អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី៖ អាស៊ាន មិនគួរក្លាយជាកូនអុករបស់ប្រទេសណាមួយឡើយ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅវេទិកាតំបន់អាស៊ាន (ARF)។ រូបភាព antara
× ប្រធានាធិបតីឥណ្ឌូណេស៊ី លោកចូកូ វីដូដូ នៅថ្ងៃទី១៤ ខែកក្កដា បានអំពាវនាវឱ្យអាស៊ាន កុំក្លាយជាតំណាងរបស់រដ្ឋណាមួយឡើយ ខណៈពេលភាពតានតឹងកំពុងកើតមានស្ទើរគ្រប់កន្លែង។ ត្រង់ចំណុចនេះ មេដឹកនាំឥណ្ឌូណេស៊ី បានអំពាវនាវឱ្យមានការបង្រួបបង្រួម, ការពង្រឹងមជ្ឈភាពអាស៊ាន ក៏ដូចជាគោរពច្បាប់អន្តរជាតិ។
ក្នុងអំឡុងកិច្ចប្រជុំអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រធានបទ និងភាពតានតឹងជាច្រើនត្រូវបានលើកយកមកពិភាក្សា ក្នុងនោះមានដូចជាការប្រកួតប្រជែងរវាងចិន និងអាម៉េរិក សង្រ្គាមនៅអ៊ុយក្រែន វិបត្តិមីយ៉ាន់ម៉ា និងច្រកសមុទ្រតៃវ៉ាន់។ ជុំវិញបញ្ហានេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានជំរុញឱ្យអាស៊ានបង្រួបបង្រួមគ្នា និងថែរក្សាសន្តិភាពក្នុងតំបន់ និងលើសពីនេះ។
«អាស៊ាន មិនអាចជាការប្រកួតប្រជែងបានទេ។ វាក៏មិនអាចក្លាយជាកូនអុកប្រទេសដទៃដែរ ហើយច្បាប់អន្តរជាតិ គួរតែគោរពឱ្យបានម៉ត់ចត់»។ លោកវីដូដូ បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុនរដ្ឋមន្រ្តី និងមន្រ្តីមកពីបណ្តាប្រទេសចំនួន ២៧ ដែលចូលរួមក្នុងវេទិកា ARF។
ត្រង់ចំណុចនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី បានអះអាងថា បណ្តាប្រទេសអាស៊ាន ប្តេជ្ញាពង្រឹងការបង្រួបបង្រួម និងសាមគ្គីភាព ក៏ដូចជាមជ្ឈភាពក្នុងអាស៊ាន ដើម្បីការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។
បន្ថែមពីនេះ លោកវីដូដូ បានបន្តថា ក្នុងនាមជាបណ្តាប្រទេសកំពុងអភិវឌ្ឍ អាស៊ាន ត្រូវការការថែទាំ ការគាំទ្រ គតិបណ្ឌិតពីប្រទេសមានសេដ្ឋកិច្ចធំៗ ដែលត្រូវតែបោះបង់ចោលគំនិតបែបចាញ់ឈ្នះ ហើយប្រកាន់យកការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ក្នុងកិច្ចប្រជុំអាស៊ីបូព៌ានៅថ្ងៃទី១៣ ខែកក្កដា លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានព្រមានថា ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនគួរក្លាយជាសមរភូមិមួយទៀតឡើយ។ បើតាមប្រមុខការទូតរូបនេះ តំបន់អាស៊ីអាគ្នេយ៍ ត្រូវតែមានស្ថិរភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com