ភ្នំពេញ៖ ទំនាក់ទំនងរវាងប្រទេសកម្ពុជា-និងបារាំង គឺជាទំនាក់ដ៏យូរលង់ និងប្រកបដោយទំនុកចិត្ត ជាទំនាក់ទំនងស្អិតល្មួត ហើយក៏បន្តរីកដុះដាលជាវិជ្ជមានថែមទៀត។ នេះជាការលើកឡើង លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត ក្នុង ទិវាបុណ្យជាតិបារាំង ថ្ងៃទី១៤ ខែកក្កដា ដែលត្រូវបានរៀបចំឡើងនៅស្ថានទូតបារាំងប្រចាំកម្ពុជា។
នៅថ្ងៃប្រារព្ធទិវាបុណ្យជាតិបារាំងនេះដែរ រដ្ឋាភិបាលកម្ពុជា និងបារាំង ក៏បានសម្ពោធរួមគ្នា «វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨» ដែលត្រូវបានកម្ពុជាសាងសង់ឡើងវិញ នៅឧទ្យានឡេអូប៉ូល សេដា សេនហ្គ័រ សួនច្បារមុខស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ កម្ពុជា-បារាំងចាត់ទុកសំណង់នេះថាជា ការឆ្លុះបញ្ចាំងពីឫសគល់នៃទំនាក់ទំនងដ៏ស្អិតល្មួត រវាងប្រទេសទាំងពីរ។
ក្នុងសុន្ទរកថាស្វាគមន៍ភ្ញៀវកិត្តិយស៦០០នាក់ ក្នុងឱកាសទិវាបុណ្យជាតិបារាំង នៅស្ថានទូត លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានអគុណរដ្ឋាភិបាលកម្ពុជា ដែលផ្ដួចផ្ដើមគំនិតសាងសង់វិមាននេះឡើងវិញ។ សម្រាប់ លោក ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា គំនិតផ្តួចផ្តើមសង់វិមាននេះ បង្ហាញថាទំនាក់ទំនងរវាង កម្ពុជា-បារាំង មិនត្រឹមតែមានតាំងពីយូរលង់ប៉ុណ្ណោះទេ តែថែមទាំងជាទំនាក់ទំនងប្រកបដោយទំនុកចិត្ត និងគ្មានជម្លោះដែលបង្កឡើងដោយការចងចាំពីអតីតកាលថែមទៀតផង។
លោក ហ្សាក់ ប៉ឺឡេ មានប្រសាសន៍បន្ថែមថា៖ «ក្នុងពេលដែលប្រទេសកម្ពុជា ត្រៀមអបអរខួប៧០ឆ្នាំនៃឯករាជ្យ ដែលព្រះបរមរតនកោដ្ឋទទួលបានប្រកបដោយអហិង្សា ពោលគឺមិនត្រឹមតែមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនោះទេ ថែមទាំងបើកទៅកាន់សម័យកាលនៃកិច្ចសហប្រតិបត្តិការមិនធ្លាប់មាន ដែលក្នុងថ្ងៃនេះ យើងទាំងអស់គ្នា ជាអ្នកទទួលកេរមរតកនេះផង និងជាអ្នកបន្តវេនផង»។
ក្រៅពីរំឭកទំនាក់ទំនងរវាងកម្ពុជា-បារាំង លោក ហ្សាក់ ប៉ឺឡេ ក៏បានរំលេចពីព្រឹត្តិការណ៍ជោគជ័យជាច្រើន ដែលកម្ពុជាសម្រេចបានក្នុងឆ្នាំកន្លងទៅ ពិសេសគឺការធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន និងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារាហ្គេមលើកទី១២។ ក្នុងព្រឹត្តិការណ៍កីឡានេះ អត្តពលិកជាច្រើនដែលមានសញ្ជាតិខ្មែរ និងសញ្ជាតិបារាំង បានឈ្នះមេដាយជាច្រើន ដែលនេះក៏បង្ហាញថាវិស័យកីឡាក៏ចូលរួមក្នុងភាពសម្បូរបែបនៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ មិនតែប៉ុណ្ណោះ មានយុវជន កម្ពុជាចំនួន៩នាក់ ត្រូវបានជ្រើសរើសឱ្យទៅស្ម័គ្រចិត្តរយៈពេល៦ខែ នៅប្រទេសបារាំង ដើម្បីចូលរួមរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស៍ផងដែរ។ លោក ហ្សាក់ ប៉ឺឡេ ឱ្យដឹងដូច្នេះ។
ក្រៅពីទំនាក់ទំនងការទូត កីឡា ទំនាក់ក្នុងវិស័យពាណិជ្ជកម្ម , អប់រំ, សុខាភិបាល, សុខភាពសាធារណៈ និងការផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍនានាន ក៏ត្រូវបានលោក ហ្សាក់ ប៉ឺឡេ គូសបញ្ជាក់ក្នុងសុន្ទរកថារបស់ខ្លួន នាងឱកាសប្រារព្ធទិវាបុណ្យជាតិបារាំងដែរ។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត ដែលបានចូលរួមពិធីអបអរទិវាបុណ្យជាតិបារាំង លើកឡើងស្របនឹងឯកអគ្គរដ្ឋទូតបារាំងដែរថា វិមានដ៏ស្រស់ស្អាតនេះ បានគូសបញ្ជាក់នូវមិត្តភាពដ៏ស្អិតល្មួត ដែលមានតាំងពីយូរណាស់មកហើយរវាងកម្ពុជា-បារាំង និងពលរដ្ឋនៃប្រទេសទាំងពីរ ដែលពលីដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសេរីភាព ឯករាជ្យភាព និងយុត្តិធម៌។
លោក បន្តថា មិត្តភាពដ៏ស្មោះស្ម័គ្ររវាងកម្ពុជា-បារាំង មានការរីកដុះដាលយ៉ាងខ្លាំង។ ជាក់ស្ដែង ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងប៉ារីស៍កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដែលក្នុងពេលនោះ សម្តេច បានពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ នៅពេលនោះដែរ សម្តេច ក៏បានចូលរួមសន្និសីទអន្តរជាតិ ស្តីពីសាមគ្គីភាពជាមួយប្រជាពលរដ្ឋអ៊ុយក្រែន ផងដែរ។
រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តរូបនេះ ប្តេជ្ញាពង្រឹងចំណងពិសេសរវាងប្រទេសទាំងពីរបន្ថែមទៀត ពិសេសបន្តផ្តល់ភាពងាយស្រួលដល់ការវិនិយោគបរទេស កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះបណ្តាលកម្លាំងពលកម្ម ប្រកបដោយគុណវុឌ្ឍិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រកបដោយចរីភាព ដែលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើរតួនាទីយ៉ាងសំខាន់ ក្នុងនោះក៏មានវិស័យឌីជីថលផងដែរ។
កម្ពុជា-បារាំង បានប្តេជ្ញាចិត្តបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនបារាំង និងប្រទេសដទៃទៀត ដែលទទួលបានការស្វាគមន៍ដូចក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជាដែរ។ ក្នុងន័យនេះ ច្បាប់វិនិយោគថ្មី និងសមាជិកភាពក្នុងសមាគមអាស៊ាន និង RCEP កាន់តែផ្តល់អត្ថប្រយោជន៍សំខាន់ៗបន្ថែមទៀត។
តំណាងឱ្យកម្ពុជា លោក ចម ប្រសិទ្ធ អរគុណចំពោះប្រទេសបារាំង ដែលផ្តល់ការគាំទ្រក្នុងវិស័យជាច្រើន ក៏ដូចជាការជួយជ្រោមជ្រែងដ៏មានប្រសិទ្ធភាព របស់ប្រទេសបារាំង តាមរយៈទីភ្នាក់ងារ AFD។ ជំនួនទាំងនេះ បានអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងកំពុងតែវិវឌ្ឍក្នុងភាពជាដៃគូ ដែលផ្តល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក៕
ប្រភពរូបថត៖ ហ្វេសប៊ុកស្ថានទូតបារាំងប្រចាំកម្ពុជា