សេងគ្នា តែសម្រាប់លោកផ្ទាល់ ការស្រឡាញ់ខ្លួនគឺជាការថែទាំសុខភាព ដោយឆ្លៀតហាត់ប្រាណ ដើម្បីផ្តល់ថាមពលទៅដល់រាងកាយយើងផង ហើយនឹងប្រាជ្ញារបស់យើងផង។ 
 

លោក រស់  សុវាចា  អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ ។  រូបភាពរបស់សារព័ត៌មានថ្មីៗ
 
ជាពិសេសត្រូវចេះបង្វែបញ្ហាប្រឈឱ្យទៅជាឱកាស! អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡារូបនេះ បានពោលបន្ថែមដូច្នេះ៖ « ខ្ញុំផ្ទាល់បានយកគ្រប់គ្នាជាគ្រូ ព្រោះខ្ញុំយល់ឃើញថា គ្មានមនុស្សណាអាក្រក់ ឬ ល្អតែម្តងទេ។  គ្រប់មនុស្សទាំងអស់សុទ្ធតែមានភាពល្អ និងអាក្រក់នៅជាមួយខ្លួនតែមួយ។ អ៊ីចឹងទេ ខ្ញុំប្រាប់ខ្លួន​ឯងថា ទាំងអស់គ្នាជាគ្រូរបស់ខ្ញុំ ហើយត្រូវយកឱកាសរៀនសូត្រពីភាពល្អ របស់អ្នកនោះមកដាក់ ដើម្បីភាពប្រសើរដល់ខ្លួនឯង»។ 
 
បន្ថែមពីនេះទៀត វាគ្មិនខាងលើដដែល បានលើកពីទ្រឹស្តីផ្ទាល់ខ្លួនដែរថា  ៥១ ទល់នឹង ៤៩ លោក សង្កត់ធ្ងន់បែបនេះ៖ «៥១សម្រាប់ខ្ញុំជាសំឡេងគាំទ្រ និងលើកទឹកចិត្ត ព្រោះថា ក្នុងជីវិតយើងគ្រប់គ្នានេះ អត់មានអ្នកណាដែលត្រូវទាំងអស់ទេ ហើយក៏អត់មានអ្វី ដែលអាចផ្គាប់ចិត្តមនុស្សបានទាំងអស់គ្នាដែរ។ អ៊ីចឹង សម្រាប់ខ្ញុំ បើមានសំឡេងគាំទ្រតែ ៥១% ខ្ញុំសប្បាយចិត្តក្នុងការធ្វើបន្តទៀតហើយ  តែបើ៤៩%ទៀតគឺជាមនុស្សដែលចាំតែទើសយើង ទោះបីជាយើងធ្វើអីក៏ដោយក៏នៅតែមានកន្លែងឆ្គងមិនត្រូវចិត្តទេ។ អ៊ីចឹង ខ្ញុំប្រាប់ខ្លួនឯងថា បើក្នុងន័យស្ថាបនា ខ្ញុំនឹងទទួលហើយធ្វើការកែលម្អ ដើម្បីឱ្យបានកាន់តែប្រសើរ  តែបើជាការនិយាយបែបជាន់ពន្លេច ខ្ញុំនឹងមិនទុកក្នុងចិត្តទេ ដើម្បីឱ្យអារម្មណ៍យើងស្រួលធ្វើការទៅមុខទៀត»។ 
 
ចំណុចទាំងនេះ សុទ្ធតែជាគោលការណ៍ដែលលោក រស់ សុវាចា បានអនុវត្តកន្លងមក។ ក្រៅពីចំណុចទាំងនេះ លោកតែងប្រកាន់យកភាពត្រឹមត្រូវ និងពន្លឿនការឆ្លើយតបទៅកាន់បណ្តាសារព័ត៌មានក្នុងស្រុក  តាមរយៈការប្រមូលប្រភពព័ត៌មាននានា៕
 

Tag:
 វិស័យអប់រំ
  ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com