ជាតិ
ខេត្តកណ្ដាល នឹងធ្វើសង្រ្កាន្តនៅភ្នំព្រះរាជទ្រព្យ ឯខេត្តកំពង់ធំ ធ្វើនៅសួនស្ទឹងសែន ដោយមានល្បែងប្រជាប្រិយ របាំ និងសិល្បៈបុរាណ ទិដ្ឋភាពការតុបតែងលម្អ និងការកម្សាន្តក្នុងកម្មវិធីសង្រ្កាន្ត។
×
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល និងខេត្តកំពង់ធំ នឹងរៀបចំសង្រ្កាន្ត រយៈពេល៣ថ្ងៃ តាមខេត្តរៀងៗខ្លួន ដើម្បីសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជាទាក់ទាញទេសចរឱ្យមកក្សាន្តក្នុងខេត្តទាំងពីរកាន់តែច្រើនកុះករ។ សម្រាប់ទីតាំងនៃការរៀបចំសង្រ្កាន្តខេត្តកណ្តាល ប្រារព្ធឡើងនៅភ្នំព្រះរាជទ្រព្យ ក្នុងសុ្រកពញាឮ។ ចំណែកឯ ខេត្តកំពង់ធំ នឹងរៀបចំឡើងនៅសួនស្ទឹងសែន។
បើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកណ្តាល ក្នុងកម្មវិធីសង្រ្កាន្ត ក៏មានកម្មវិធីលែ្បងប្រជាបិ្រយ ការដាក់តាំងបង្ហាញសមិទ្ធផលរបស់ខេត្ត, ការតាំងពិព័រណ៍, ប្រគំតន្រ្តីសម័យខ្នាតធំ, តន្រី្តស្គរដី, រត់ប្រណាំង, ការប្រណាំងកង់ប្រពៃណី,ការទាញព្រ័ត្រ, បង្ហោះគោម និងបាញ់កាំជ្រួច។ ព្រឹត្តិការណ៍សង្រ្កាន្តនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា នៅភ្នំព្រះរាជទ្រព្យ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្កភាពរីករាយជូនពលរដ្ឋក្នុងខេត្ត។
ដោយឡែក រដ្ឋបាលខេត្តកំពង់ធំវិញ ក៏រៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីនៃឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា នៅសួនស្ទឹងសែនផងដែរ។ កម្មវិធីធ្វើឡើងដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋដោយស្មារតីសាមគ្គីភាពជិតស្និទ្ធទៅតាមទំនៀមទម្លាប់ជាតិ។
ក្នុងព្រឹត្តិការណ៍សង្រ្កាន្តនេះ ក៏រៀបចំការប្រគំតន្រ្តីបុរាណ-សម័យ ល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ទាញព្រ័ត្រ សិល្បៈបុរាណរបស់មន្ទីរវប្បធម៌ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងភ្ញៀវទេសចរ កាន់តែអធិកអធម។ រដ្ឋបាលខេត្ត និងអាជ្ញាធរ ឱ្យអង្គភាពជុំវិញខេត្តទាំងអស់ជួយសម្របសម្រួលនៅថ្ងៃកម្មវិធី អនុវត្តវិធានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរ។
សូមបញ្ជាក់ដែរថា ក្រៅពីខេត្តកណ្ដាល និងខេត្តកំពង់ធំ រាជធានី-ខេត្តមួយចំនួន ក៏បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តផងដែរ៕
Tag:
សង្រ្កាន្ត
ខេត្តកណ្តាល
និងកំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com