អន្តរជាតិ
ការសិក្សា៖ បឹងធំៗជាងពាក់កណ្តាលរបស់ពិភពលោកកំពុងរីងស្ងួត
22, May 2023 , 8:29 am        
រូបភាព
ការសិក្សាថ្មីមួយចេញផ្សាយនាថ្ងៃទី១៨ ខែឧសភា រកឃើញថា ជាងពាក់កណ្តាលនៃបឹងនិងអាងស្តុក ទឹកធំៗរបស់ពិភពលោកបានរីងស្ងួតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ដោយមូលហេតុគឺដោយសារការប្រែប្រួលអាកាសធាតុ។ បញ្ហានេះ បណ្ដាលឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីទឹកសម្រាប់កសិកម្ម ថាមពលវារីអគ្គិសនី និងការប្រើប្រាស់របស់មនុស្ស។

 
បើតាមការស្រាវជ្រាវអន្តរជាតិ ប្រភពទឹកសាបសំខាន់ៗមួយចំនួនរបស់ពិភពលោកពីសមុទ្រកាសព្យែនរវាងអឺរ៉ុបនិងអាស៊ីរហូតដល់បឹងទីទីកាការបស់អាមេរិកខាងត្បូងបានបាត់បង់ទឹកក្នុងអត្រាប្រហែល២២ជីហ្គាតោនក្នុងមួយឆ្នាំក្នុងពេលជិត៣ទសវត្សរ៍មក។ ចំនួននេះគឺប្រហែល១៧ដងនៃបរិមាណទឹកបឹង Mead ដែលជាអាងស្តុកទឹកដ៏ធំបំផុតរបស់អាមេរិក។
 
អ្នកជំនាញផ្នែកធារាសាស្ត្រលើផ្ទៃនៃសាកលវិទ្យាល័យ Virginia លោក Fangfang Yao ដែលដឹកនាំការសិក្សានៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ បាននិយាយថា ៥៦ភាគរយនៃការថយចុះទឹកក្នុងបឹងធម្មជាតិត្រូវបានជំរុញដោយការឡើងកំដៅនៃអាកាសធាតុ និងការប្រើប្រាស់របស់មនុស្ស។ ប៉ុន្តែការកើនកំដៅជាចំណែកធំនៃបញ្ហា។
 
ខណៈដែលជាទូទៅតំបន់ស្ងួតរបស់ពិភពលោកត្រូវជឿថា នឹងកាន់តែស្ងួតដោយសារបម្រែបម្រួលអាកាសធាតុ ហើយតំបន់សើមនឹងកាន់តែសើម ការសិក្សាខាងលើបែរជារកឃើញពីការបាត់បង់ទឹកគួរឱ្យកត់សម្គាល់សូម្បីតែនៅក្នុងតំបន់សើមក៏ដោយ។ លោក Yao សង្កត់ធ្ងន់ថា បញ្ហានេះមិនគួរត្រូវមើលរំលងទេ។
 
ក្នុងការសិក្សានេះ អ្នកវិទ្យាសាស្ត្របានវាយតម្លៃបឹងធំៗជិត២ពាន់បឹងដោយប្រើការវាស់វែងពីផ្កាយរណប រួមជាមួយនឹងគំរូអាកាសធាតុ និងធារាសាស្ត្រ។ កាសិក្សាក៏រកឃើញដែរថា ការប្រើប្រាស់របស់មនុស្សដែលគ្មាននិរន្តរភាព ការផ្លាស់ប្តូរទឹកភ្លៀង ការហូរចេញដីល្បាប់ និងការកើនឡើងសីតុណ្ហភាព បានជំរុញឱ្យកម្រិតទឹកបឹងធ្លាក់ចុះជាសកល ដោយក្នុងនោះ៥៣ភាគរយបង្ហាញពីការថយចុះពីឆ្នាំ ១៩៩២ ដល់ឆ្នាំ២០២០៕
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com