សង្គមអន្តរជាតិ​
អន្តរជាតិ
មនុស្ស ៣៩នាក់ត្រូវបានចាប់ខ្លួន​ ក្នុងការវាយប្រហារប៉ុស្តឹ៍ប៉ូលិសនៅវៀតណាម
13, Jun 2023 , 5:49 pm        
រូបភាព
ជនសង្ស័យត្រូវបានចាប់ខ្លួនក្នុងព្រឹត្តិការណ៍វាយប្រហារប៉ុស្តឹ៍បូលិសនៅខេត្ត Dak Lak ។ រូបភាពពី ៖  Công an Nhân dân online ។
ជនសង្ស័យត្រូវបានចាប់ខ្លួនក្នុងព្រឹត្តិការណ៍វាយប្រហារប៉ុស្តឹ៍បូលិសនៅខេត្ត Dak Lak ។ រូបភាពពី ៖ Công an Nhân dân online ។
នៅថ្ងៃទី១៣ ខែមិថុនា លោកឧត្តមសេនីយទោ To An Xo អ្នកនាំពាក្យក្រសួងនគរបាលវៀតណាមបាននិយាយថា ក្រៅពីមនុស្សចំនួន ៣៩នាក់ដែលត្រូវបានចាប់ខ្លួនក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ កម្លាំងកំពុងបន្តស្វែងរកជនសង្ស័យដែលនៅសេសសល់។



 «បច្ចុប្បន្នមិនមានស្ថិតិជាក់លាក់ណាមួយអំពីចំនួនមនុស្សដែលលាក់ខ្លួននោះទេ» ។ អ្នកនាំពាក្យដដែលបន្តបែបនេះ។ ជាមួយគ្នានេះ នគរបាល​ខេត្ត​ Dak Lak  កំពុងអំពាវនាវ​ឲ្យ​ជនល្មើស​ឆាប់ចេញមកសារភាពកំហុស ដើម្បី​ទទួលបាន​ការបន្ធូរបន្ថយទោស ។
 
កាលពីវេលាទៀបភ្លឺនាថ្ងៃទី១១ ខែមិថុនា មនុស្សមួយក្រុម បានប្រើកាំភ្លើង និងអាវុធផ្សេងៗដើម្បីវាយប្រហារ និងបំផ្លាញទីស្នាក់ការគណៈកម្មាធិការប្រជាជន ការិយាល័យនគរបាលនៅឃុំ Ea Tieu និង Ea Ktur ក្នុងស្រុក Cu Kuin ខេត្ត Dak Lak។  ជា​លទ្ធផល ប៉ូលិស​៤​នាក់ មន្ត្រី​ឃុំ​២​នាក់និងប្រជាជន​ ៣​នាក់បានស្លាប់ ព្រមទាំង​មន្ត្រី​នគរបាល​២​នាក់​របួសធ្ងន់។
 
ភ្លាមៗនោះ ក្រសួងនគរបាលវៀតណាមបានបញ្ជាឱ្យអង្គភាពជំនាញ ធ្វើការសម្របសម្រួលជាមួយនគរបាលខេត្ត Dak Lak ដើម្បីចាប់ខ្លួនជនសង្ស័យ ក្នុងនោះក៏មានកង​កម្លាំង​យោធា​បាន​សហកា​រប្រតិបត្តិការប្រយុទ្ធបន្ទាន់ផងដែរ ។
 
បើតាមសារព័ត៌មាន VnExpress មន្ត្រីពាក់ព័ន្ធក្នុងផែនការការពារគោលដៅ និងចាប់ខ្លួនជនសង្ស័យ កម្លាំងនគរបាលចល័តប្រចាំតំបន់ ក្រសួងនគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត Dak Lak នៅតែបន្តរៀបចំកងវរសេនាតូចប្រដាប់អាវុធ កំណត់តំបន់ជុំវិញដែលប្រមូលផ្តុំដោយក្រុមឃាតករ ដើម្បីចាប់ខ្លួនក្រុមសង្ស័យបន្ថែមទៀត។ 
 
គួរបញ្ជាក់ថា​ តំបន់ខ្ពង់រាបភាគកណ្តាលដែលមានជនជាតិភាគតិចមួយចំនួន ត្រូវបានចាត់ទុក​ជា​តំបន់រសើបសម្រាប់រដ្ឋាភិបាលវៀតណាម និងជាតំបន់ក្តៅគគុក​យូរណាស់​មក​ហើយ​ជុំវិញ​បញ្ហា​ដីធ្លី៕
 

Tag:
 វៀតណាម​
  វាយប្រហារ
  ចាប់ខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com