ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំចេញអង្ករ​ជាង ២,៥ពាន់តោន ទៅ​ហ្វីលីពីនដែលជាចំនួនដ៏ច្រើនលើកដំបូង
28, Jun 2023 , 12:02 pm        
រូបភាព
ដោយ:
កម្ពុជា បាននាំចេញអង្ករចំនួន ២ ៥៧៥តោន ដែលជាបរិមាណដ៏ច្រើនលើកដំបូងមិនធ្លាប់​មាន ទៅ​ទី​ផ្សារ​ប្រទេសហ្វីលីពីន។ នេះបើតាម​ លោក ចាន់ សុឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ថ្លែងក្នុងពិធីសម្ពោធ ការបើកច្រកទីផ្សារនាំចេញអង្ករ​ទៅកាន់​ប្រទេស​ហ្វីលី​ពីន​ នៅថ្ងៃ​ទី២៦ ខែមិថុនា។



​បើតាម លោក ចាន់ សុឃាំង កម្ពុជា ធ្លាប់បាននាំអង្ករទៅកាន់ប្រទេសហ្វីលីពីនចំនួន ២ដង ដោយលើកទី១ ​នៅឆ្នាំ២០២០ មានចំនួន ៣០០តោន និង ១០០តោននៅឆ្នាំ២០២១។ ​ ក្រុមហ៊ុន ខ្មែរហ៊្វូត គ្រុប ឯ.ក ជាអ្នកនាំចេញអង្ករទៅ​ហ្វីលីពីន​ក្នុង​បរិមាណ​​ច្រើនជាលើកទី១នេះ។  លោក ចាន់ សុឃាំង ឱ្យដឹងដូច្នេះ ។

លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា

​ជុំវិញការនាំចេញអង្ករនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ​កម្ម បាន​​សរសើរ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែលបាន​សហប្រតិបត្តិការល្អ​ជាមួយក្រសួង​ពាណិជ្ជ​កម្ម ពិសេស​ជាមួយក្រុមហ៊ុនដៃគូ រហូត​បានបើកច្រកទីផ្សារអង្ករទៅកាន់​ប្រទេស​ហ្វីលីពីន។ លោក​រដ្ឋមន្ត្រី បានជំរុញឱ្យភាគីពាក់ព័ន្ធបន្ត​សហការឱ្យកាន់តែខ្លាំង ដើម្បីពង្រីកបរិមាណនាំចេញ​នៅឆ្នាំបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ ក៏បានស្នើ​សុំ​ឯកអគ្គ​រដ្ឋ​ទូតប្រទេសហ្វីលីពីន ជួយជំរុញ​​​វិនិយោគិន​ឱ្យមកវិនិយោគ និងទទួលការនាំចូលអង្ករ​កម្ពុជា​ឱ្យកាន់តែច្រើនថែមទៀត។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា

លោកស្រី MARIA AMELITA C. AQUINO ឯកអគ្គរដ្ឋទូត​ហ្វីលីពីនប្រចាំកម្ពុជា ​ បាន​លើក​ឡើងពីភាពរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ហ្វីលីភីន ជាពិសេសការ​នាំ​អង្ករ​​កម្ពុជា​ទៅកាន់ទីផ្សារហ្វីលីពីន។ លោកស្រីឯកអគ្គរដ្ឋទូត ​បន្តទៀតថា នេះជា​គំរូ​មួយ​ក្នុងការបង្ហាញពីសក្តានុពលរបស់កម្ពុជា ទៅដល់អ្នកបញ្ជាទិញ ក៏ដូចជាបង្ហាញពី ​ការត្រៀមខ្លួនរួចរាល់របស់អង្ករកម្ពុជា​ សម្រាប់ការនាំចេញផងដែរ។
គួររំឭកថា កាលពីកន្លងទៅ សម្ដេច ហ៊ុន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់​ លោក ម៉ាកូស ប្រធានា​ធិបតី​ហ្វីលីពីនថា ក្រុមហ៊ុនហ្វីលីពីនអាចដាក់ទុនវិនិយោគទាំងស្រុង​លើការ​សង់​រោងម៉ាស៊ីនកិនស្រូវ,ឡសម្ងួត ​និងឃ្លាំងស្តុក សម្រាប់ប្រមូលទិញស្រូវ ដើម្បី​សម្ងួត និង​កិននាំចេញទៅ​ហ្វីលីពីន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនហ្វីលីពីន ក៏អាចឱ្យកសិករកម្ពុជា ដាំ​ដុះប្រភេទស្រូវ ដែលជាតម្រូវការរបស់ប្រជាជនហ្វីលីពីនផងដែរ។
 
សូមបញ្ជាក់ថា រយៈពេល៥ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទ ចំនួន ២៧៨ ១៨៤តោន ស្មើនឹង ១៩១,៦៤លានដុល្លារអាម៉េរិក ​ទៅកាន់​ទីផ្សារអន្តរជាតិ។ ក្រៅពីអង្ករ កម្ពុជា​ក៏បាននាំចេញ​ស្រូវ​ ​ចំនួន ២ ១៤២ ៤៨៣តោន ទៅទីផ្សារអន្តរជាតិដែរ ក្នុងនោះ​ប្រមាណ ១,៣៧​លានតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារវៀតណាម ដែលគិតជា​ទឹកប្រាក់​ប្រមាណ ៥៤៥,២៦ លានដុល្លារ៕
 
 

Tag:
 អង្ករ
  នាំចេញ
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com