ជាតិ
អភិបាលខេត្តកែប ហាមអាជីវករដែលលក់ដូរតាមឆ្នេរ ឈរបក់ដៃ ឬស្ទាក់ឡានភ្ញៀវទេសចរទៀត
05, Sep 2023 , 9:29 pm        
រូបភាព
លោក សោម ពិសិទ្ធ អភិបាលខេត្តកែប នៅក្នុងពិធីសម្ពោធរូបសំណាក «ព្រះគណេស» កាលពីថ្ងៃទី៣១ ខែសីហា។
លោក សោម ពិសិទ្ធ អភិបាលខេត្តកែប នៅក្នុងពិធីសម្ពោធរូបសំណាក «ព្រះគណេស» កាលពីថ្ងៃទី៣១ ខែសីហា។
ភ្នំពេញ៖​ លោក សោម ពិសិទ្ធ អភិបាលខេត្តកែប បានណែនាំឱ្យអាជីវករលក់ដូរតាមឆ្នេរ បញ្ឈប់សកម្មភាពឈរបក់ដៃ ឬស្ទាក់ឡាន ម៉ូតូ ភ្ញៀវទេសចរតទៀត។



នៅក្នុងពិធី​សម្ពោធ​​រូបសំណាក «​ព្រះគណេស» កាលពីថ្ងៃទី៣១ ខែសីហា លោក សោម ពិសិទ្ធ បានលើកឡើងថា ទង្វើទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់ និងផ្លូវអារម្មណ៍ភ្ញៀវ ដែលមកកម្សាន្ត។ មិនតែប៉ុណ្ណោះ ភាពញ៉េរញ៉ៃនេះ ក៏បានបង្កើតជម្លោះពាក្យសម្ដី ឬហិង្សា រវាងអាជីវករ និងអ្នកទេសចរ ផងដែរ។  
 
អភិបាលខេត្តរូបនេះ នឹងមិនឈរខាងអាជីវករដាច់ខាត ប្រសិនបើកើតមានជម្លោះរវាងភ្ញៀវ និងអាជីករ។ លោក សោម ពិសិទ្ធ ព្រមានដូច្នេះថា៖« បើសិន មានជម្លោះរវាងអ្នកបក់ដៃ និងភ្ញៀវ ខ្ញុំឱ្យភ្ញៀវត្រូវហើយ ព្រោះថា បើបងប្អូនមិនទៅស្ទាក់ឡានគេ មិនទៅចាប់ទាញឡាន ម៉ូតូគេ ក៏គេមិនទៅប៉ះ ឬបុកបងប្អូនដែរ។ តាមខ្ញុំដឹង អ្នកខ្លះទៅចាប់ទាញកញ្ចក់ឡានគេខូច និងប៉ះពារឡានគេទៀត»។ 
 
លោក ណែនាំអាជីវករឱ្យបញ្ឈប់សកម្មភាព បក់ដៃ ឬឃាត់ឡានភ្ញៀវតទៀត ហើយត្រូវពង្រឹងសេវាកម្មរបស់ខ្លួនឱ្យល្អឡើងវិញ ជាពិសេសពាក់ព័ន្ធនឹង ម្ហូបឆ្ងាញ់ អនាម័យ តម្លៃ និងពាក្យសម្ដី ទៅកាន់ភ្ញៀវ។ 
 
លោក សោម ពិសិទ្ធ ថ្លែងដូច្នេះថា៖«ឥឡូវ ខ្ញុំសុំឱ្យឈប់បក់ដៃហៅភ្ញៀវទៀតបាន ឬអត់ ព្រោះវាអាក្រក់មើលណាស់។ ផ្ទុយទៅវិញ បងប្អូនគួរតែពង្រឹងសេវារបស់ខ្លួនឱ្យបានល្អ ដូចជា ធ្វើម្ហូបឱ្យឆ្ងាញ់ អនាម័យ តម្លៃថោកសមរម្យ និងភាពញញឹមញញែមទៅកាន់ភ្ញៀវ។ បើធ្វើឱ្យបាន មិនចាំបាច់ហត់បក់ដៃទេ ទាំងខ្ញុំ និងគេ ប្រាកដជាចូលកន្លែងបងប្អូនហើយ»៕ 
 

Tag:
 លោក សោម ពិសិដ្ឋ
  កែប
  រដ្ឋបាលខេត្តកែប
© រក្សាសិទ្ធិដោយ thmeythmey.com