កីឡាជាតិ
ជាតិ
លោក សៅ សុខា៖ ប្រកួតបាល់ទាត់ មិនគ្រាន់តែលទ្ធផលទេ ប៉ុន្ដែជាចំណែកកសាងសង្គម និងប្រទេសជាតិ
07, Apr 2023 , 2:39 pm        
រូបភាព
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងក្នុងពិធីចុះហត្ថលេខាដៃគូសហការក្រុមជម្រើសជាតិកម្ពុជា
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងក្នុងពិធីចុះហត្ថលេខាដៃគូសហការក្រុមជម្រើសជាតិកម្ពុជា
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បាននិយាយថា លទ្ធផលនៃការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍នានា តែងមានឈ្នះ និងចាញ់ ប៉ុន្ដែលទ្ធផលទាំងនោះ មិនមែនជាគោលដៅសំខាន់តែមួយមុខ នៃកីឡាមួយនោះទេ។ សកម្មភាព នៃការប្រកួតទាំងនោះ ជាការរួមចំណែកដល់ការកសាងជាតិ ពង្រឹងមិត្តភាព និងទំនាក់ទំនងអន្ដរជាតិជាមួយបរទេស។



ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាព ជាដៃគូឧបត្ថម្ភផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជា នៅអាគារវឌ្ឍនៈ កាលពីថ្ងៃទី​៦ ខែមេសា ឆ្នាំ២០២៣ លោក សៅ សុខា បាននិយាយថាកីឡាបាល់ទាត់ គឺជាកីឡា ដែលពេញនិយមទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ ប្រជាជនកម្ពុជា បានចូលរួមលេង ទស្សនា និងគាំទ្រកីឡាមួយនេះ ជាច្រើនកុះករ និងគ្រប់ស្រទាប់អាយុ។ ទាំងអស់នេះ បានបង្ហាញឲ្យឃើញថា កីឡាមួយនេះ បានជួយច្រើនក្នុងវិស័យអប់រំ និងផ្នែកសុខមាលភាព ព្រោះយុវជនស្ទើរតែទាំងអស់ យល់ដឹងពីវិស័យកីឡា ហើយជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
  


«មិនខុសពីបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក កីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា មានភាពពេញនិយម មានប្រជាជន ចូលចិត្តលេង និងតាមដានទស្សនា គ្រប់ស្រទាប់ គ្រប់វ័យ។ គោលដៅចម្បង នៃការប្រកួតកីឡាបាល់ទាត់ គឺមិនមែនតែដើម្បីលទ្ធផល នៃការប្រកួតតែមួយមុខ ប៉ុណ្ណោះទេ តែដើម្បីរួមចំណែក កសាងប្រទេស តាមរយៈការលើកកម្ពស់ ផ្នែកសុខមាលភាព ការអប់រំ វិន័យ និងសីលធម៌ ការគោរពគ្នា សាមគ្គីភាព មិត្តភាព ទំនាក់ទំនង សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍...។ល។»។ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននិយាយដូច្នេះ។
 
ស្របពេលព្រឹត្តិការណ៍ស៊ីហ្គេម នៅមិនដល់មួយខែនឹងឈានចូលមកដល់ ប្រធាន FFC រូបនេះបង្ហាញសុទិដ្ឋិនិយមរបស់ខ្លួនដូច្នេះថា៖«ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ គឺជាការឆ្លុះបញ្ចាំង អំពីវឌ្ឍនភាព​វិស័យកីឡា នយោបាយ សន្ដិសុខ សន្ដិភាព និងសុខដុមនៅក្នុងសង្គម និងភាពរីកចម្រើន នៃវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ផងដែរ។»។
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងចាប់ផ្ដើមបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ហើយបញ្ចប់នៅថ្ងៃទី១៧ ឆ្នាំ២០២៣។ ចំពោះវិញ្ញាសាកីឡាបាល់ទាត់បុរស ក្រុម​កីឡា​បាល់ទាត់អាយុក្រោម​២២​ឆ្នាំ​របស់កម្ពុជា ត្រូវ​ស្វាគមន៍ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។ រីឯពូល B មានវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឡាវ៕
 


Tag:
 បាល់ទាត់
  សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com