ជាតិ
ក្រសួងអប់រំ៖ គោលដៅអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០-២០៥០ ត្រូវចូលរួមទទួលខុសត្រូវខ្ពស់ពីមហាជន
04, Jul 2023 , 9:00 pm        
រូបភាព
លោកស្រី សឿ  សុជាតា តំណាងក្រសួងអប់រំ  ( រូបកណ្តាល) និងសហការី រូបភាពពី៖  ក្រសួងអប់រំ យុវជន និងកីឡា
លោកស្រី សឿ សុជាតា តំណាងក្រសួងអប់រំ ( រូបកណ្តាល) និងសហការី រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
ដោយ៖ សុង សុធាវី 
 
ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ជាតិប្រែក្លាយជាប្រទេសកម្ពុជាឱ្យមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍចំណូលខ្ពស់ឆ្នាំ២០៥០ កម្ពុជាត្រូវមានធនធានមនុស្ស ដែលមានសម្បទាទាំង៥រឹងមាំគឺ ចំណេះសម្បទា បំណិនសម្បទា កាយសម្បទា ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ នាថ្ងៃទី ៤ ខែកក្កដា។ 
 
ក្រសួងអប់រំ លើកឡើងថា សម្បទាទាំង៥នេះ អាចសម្រេចបាន ទាល់តែមានការចូលរួមដោយស្មារតីទទួលខុសត្រូវ របស់មហាជនកម្ពុជាទាំងអស់។ 


លោកស្រី សឿ សុជាតា  ប្រធានគណៈកម្មាធិការអន្តរវិស័យ សុខភាពសិក្សា រូបភាពពី៖ ក្រសួងអប់រំ យុវជន និងកីឡា
 
កន្លងមកលោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ស្តីពីសុខភាពសិក្សា ធ្លាប់បាននិយាយថា ដើម្បីឱ្យធនធានមនុស្សទាំងអស់ អាចមានលទ្ធភាពក្លាយជាពលរដ្ឋសកម្មរបស់ជាតិ និងពលរដ្ឋសកលបាន លុះត្រាតែពួកគេមានសុខភាពល្អ។ លោកបានបន្ថែមថា មនុស្សអាចមានសុខភាពល្អបាន ទាល់តែពួកគេស្គាល់ពីតម្លៃសុខភាព និងយល់ច្បាស់ពីវិធានថែរក្សាសុខភាពខ្លួនឯង។ 
 
លោករដ្ឋមន្ត្រីក្រសួងអប់រំ ក៏ប្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិគ្រប់ផ្នែក យកចិត្តទុកដាក់អនុវត្តតាមផែនការប្រតិបត្តិ១០ឆ្នាំរបស់ខ្លួន  ដោយបន្ស៊ីនិងបញ្ចូលជាផែនការប្រតិបត្តិប្រចាំឆ្នាំ តាមអង្គភាពរៀងខ្លួន។ ជាពិសេសត្រូវបំពេញរបាយការណ៍ បញ្ជូនទៅលេខាធិការដ្ឋានឲ្យបានទាន់ពេលវេលា ដើម្បីអាចមានលទ្ធភាពដោះស្រាយបញ្ហានានា ដែលអាចកើតជាយថាហេតុ ដែលរំខានដល់សុខភាពប្រជាជនទាំងអស់៕

Tag:
 ( វិស័យអប់រំ
 ​ ជាតិ)
© រក្សាសិទ្ធិដោយ thmeythmey.com